គណបក្សសមរង្ស៊ីដែលជាគណបក្សប្រឆាំងធំទី១ក្នុងប្រទេសកម្ពុជា បានជ្រើសរើសរួចហើយនូវបេក្ខភាពសម្រាប់ឈរឈ្មោះជ្រើសរើសថ្នាក់ ដឹកនាំព្រឹទ្ធសភានាថ្ងៃទី២៤ មីនា ខាងមុខ។ នោះគឺលោក គង់ គាំ ប្រធានស្តីទីគណបក្សសមរង្ស៊ីត្រូវបានជ្រើសតាំងឲ្យឈរជាបេក្ខភាព អនុប្រធានទី២ ព្រឹទ្ធសភា។
លោក គង់ គាំ ត្រូវបានបណ្តាញព័ត៌មានក្នុងស្រុកដកស្រង់សម្តីមកចុះផ្សាយថា គណបក្សសមរង្ស៊ីបានជ្រើសតាំងរូបលោកឲ្យឈរជាបេក្ខជនអនុប្រធានទី២ ព្រឹទ្ធសភា ដើម្បីឲ្យស្ថាប័ននេះមានរូបភាពប្រជាធិបតេយ្យចម្រុះបក្ស។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក គង់ គាំ បានបន្ថែមថា លោកពុំមានសង្ឃឹមថានឹងជាប់ជាអនុប្រធានទី២ព្រឹទ្ធសភានោះទេ។ ហើយការឈរឈ្មោះរបស់លោកនេះ គឺដើម្បីបញ្ជាក់ពីចេតនានិងសុច្ឆន្ទៈរបស់គណបក្សសមរង្ស៊ីដែលចង់ ធ្វើឲ្យព្រឹទ្ធសភាមានលក្ខណៈដូចព្រឹទ្ធសភាប្រជាធិបតេយ្យនៅលើសកល លោក។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំព្រឹទ្ធសភានឹងត្រូវគេរៀបចំធ្វើ ឡើងនៅក្នុងសម័យប្រជុំលើកដំបូងរបស់ព្រឹទ្ធសភានីតិកាលទី៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១២ខាងមុខក្រោមការដឹកនាំរបស់លោក អ៊ុំ ម៉ាន្នូរីន ព្រឹទ្ធសមាជិកដែលមានវ័យចំណាស់ជាងគេគឺ៨៨ឆ្នាំ។ ការបោះឆ្នោតនេះនឹងធ្វើឡើងតាមរបៀប៥០ភាគរយបូក១៕
0 comments