
ក្រោយពីសម្តេចហ៊ុន សែន ប្រកាសសម្រេចផ្អាកផ្តល់ដីសម្បទានភ្លាម គណបក្សសិទ្ធិមនុស្ស បានហៅសេចក្ដីសម្រេចនោះ ថាជាឆាកល្ខោនបោកប្រាស អំឡុងដែលការបោះឆ្នោតខិតជិតចូលមកដល់ប៉ុណ្ណោះ ។
ក្នុងសេចក្ដីថ្លែងការណ៏របស់គណបក្សសិទ្ធិមនុស្សបានថ្លែងថា នៅឆ្នាំ១៩៦៩ ព្រៃឈើរបស់ខ្មែរមានទំហំ ៧៣ ភាគរយ នៃផ្ទៃដីទាំងមូលរបស់ប្រទេសយើង ។ នៅឆ្នាំ១៩៩៧ ព្រៃឈើនៅសល់តែ ៥៩ ភាគរយ ហើយនៅឆ្នាំ២០០៨ ព្រៃឈើខ្មែរនៅសល់តែ ៣៥ ភាគរយ នៃផ្ទៃដីទាំងមូលរបស់ប្រទេស ។
សេចក្ដីថ្លែងការណ៏នោះ បានបន្ត ថា អង្គការក្រៅរដ្ឋាភិបាលមួយ បានឲ្យដឹងថា រាជរដ្ឋាភិបាលបានធ្វើសម្បទានដីសេដ្ឋកិច្ច ឲ្យក្រុមហ៊ុនប្រមាណជា ២២៥ ក្រុមហ៊ុន កាន់កាប់ផ្ទៃដីជាង ២ លានហិកតារ លើផ្ទៃដីសរុបប្រមាណជា ៦ លានហិកតារ ។
នេះបញ្ជាក់ ឲ្យឃើញថា ប្រជាពលរដ្ឋជាង ១០ លាននាក់ កាន់កាប់ដីប្រមាណជាង ៣ លានហិកតារ ចំណែកក្រុមហ៊ុន និងឧកញ៉ា ចំនួន ២២៥ កាន់កាប់ដីជិត ៣ លានហិកតារ។
ជាមួយគ្នានោះលោក កឹម សុខា បានលើកឡើងថា ”ប្រកាសសម្រេចផ្អាកផ្តល់ដីសម្បទាន នេះ វាគ្រាន់តែជាល្បិចកលរបស់គណបក្សប្រជាជន ដើម្បីបញ្ឆោតប្រជាពលរដ្ឋឲ្យបោះឆ្នោតឲ្យគាត់សិនតែប៉ុណ្ណោះ។ វាគ្រាន់តែផ្អាកសិនទេ បោះឆ្នោតហើយគាត់ (ហ៊ុន សែន ) ធ្វើទៀត សូមកុំភ្លេច គាត់ធ្វើតែអ ញ្ចឹង..”៕
0 comments