
ទិដ្ឋភាពសវនាការលើសំណុំរឿង០០២កន្លងមក
ដោយ : ឆាយ ឈុនលី, ឌី សុជាតា, ចាន ប្រាថ្នា និង លឹម ជ័យទ័ត្ដ
មជ្ឈមណ្ឌលឯកសារកម្ពុជា
នៅថ្ងៃទី ១០-១២ ខែមករា ឆ្នាំ២០១២ អង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជាបានបន្ដសវនាការសួរដេញដោលចំពោះជនជាប់ចោទ នួន ជា និងដើមបណ្ដឹងរដ្ឋប្បវេណី ពីររូប ដែលមិនទាន់បានបញ្ចប់ការធ្វើសក្ខីកម្មនៅឡើយកាលពីសវនាការខែធ្នូ ឆ្នាំ២០១១ កន្លងមក។ នៅក្នុងសវនាការទាំងប ថ្ងៃនេះ អង្គជំនុំជម្រះ បានអនុញ្ញាតឱ្យសហព្រះរាជអាជ្ញាបន្ដធ្វើការសាកសួរទៅលើ ជនជាប់ចោទ នួន ជា និងផ្ដល់ឱកាសជូនក្រុមមេធាវីការពារក្ដីរបស់ជនជាប់ចោទទាំងបីរូប បន្ដធ្វើការសាក សួរទៅដើមបណ្ដឹងរដ្ឋប្បវេណី រម៉ាម យុន និង ក្លាន វ៉ិត។
១) ការឆ្លើយតបរបស់ នួន ជា
ថ្ងៃទី១០ ខែមករា ឆ្នាំ២០១២ មុនពេលចាប់ផ្ដើមសួរសំណួរដោយសហព្រះរាជអាជ្ញា លើជន ជាប់ចោទ នួន ជា មេធាវីអន្ដរជាតិការពារក្ដីឱ្យជនជាប់ចោទ នួន ជា គឺលោក ម៉ៃឃើល ផេស្ដមេន បានលើកឡើងអំពីសេចក្ដីថ្លែងការណ៍របស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅក្នុងសន្និសីទកាសែតមួយនៅប្រទេសវៀតណាម ដោយបានថ្លែងចោទប្រកាន់ថា នួន ជា ជា “ឃាតករ” និងជា “ចារីនៃបទប្រល័យពូជសាសន៍” ។ លោកមេធាវីបានស្នើសុំឱ្យតុលាការសម្រេចច្រាន ចោលសេចក្ដី ថ្លែងការណ៍របស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដោយសារការធ្វើបែបនេះនឹងនាំឱ្យប៉ះ ពាល់ដល់ គោលការណ៍ច្បាប់ដែលចែងអំពីការសន្មត់ថាគ្មានទោសរហូតដល់ពេល ត្រូវបានរកឃើញថាមានពិរុទ្ធភាព។
លោកមេធាវីបានបន្ដទៀតថា វានឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចការរដ្ឋបាល និងឯករាជ្យភាពរបស់ តុលាការ ព្រមទាំងធ្វើឱ្យមានការលំអៀងដល់ការជម្រះក្ដីប្រកបដោយយុត្ដិធម៌។ ប៉ុន្ដែការកត់សម្គាល់ របស់ក្រុម មេធាវីការពារក្ដីរបស់ជនជាប់ចោទ នួន ជា មិនត្រូវបានឆ្លើយតបដោយអង្គជំនុំជម្រះឡើយ។ មុនពេល ការចាប់ផ្ដើមសំណួរ ជនជាប់ចោទ នួន ជា បានស្នើសុំទៅអង្គជំនុំជម្រះអនុញ្ញាតឱ្យខ្លួនធ្វើសក្ខីកម្ម ត្រឹមតែពេលព្រឹក ហើយសុំសម្រាកនៅពេលរសៀលដោយលើកឡើងពីបញ្ហាសុខភាព។
បន្ទាប់មកអង្គ ជំនុំជម្រះក៏បានអនុញ្ញាតឱ្យសហព្រះរាជអាជ្ញាចាប់ផ្ដើមសួរសំណួរទៅលើ ជនជាប់ចោទ នួន ជា។ សំណួរ ដែលចោទសួរទៅជនជាប់ចោទ នួន ជា តំណាងសហព្រះរាជ្ញាអន្ដរជាតិ លោក ឌេល លីសាក់ បានផ្ដោតជាសំខាន់ទៅលើទស្សនាវដ្ដីទង់បដិវត្ដន៍ និងការធ្វើមហាសន្និបាតទាំងពីរលើករបស់បក្សកុម្មុយ និស្ដកម្ពុជា ដែលក្នុងនោះរួមមាន ការអនុម័តមាគ៌ានយោបាយរបស់បក្ស និងសមាសភាពអ្នកចូលរួមនៅ ក្នុងមហាសន្និបាត។
ក) ទស្សនាវដ្ដីទង់បដិវត្ដន៍
តំណាងសហព្រះរាជអាជ្ញាអន្ដរជាតិលោក ឌេល លីសាក់ បានអានសេចក្ដីដកស្រង់ខ្លឹមសារមួយ ចំនួនចេញពីទស្សនាវដ្ដីទង់បដិវត្ដន៍ដើម្បីឱ្យជនជាប់ចោទ នួន ជា ធ្វើការឆ្លើយតប ឬអត្ថាធិប្បាយលើខ្លឹម សារនោះ។ ជាការឆ្លើយតប ជនជាប់ចោទ នួន ជា ស្នើឱ្យព្រះរាជអាជ្ញាធ្វើការបង្ហាញនូវឯកសារទាំងនោះ ដោយផ្ទាល់ដើម្បីឱ្យខ្លួនបានពិនិត្យនិងឆ្លើយតបបាន។
តំណាងសហព្រះរាជអាជ្ញាបានយល់ព្រមទៅនឹងការ ស្នើសុំ និងបានប្រគល់ឯកសារថតចំលងនៃទស្សនាវដ្ដីទង់បដិវត្ដន៍ទៅឱ្យជនជាប់ ចោទ នួន ជា ដើម្បីពិនិត្យ ប៉ុន្ដែជនជាប់ចោទ នួន ជា បដិសេធឯកសារថតចម្លងទាំងនោះ ដោយទាមទារឱ្យសហព្រះរាជអាជ្ញាធ្វើ ការបង្ហាញនូវទស្សនាវដ្ដីទង់បដិវត្ដន៍ជាច្បាប់ដើម ដើម្បីឱ្យប្រាដកថាជាទស្សនាវដ្ដីដែលបោះពុម្ពនោះគឺធ្វើ ឡើងដោយបក្សកុម្មុយនិស្ដកម្ពុជា។ នួន ជា កត់សម្គាល់បន្ថែមថា ទស្សនាវដ្ដីទង់បដិវត្ដន៍ដែលបក្សបាន ធ្វើ គឺសរសេរដោយដៃនៅលើក្រដាសក្រមួនមិនមែនបោះជាអក្សរពុម្ពឡើយ ហើយទំហំអក្សរធំៗ គឺមិន មែនតូចដូចដែលបង្ហាញនៅក្នុងឯកសារដែលខ្លួនកំពុងមើលនោះឡើយ។
បន្ថែមលើកូនក្ដីរបស់ខ្លួនលោក មេធាវី សុន អារុណ បានលើកឡើងថា តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមត្រូវអនុវត្ដតាមច្បាប់ កម្ពុជា ពោលគឺតុលាការត្រូវបង្ហាញឯកសារដើមនៅចំពោះមុខភាគី។ ភ្លាមៗនោះ ប្រធានអង្គជំនុំជម្រះ គឺ លោកចៅក្រម និល ណុន បានបដិសេធលើសំណើខាងលើ ដោយលោកបានផ្ដល់ការណែនាំថា សំណុំ រឿង០០២ គឺជាសំណុំរឿងដែលមានទំហំធំហើយមានឯកសារជាងកន្លះលានទំព័រ ដូច្នេះតុលាការមិន អាចយកឯកសារទាំងនោះមកដាក់នៅចំពោះមុខភាគីទាំងអស់បានទេ។
តែទោះជាយ៉ាងណាឯកសារទាំង នោះត្រូវបានថតចំលងចូលក្នុងប្រព័ន្ធឯកសារអេឡិចត្រូនិចរួចរាល់ហើយ និងបានយកទៅរក្សាទុកនៅ កន្លែងដើមវិញ។ ដូច្នេះរាល់ការបង្ហាញឯកសារណាមួយនៅចំពោះមុខគូភាគីនឹងត្រូវធ្វើឡើង តាមរយៈ ប្រព័ន្ធអេឡិចត្រូនិច ដែលការធ្វើបែបនេះត្រូវបានអនុវត្ដន៍នៅក្នុងសំណុំរឿង០០១រួចមកហើយ ហើយ ការអនុវត្ដន៍របស់តុលាការព្រហ្មទណ្ឌអន្ដរជាតិផ្សេងៗទៀតក៏មាន លក្ខណៈដូចគ្នានេះដែរ។ ម្យ៉ាងវិញ ទៀត ក្នុងករណីជនជាប់ចោទ នួន ជា មិនព្រមឆ្លើយនឹងសំណួរដោយមូលហេតុទាមទាររកឯកសារច្បាប់ ដើម ត្រូវចាត់ទុកថាជនជាប់ចោទរក្សាសិទ្ធិមិនឆ្លើយតប និងអនុញ្ញាតឱ្យសហព្រះរាជអាជ្ញាអាចសួរសំណួរ បន្ទាប់លើខ្លឹមសាររបស់ឯកសារ។
បន្ទាប់ពីទទួលបានការណែនាំរបស់ប្រធានអង្គជំនុំជម្រះ ជនជាប់ចោទ នួន ជា ឆ្លើយតបទៅនឹង សំណួររបស់សហព្រះរាជអាជ្ញាទាក់ទងនឹងគោលបំណងនៃការបង្កើតទស្សនាវដ្ដី ទង់បដិវត្ដន៍ថាទង់បដិវត្ដន៍ ត្រូវបានបង្កើតឡើងដោយគណៈអចិន្ដ្រៃយ៍នៅមុនកិច្ចព្រមព្រៀងទីក្រុងហ្សឺ ណែវ។ គោលបំណងនៃ ការបង្កើតទង់បដិវត្ដន៍ គឺដើម្បីអប់រំដល់កម្មាភិបាលរបស់បក្ស ដោយសារពេលនោះមានភាពច្របូក ច្របល់ជាច្រើន ពោលគឺមានកម្មាភិបាលមួយចំនួនបានរត់ចោលជួរ និងមានមួយចំនួនបានទៅសារភាព និងរត់ចូលខ្មាំងរបស់បក្សជាដើម។
នួន ជា បានបញ្ជាក់ថា នៅក្នុងកំឡុងពេលនោះ ទង់បដិវត្ដន៍ ត្រូវបាន សរសេរដោយដៃនៅលើក្រដាសក្រមួន តែមកដល់របបកម្ពុជាប្រជាធិបតេយ្យទង់នេះត្រូវបានបោះជា អក្សរពុម្ព ដោយសារពេលនោះបក្សមានរោងពុម្ពត្រឹមត្រូវហើយ។ ចាប់ពី ពេលនោះមក ទង់បដិវត្ដន៍ ត្រូវបានជំនួសដោយទង់ក្រហមវិញ។ ទស្សនាវដ្ដីទាំងពីរមានខ្លឹមសាប្រហាក់ប្រហែលគ្នា តែខុសគ្នាត្រង់ ទស្សនាវដ្ដីទង់ក្រហមមានទង់ក្រហមចំនួនប្រាំ រីឯទស្សនាវដ្ដីទង់បដិវត្ដន៍មានទង់តែមួយ។
ខ) មហាសន្និបាតបក្សប្រជាជនបដិវត្ដន៍ខ្មែរលើកទី១
ជនជាប់ចោទ នួន ជា បានបញ្ជាក់ថា ក្រោយពីការចុះចូលរបស់ ស៊ីវ ហេង ជាមួយនឹង រដ្ឋាភិបាល លន់ នល់ នៅក្នុងឆ្នាំ ១៩៥៩ សមាជិកបក្សនៅសល់តែបុគ្គលប៉ុន្មាននាក់តែប៉ុណ្ណោះ នៅក្នុង នោះរួមមាន ទូ សាមុត សាឡុត ស ម៉ី ម៉ាន់ និង នួន ជា ខ្លួនឯងផ្ទាល់។ ទូ សាមុត មានតួនាទីជាប្រធានបក្ស នួន ជា មាននាទីជាអ្នកទទួលខុសត្រូវ និងក្ដាប់សភាពការណ៍នៅជនបទ រីឯ ប៉ុល ពត និង ម៉ី ម៉ាន់ ត្រូវបានចាត់តាំងឱ្យក្ដាប់សភាពការណ៍នៅទីក្រុងដើម្បីរៀបចំមាគ៌ា នយោបាយជាយុទ្ធសាស្ដ្រនិងយុទ្ធវិធី។ នៅមហាសន្និបាតបក្សលើកទី១ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៦០ ទូ សាមុត ត្រូវបានជ្រើសតាំង ជាលេខាបក្ស នួន ជា ជាអនុុលេខាបក្សទទួលភារកិច្ចខាងអប់រំ និងទាក់ទងជាមួយប្រទេសវៀតណាម ចំណែកឯ សាឡុត ស ត្រូវបានជ្រើសតាំងឱ្យទទួលបន្ទុកខាងទាក់ទងក្រុមបញ្ញាជន ហើយ ម៉ី ម៉ាន់ បានដកខ្លួន ចេញពីបក្សដោយសារតែស្ថានភាពគ្រួសារ។
ក្រោយមកមានតែសមាជិកបីនាក់ប៉ុណ្ណោះ ដែលនៅបន្ដ ធ្វើការ និងពង្រីកសមាជិកបក្សតាមរយៈការទាក់ទងជាមួយកម្មាភិបាលចាស់ៗ ដូចជានៅ ភូមិភាគបូព៌ា ភូមិភាគនីរតី ភូមិភាគពាយ័ព្យ និងភូមិភាគឧត្ដរជាដើម។
ជនជាប់ចោទ នួន ជា បានបន្ដបញ្ជាក់ទៅអង្គជំនុំជម្រះទៀតថា សន្និបាតលើកទី១របស់បក្ស កុម្មុយនីស្ដកម្ពុជាបានធ្វើឡើងមានរយៈពេលបីថ្ងៃ នៅខែកញ្ញា ឆ្នាំ១៩៦០ ដោយការប្រជុំនោះត្រូវបាន រៀបចំឡើងនៅក្នុងផ្ទះរបស់លោក អ៊ុក សុគន្ធ ដែលមានទីតាំងនៅម្ដុំរ៉ារទេះភ្លើង ដោយអ្នកចូលរួមទាំង អស់បានស្នាក់នៅទីកន្លែងប្រជុំនោះ ហើយធ្វើឡើងជាសម្ងាត់។
ការប្រជុំនេះគឺជ្រើសរើសយកតែ ប្រធានភូមិភាគប្រហែល ៦ ទៅ ៧ នាក់ ដែលតំណាងឱ្យភូមិភាគនីមួយៗ ឱ្យមកចូលរួមប្រជុំតែ ប៉ុណ្ណោះ។ ជនជាប់ចោទ នួន ជា បានអះអាងថា រាល់ការកែប្រែគោលនយោបាយរបស់បក្ស គឺមាន តែមហាសន្និបាតបក្សទូទាំងប្រទេសប៉ុណ្ណោះ ដែលមានសិទ្ធិធ្វើការកែប្រែបាន។ ក្រៅពីមហាសន្និ្នបាត គណៈមជ្ឈិម ឬគណៈអចិន្ដ្រៃយ៍ គឺមិនមានសិទ្ធិក្នុងការសម្រេចកែប្រែគោលនយោបាយបក្សបានឡើយ។
គ មាគ៌ាបក្សដែលសម្រេចនៅក្នុងមហាសន្និបាតលើកទី១
ដោយសារតែជនជាប់ចោទ នួន ជា បានបដិសេធមិនព្រមពិនិត្យមើលទៅលើឯកសារដែល សហព្រះរាជអាជ្ញាបង្ហាញពាក់ព័ន្ធនឹងគោលនយោបាយរបស់បក្សប្រជាជន បដិវត្ដន៍ខ្មែរ ដែលត្រូវបាន សម្រេចនៅក្នុងមហាសន្និបាតលើកទី១ លោកប្រធានអង្គជំនុំជម្រះ និល ណុន បានបង្គាប់ឱ្យក្រឡាបញ្ជី អានឯកសារស្ដីពីទង់បដិវត្ដន៍ទាក់ទងនឹងមហាសន្និបាតលើកដំបូងរបស់ បក្ស ដែលបានបែងចែងប្រភេទជន ដែល ត្រូវបានបក្សចាត់ទុកថាជាខ្មាំង។ បន្ទាប់ពីបានស្ដាប់ការអានរបស់ក្រឡាបញ្ជី ជនជាប់ចោទ នួន ជា បានបញ្ចេញប្រតិកម្មខ្លាំងៗទៅលើពាក្យថា សក្ដិភូមិ ដោយបញ្ជាក់ថាៈ
“មិនមែនមនុស្សសក្ដិភូមិទេ គឺរបបសក្ដិភូមិ ប្រតិកិរិយា បរិវាចក្រពត្ដិ ឃោរឃៅ មិនមែនរបបសក្ដិភូមិទទេៗទេ។ ដូច្នេះនិយាយមិនអស់សេចក្ដីធ្វើឱ្យតុលាការអាចនឹងភាន់ ច្រឡំ។ និយាយឱ្យអស់សេចក្ដីក្នុងឯកសារ ខ្លាចមិនមែនឯកសារខ្ញុំ។ សត្រូវវាមានពីរ ទីមួយគឺ ពួកចក្រពត្ដិឈ្លានពាន វាតទី លេបទឹកដី បំបាត់ពូជសាសន៍ ឯមួយទៀត គឺបរិវារបស់វា។ ឯសក្ដិភូមិនោះ គឺមិនមែនមនុស្សសក្ដិភូមិទេ គឺរបបសក្ដិភូមិ ដែលយើងត្រូវតស៊ូបំបាត់ ដូចជាខ្ញុំបាននិយាយហើយ របបសក្ដិភូមិនេះ គឺរឿងខ្ចីបុល បណ្ដាក់អីអស់នេះ មិនបាច់និយាយទៀតទេ។ វានៅក្នុងមាគ៌ាអស់ហើយ”។
ជនជាប់ចោទ នួន ជា ក៏បានធ្វើការកត់សម្គាល់ចំពោះសំណួររបស់សហព្រះរាជអាជ្ញាអន្ដរជាតិ ដែលសួរទាក់ទងនឹងពាក្យថា ពួកខ្ញុំបម្រើចក្រពត្ដិ ដោយបញ្ជាក់ថាៈ
“ពួកខ្ញុំបំរើចក្រពត្ដិ មានន័យថាក្បត់ជាតិឯង ចូលជាមួយចក្រពត្ដិ ធ្វើខ្ញុំបំរើចក្រពត្ដិ។ ឯពួកប្រតិកិរិយា គឺពួកដែលប្រឆាំង ប៉ុន្ដែវាមានច្រើនប្រភេទ ប្រតិកិរិយាឃោរឃៅ ប្រតិកិរិយាដោយចាំបាច់ ប្រតិកិរិយាដោយគេបង្ខំ វាត្រូវបែងចែកច្រើនទៅទៀត។ ព្រះរាជអាជ្ញាយកតែមួយម៉ាត់មកសួរ ខ្ញុំឆ្លើយមិនអស់ទេ ហើយវាមិនត្រឹមត្រូវផង”។
ជនជាប់ចោទ នួន ជា បានធ្វើការបដិសេធទៅនឹងការលើកឡើងរបស់សហព្រះរាជអាជ្ញាដែល ថា របបកម្ពុជាប្រជាធិបតេយ្យចាត់ទុកមន្ដ្រីនៃរបប លន់ នល់ ជាផ្នែកនៃពួកចក្រពត្ដិនិយម និងជាសត្រូវ និងបានស្នើឱ្យសហព្រះរាជអាជ្ញាត្រូវតែធ្វើការបែងចែកឱ្យបាន ច្បាស់លាស់ “គឺមិនមែនឱ្យតែពួកអភិជន ឬពួកសក្ដិភូមិទាំងអស់សុទ្ធតែជាសត្រូវទាំងអស់ទេមានអ្នកខ្លះល្អ អ្នកខ្លះស្នេហាជាតិដែរ។ បើចាត់ទុកពួក នេះជាសត្រូវទាំងអស់នោះ ជាតិយើងបែកបាក់ខ្ទេចខ្ទីអស់ហើយ។
បើលោកលើកយកតែមួយចំណុច មកសួរខ្ញុំ ដូចនេះវាពិបាកឆ្លើយណាស់ ព្រោះក្នុងមាគ៌ាបាននិយាយលម្អិត”។ នួន ជា បានបន្ដទៀតថា “មិនមែនឱ្យតែតាំងពីនាម៉ឺន កុង្សីយ៍ ចៅហ្វាយស្រុក រហូតដល់មេភូមិ មេឃុំ ជំទប់ ស្មៀន នោះសុទ្ធតែជាសត្រូវនោះទេ។ សត្រូវគឺពួកសក្ដិភូមិ ប្រតិកិរិយាឃោរឃៅផុត លេខ បើម៉ៅទាំងអស់ថាជាសត្រូវនោះ អស់អ្នកធ្វើបដិវត្ដហើយ។ គោលការណ៍ បក្សនោះគឺបន្ថយសត្រូវបន្ថែមមិត្ដជាអតិបរមា និងប្រមូលអ្នកស្នេហាជាតិឱ្យបានច្រើន ទោះបីជាវណ្ណៈអ្វីក៏ដោយឱ្យតែមានស្មារតីស្នេហាជាតិ។ ប្រមូលគ្រប់កម្លាំងស្នេហាជាតិ ឬកម្លាំងអព្យាក្រឹត្យដែលមិនចូលបក្សខាងណានោះក៏ប្រមូលដែរ”។
សហព្រះរាជអាជ្ញាបានស្នើសុំឱ្យជនជាប់ចោទ នួន ជា ធ្វើការបញ្ជាក់អំពីទំនាស់រវាងក្រុមអភិជន និងក្រុមម្ចាស់ដីដែលបក្សយល់ថាជាទំនាស់មួយស្រួចស្រាល់ និងបានកំណត់នៅក្នុងមហាសន្និបាតលើក ទី១។ ប៉ុន្ដែ នួន ជា បានបដិសេធសំណើនេះដោយអះអាងថា គោលការណ៍បក្សមិនដែលចាត់ទុកពួក សក្ដិភូមិ ឬអភិជនជាសត្រូវនោះទេ ហើយថែមទាំងបានឆ្លើយតបទៅកាន់សហព្រះរាជអាជ្ញាអន្ដរជាតិ ដែលកំពុងសួរដេញដោលមកលើខ្លួនថា “លោកមិនដែលស្គាល់អ្នកក្រទេ លោកទៅមើលអ្នកក្រនៅអម លាំងឯណោះ នៅប្រាំបីមុំឯណោះយ៉ាងម៉េចខ្លះ?”។
តែការលើកឡើងនេះត្រូវបានលោកប្រធានអង្គជំនុំ ជម្រះសាលាដំបូង រំលឹកដាស់តឿនឱ្យជនជាប់ចោទ នួន ជា ឆ្លើយតែសំណួរដែលសហព្រះរាជអាជ្ញាសួរ ប៉ុណ្ណោះ ចំពោះសំណួរណាដែលជនជាប់ចោទមិនមានបំណងឆ្លើយ ខ្លួនអាចបដិសេធនឹងសំណួរនោះបាន។ ឆ្លើយតបទៅលោកប្រធានអង្គជំនុំជម្រះវិញ ជនជាប់ចោទ នួន ជា លើកឡើងថា ខ្លួនគ្រាន់តែលើកជា ឧទាហរណ៍តែប៉ុណ្ណោះ ព្រោះការរស់នៅរបស់អ្នកក្រ និងអ្នកមាន គឺមានទស្សនៈផ្សេងគ្នា។
ជនជាប់ចោទ នួន ជា បានព្យាយាមបដិសេធមិនឆ្លើយតបទៅនឹងសំណួរដែលសហព្រះរាជអាជា្ញ បានចោទសួរទាក់ទងទៅនឹងការកាន់ដំណែងជំនួស ប៉ុល ពត ក្នុងករណីដែល ប៉ុល ពត មានជំងឺ ដូចជា តំណែងនាយករដ្ឋមន្ដ្រីស្ដីទី និងតួនាទីក្នុងការថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបកងទ័ព ប្រជាជនបដ្ដិវតន្ដ៍ ជាដើម។ នួន ជា បញ្ជាក់ថា ខ្លួនមិនដែលធ្លាប់បានធ្វើជានាយករដ្ឋមន្ដ្រីជំនួស ប៉ុល ពត នៅពេលដែល ប៉ុល ពត មានជំងឺឡើយ។ ការពិតខ្លួន និង ប៉ុល ពត មានគោលបំណងបណ្ដុះបណ្ដាល សុន សេន ដើម្បីបន្ដតំណែងពី ប៉ុល ពត ដោយសារនៅពេលនោះ សុន សេន ជាប្រធានសេនាធិការ មានភារកិច្ច ខាងយោធាស្រាប់។
តំណាងសហព្រះរាជអាជ្ញាអន្ដរជាតិ លោក ឌេល លីសាក់ បានអានឯកសារ ទាក់ទងនឹង មហាសន្និបាត ក្នុងឆ្នាំ១៩៦០ដែលមានសរសេរនៅក្នុងទង់បដិវត្ដន៍ និងដាក់បញ្ចាំងរូបភាពនៃ ឯកសារទាំងនោះនៅ លើអេក្រង់កុំព្យុទ័រដែលមាននៅចំពោះមុខជនជាប់ចោទ ប៉ុន្ដែ នួន ជា បានបដិសេធ នូវរាល់ឯកសារដែល បានដាក់បញ្ចាំង ហើយទាមទាររកឯកសារដើមដែលសហព្រះរាជអាជ្ញាបានបង្ហាញ នោះ។ បន្ទាប់មកជន ជាប់ចោទ នួន ជា បានបញ្ជាក់ពីគោលជំហររបស់ខ្លួនក្នុងការមិនឆ្លើយតបទៅនឹង សំណួររបស់សហព្រះ រាជអាជ្ញាទាក់ទងនឹងទង់បដិវត្ដន៍ ដោយបានប្រើប្រាស់សិទ្ធនៅស្ងៀមមិនឆ្លើយតប ទៅនឹងសំណួរ របស់ភាគី។ អង្គជំនុំជម្រះបានបញ្ជាក់ទៅជនជាប់ចោទ នួន ជា ថា ទោះបីជាជនជាប់ចោទ ប្រើប្រាស់សិទ្ធិ មិនឆ្លើយតបទៅនឹងឯកសារទង់បដិវត្ដន៍ក៏ដោយ ឯកសារនេះត្រូវបានសម្រេចដាក់ឱ្យដេញ ដោលនៅ ចំពោះមុខអង្គជំនុំជម្រះរួចរាល់ហើយ។
ឃ) មហាសន្និបាតបក្សលើកទី២
នួន ជា បានឆ្លើយតបទៅនឹងសំណួររបស់សហព្រះរាជាអាជ្ញាដែលបានសួរទាក់ទងនឹង មហាសន្និ បាតលើកទី២ថា មហាសន្និបាតបក្សលើកទី២បានរៀបចំធ្វើឡើងនៅក្នុងឆ្នាំ១៩៦៣ ក្នុងផ្ទះល្វែងមួយ នៅម្ដុំផ្លូវសាលដឺហ្គោល ដោយចំនួនអ្នកចូលរួមនៅក្នុងមហាសន្និបាតបក្សលើកទី២នេះ មានចំនួនច្រើនជាង អ្នកចូលរួមនៅក្នុងមហាសន្និបាតលើកទី១។ ជនជាប់ចោទ នួន ជា បានពន្យល់ថា តួនាទី និងដំណែង របស់សមាជិកនៅក្នុងបក្ស គឺធ្វើឡើងដោយការជ្រើសតាំង ការតែងតាំង និងការបោះឆ្នោត។
បញ្ហាសំខាន់ដែលបានសម្រេចនៅក្នុងមហាសន្និបាតលើកទី២នេះ គឺការជ្រើសតាំងសមាជិក គណៈមជ្ឈិម និងសមាជិកគណៈអចិន្ដ្រៃយ៍ថ្មី ដោយពេលនោះ ប៉ុល ពត ត្រូវបានជ្រើសតាំងជាលេខា បក្ស នួន ជា ត្រូវបានជ្រើសតាំងជាអនុលេខាបក្ស និងអៀង សារី ត្រូវបានដាក់បញ្ចូលជាសមាជិក នៃគណៈអចិន្ដ្រៃយ៍ដោយមហាសន្និបាតលើកទី២នេះ។ ជនជាប់ចោទ នួន ជា បានឆ្លើយតបទៅនឹង សំណួររបស់លោកសហព្រះរាជអាជ្ញា ឌេល លីសាក់ ទាក់ទងនឹងមូលហេតុនាំឱ្យបក្សមិនជ្រើសយកខ្លួន ធ្វើជាលេខាបក្សថា ដោយសារតែ នួន ជា មានជាប់សាច់ញាតិជាមួយនឹង ស៊ីវ ហេង ដែលត្រូវបាន ចោទប្រកាន់ថាជាជនក្បត់បក្ស ហើយម្យ៉ាងទៀតគឺដោយសារ ប៉ុល ពត មានសមត្ថភាពជាងខ្លួន ទើបធ្វើឱ្យ បក្សសម្រេចជ្រើសរើស ប៉ុល ពត ធ្វើជាលេខាបក្ស។
នៅមុនពេលបញ្ចប់នៃការសាកសួរ ភាគច្រើននៃចម្លើយដែលជនជាប់ចោទ នួន ជា បានឆ្លើយ តបទៅនឹងសំណួររបស់សហព្រះរាជអាជ្ញា គឺពាក្យថាមិនបានចងចាំពីព្រឹត្ដិការណ៍ទាំងឡាយដែលចោទសួរ ដោយសហព្រះរាជអាជ្ញាឡើយ។ ជនជាប់ចោទ នួន ជា ក៏បានស្នើទៅសហព្រះរាជអាជ្ញាឱ្យធ្វើការកំណត់ពីពេលវេលា និងព្រឹត្ដិការណ៍ ឱ្យបាន ច្បាស់លាស់នៅក្នុងសំណួររបស់ខ្លួន។
២) អង្គជំនុំជម្រះប្រកាសបន្ដកិច្ចដំណើរការសាកសួរលើដើមបណ្ដឹងរដ្ឋប្បវេណី
នៅពេលរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១២ អង្គជំនុំជម្រះបានកោះហៅដើមបណ្ដឹងរដ្ឋប្ប វេណីពីររូបគឺលោក ក្លាន វ៉ិត និងលោក រម៉ាម យុន ដែលត្រូវបានតុលាការផ្អាកកិច្ចដំណើរការ សាកសួរកាលពីសវនាការថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១១ ដោយសារតែបញ្ហាសុខភាពរបស់ អ្នកទាំងពីរ។ ដំបូង អង្គជំនុំជម្រះបានកោះហៅលោក រម៉ាម យុន ដើម្បីផ្ដល់សក្ខីកម្ម និងអនុញ្ញាតឱ្យ ក្រុមមេធាវីការពារក្ដីរបស់ជនជាប់ចោទទាំងបីរូបបន្ដធ្វើ ការសួរដេញដោល។
មេធាវីការពារក្ដីជនជាប់ចោទ នួន ជា បានក្រោកឈរបញ្ជាក់ប្រាប់ទៅអង្គជំនុំជម្រះថាខ្លួនមិន មានសំណួរសួរទៅលោក រម៉ាម យុន ឡើយ ដោយសារតែសក្ខីកម្មដែលដើមបណ្ដឹងរដ្ឋប្បវេណីរូបនេះ បានធ្វើកាលពីខែធ្នូកន្លងទៅ មិនមានតំលៃជាភស្ដុតាងចោទប្រកាន់ចំពោះកូនក្ដីរបស់ខ្លួននោះទេ។ ឆ្លើយ តបនឹងការលើកឡើងរបស់មេធាវីការពារក្ដី នួន ជា មេធាវីនាំមុខអន្ដរជាតិតំណាងដើមបណ្ដឹងរដ្ឋប្បវេណី លោកស្រី អេលីហ្សាប៊ែត ស៊ីម៉ូណូ ហ្វត បានលើកឡើងថា ការផ្ដល់សក្ខីកម្មរបស់ដើមបណ្ដឹងរដ្ឋប្បវេណី គឺធ្វើឡើងមិនត្រឹមតែមានគោលបំណងក្នុងការទាមទារសំណងនោះទេ ប៉ុន្ដែថែមទាំងបានលាតត្រដាងនូវ ការពិតរបស់ជនរងគ្រោះផងដែរ។
ទាក់ទងនឹងបញ្ហាដដែលនេះ លោក អាង ឧត្ដម មេធាវីការពារក្ដីឱ្យជនជាប់ចោទ អៀង សារី បានកត់សម្គាល់ថា អង្គជំនុំជម្រះគួរតែធ្វើការបែកចែកតួនាទីឱ្យច្បាស់រវាងដើម បណ្ដឹងរដ្ឋប្បវេណី សាក្សី និងអ្នកជំនាញ និងស្នើសុំឱ្យអង្គជំនុំជម្រះធ្វើមោឃៈភាពរាល់សក្ខីកម្មរបស់លោក រម៉ាម យុន។ ប៉ុន្ដែ សំណើនេះត្រូវបានជំទាស់ដោយ លោក ពេជ អង្គ មេធាវីនាំមុខជាតិតំណាងដើមបណ្ដឹងរដ្ឋប្បវេណី ដោយលោកបានលើកឡើងថា បើយោងតាមវិធាន២៣នៃវិធានផ្ទៃក្នុងរបស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុង តុលាការកម្ពុជាទាក់ទងនឹងការចូលរួមរបស់ដើមបណ្ដឹងរដ្ឋប្បវេណី គឺគាត់មានសិទ្ធិរៀបរាប់រាល់អង្គហេតុ ដែលគាត់បានទទួលរង និងអង្គហេតុដែលគាត់បានដឹង។
តំណាងសហព្រះរាជអាជ្ញា បានធ្វើការកត់ សម្គាល់ទៅសំណើរបស់ក្រុមមេធាវីការពារក្ដីរបស់ជនជាប់ចោទថា សវនាការនាពេលនេះគឺធ្វើឡើងដើម្បី ទុកពេលឱ្យក្រុមមេធាវីការពារក្ដីធ្វើការសាកសួរទៅលើដើម បណ្ដឹងរដ្ឋប្បវេណី មិនមែនសម្រាប់ធ្វើការ បង្ហាញពីការយល់ឃើញរបស់ខ្លួនទាក់ទងនឹងសម្ថភាពរបស់ដើមបណ្ដឹង រដ្ឋប្បវេណីនោះទេ។ ដើម្បីដោះ ស្រាយបញ្ហានេះ ប្រធានអង្គជំនុំជម្រះលោកចៅក្រម និល ណុន បានសួរទៅក្រុមមេធាវីការពារក្ដីថា តើខ្លួនមានសំណួរសួរទៅដើមបណ្ដឹងរដ្ឋប្បវេណីដែលឬទេ ដើម្បីកុំឱ្យមានការចំណាយពេលវេលាដោយ ឥតប្រយោជន៍។ បន្ទាប់មកលោកប្រធានចៅក្រមក៏បានអនុញ្ញាតឱ្យក្រុមមេធាវីការពារក្ដី របស់ជនជាប់ ចោទ អៀង សារី ធ្វើការសាកសួរដេញដោលទៅលើដើមបណ្ដឹងរដ្ឋប្បវេណី លោក រម៉ាម យុន។
១) ការបន្ដកិច្ចសាកសួរទៅលើដើមបណ្ដឹងរដ្ឋប្បវេណី រម៉ាម យុន
មេធាវីការពារក្ដី អៀង សារី បានសួរសំណួរទៅកាន់លោក រម៉ាម យុន តាមរយៈការបង្ហាញ ឯកសារដែលមាននៅក្នុងសំណុំរឿងដូចជា ឯកសារស្ដីពីបទសមា្ភសន៍រវាងមន្ដ្រីនៃការិយាល័យសហចៅ ក្រមស៊ើបអង្កេតជាមួយនឹងលោក រម៉ាម យុន ដើម្បីប្រៀបធៀបចម្លើយដែលមានក្នុងឯកសារបទ សម្ភាសន៍ទាំងនោះជាមួយនឹងចម្លើយដែលធ្វើឡើងផ្ទាល់មាត់នៅចំពោះមុខអង្គ ជំនុំជម្រះ។ ភាគច្រើននៃ ចម្លើយដែលឆ្លើយតបទៅក្រុមមេធាវីការពារក្ដីរបស់ជនជាប់ចោទ អៀង សារី ហាក់បីដូចជាមាន សភាពច្របូកច្របល់ ដោយសារតែគាត់មិនចាំពីព្រឹត្ដិការណ៍ និងមិនសូវយល់ពីសំណួរដែលចោទឡើង។
នៅពេលការសួរសំណួរកំពុងតែបន្ដ មេធាវីដើមបណ្ដឹងរដ្ឋប្បវេណីក្រោកឈរជំទាស់ទៅនឹងការសួរសំណួរ របស់មេធាវីការពារក្ដីរបស់ជនជាប់ចោទ អៀង សារី ដោយបានលើកឡើងថា មេធាវីការពារក្ដី អៀង សារី កំពុងតែទាញយកផលប្រយោជន៍ពីការបាត់បង់ការចងចាំរបស់លោក រម៉ាម យុន ដោយ ព្យាយាមសួរសំណួរដើម្បីបំបាត់តំលៃដើមបណ្ដឹងរដ្ឋប្បវេណីរូបនេះ ទោះបីជាខ្លួនបានដឹងហើយថាលោក រម៉ាម យុន មានវ័យចាស់ជរានិងបាត់បង់ការចងចាំ។
ប៉ុន្ដែការជំទាស់នេះត្រូវបានអង្គជំនុំជម្រះ បដិសេធ ដោយបញ្ជាក់ថា ដើមបណ្ដឹងរដ្ឋប្បវេណីរូបនេះ គឺត្រូវបានអង្គជំនុំជម្រះជ្រើសរើសចេញពី បញ្ជីឈ្មោះ ដែលសហមេធាវីនាំមុខតំណាងដើមបណ្ដឹងរដ្ឋប្បវេណីបានដាក់ជូនមក អង្គជំនុំជម្រះ ហេតុនេះ អង្គជំនុំ ជម្រះចាត់ទុកថា ដើមបណ្ដឹងរដ្ឋប្បវេណីដែលមានឈ្មោះនៅក្នុងបញ្ជីនោះគឺមានគុណសម្បត្ដិ គ្រប់ គ្រាន់ក្នុងការផ្ដល់សក្ខីកម្ម។
បន្ទាប់ពីក្រុមមេធាវីការពារក្ដីរបស់ជនជាប់ចោទ អៀង សារី អង្គជំនុំជម្រះបានផ្ដល់វេទិការ សួរដេញដោលនេះទៅក្រុមមេធាវីការពារក្ដីជនជាប់ចោទ ខៀវ សំផន ប៉ុន្ដែក្រុមមេធាវី ខៀវ សំផន បានបញ្ជាក់ថាខ្លួនមិនមានសំណួរសួរទៅកាន់លោក រម៉ាម យុន នោះទេ ដោយសារសក្ខីកម្មរបស់គាត់ មិនមានចំណុចពាក់ព័ន្ធនឹងកូនក្ដីខ្លួន។ បន្ទាប់មកលោកប្រធានអង្គជំនុំជម្រះ និល ណុន បានប្រគល់វេទិការ ទៅលោកចៅក្រម ហ្សង់ម៉ាក ឡាវ៉ែញ សួរសំណួរមួយចំនួនទាក់ទងនឹង ព្រឹត្ដិការណ៍ដែលកើតឡើងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ និងអ្វីដែលគាត់ដឹងទាក់ទងនឹងការដួល រលំនៃទីក្រុងភ្នំពេញ ប៉ុន្ដែភាគច្រើននៃសំណួរទាំងអស់នោះត្រូវបានលោក រម៉ាម យុន ឆ្លើយតបទៅ វិញថា គាត់មិនចាំព្រឹត្ដិការណ៍ទាំងអស់នោះទេ។ បន្ទាប់ពីបញ្ចប់ការសាកសួរដេញដោលទៅលើដើម បណ្ដឹងរដ្ឋប្បវេណីលោក រម៉ាម យុន អង្គជំនុំជម្រះបានកោះហៅដើមបណ្ដឹងរដ្ឋប្បវេណីមួយរូបទៀត គឺលោក ក្លាន វ៉ិត ដើម្បីបន្ដកិច្ចដំណើរការសាកសួរដេញដោល។
២) ការបន្ដកិច្ចសាកសួរទៅលើដើមបណ្ដឹងរដ្ឋប្បវេណី ក្លាន វ៉ិត
ដើមបណ្ដឹងរដ្ឋប្បវេណី ក្លាន វ៉ិត ត្រូវបានបន្ដសួរដេញដោល បន្ទាប់ពីការផ្អាកដំណើរការសាក សួរកាលពីសវនាការនាអំឡុងពេលខែធ្នូកន្លងមក។
ក) សហព្រះរាជអាជ្ញាសាកសួរដើិមបណ្ដឹងរដ្ឋប្បវេណី ក្លាន វ៉ិត
ដើមបណ្ដឹងរដ្ឋប្បវេណី លោក ក្លាន វ៉ិត បានរៀបរាប់ប្រាប់សហព្រះរាជអាជ្ញាថា នៅឆ្នាំ ១៩៧៥មុនពេលទីក្រុងភ្នំពេញត្រូវបានរំដោះ ជនជាប់ចោទ អៀង សារី បានហៅលោកឱ្យទៅប្រជុំ នៅមន្ទីរក-៥។ ពេលទៅដល់ទីនោះ អៀង សារី បាននិយាយមកកាន់លោកថា “តើឯងចូលបដិវត្ដន៍ទេ មនុស្ស៩០នាក់គេចាំឯងតែមួយថ្ងៃស្មើនឹង៩០ថ្ងៃ តើជាការត្រឹមត្រូវទេ?” លោក ក្លាន វ៉ិត បាន បន្ដថា ចាប់តាំងពីពេលនោះមក គាត់មានអារម្មណ៍ថាខ្លាចជនជាប់ចោទ អៀង សារី រហូត សូម្បីតែ បច្ចុប្បន្ននេះក៏លោកនៅតែខ្លាចដដែល។ លោក ក្លាន វ៉ិត បានបន្ដថា ខ្លួនធ្លាប់បានចូលរួមប្រជុំជាមួយ អៀង សារី ចំនួនពីរលើក លើកទី១គឺនៅភូមិចាយ និងលើកទី២គឺនៅមន្ទីរក-៥ ដោយការប្រជុំនោះ មិនមានវត្ដមានរបស់មេដឹកនាំផ្សេងទៀតនោះទេ។
ទាក់ទងទៅនឹងជនជាប់ចោទ នួន ជា ដើមបណ្ដឹងរដ្ឋប្បវេណីរូបនេះបានបញ្ជាក់ប្រាប់ទៅសហ ព្រះរាជអាជ្ញាថា នៅចន្លោះ ខែកក្កដា ដល់តុលា ឆ្នាំ១៩៧៥ លោកបានជួបជាមួយនឹងជនជាប់ចោទ នួន ជា ចំនួនពីរលើកនៅពេលដែលលោកចូលរួមនៅក្នុងវគ្គរៀនសូត្រនយោបាយដែល មានអ្នកចូលរួម ប្រហែល៤០០នាក់។ ពេលនោះលោកមិនដឹងថា នួន ជា មានឋានៈជាអ្វីនោះទេ គ្រាន់តែដឹងថា ពេលខ្លួន មកប្រជុំនោះ មានសមាជិកគណៈមជ្ឈិមបានចូលរួម ដែលក្នុងនោះរួមមាន ប៉ុល ពត នួន ជា អៀង សារី និងកម្មាភិបាលខ្មែរក្រហមមួយចំនួនទៀត។ ដែលនៅក្នុងវគ្គរៀនសូត្រនោះមាន នួន ជា គឺជាអ្នកបង្វឹក ដោយបាននិយាយពីគោលការណ៍ និងវិន័យរបស់បក្សកុម្មុយនីស្ដកម្ពុជា។ បក្សក៏បានរៀប ចំឱ្យមានការ បែងចែកឈ្លបទៅតាមភូមិ ដោយមួយភូមិមាន២០ និងមានកាំភ្លើង២០ដើម ដើម្បីការពារកុំ ឱ្យខ្មាំងបង្ក សង្គ្រាម។
នៅពេលដែលសហព្រះរាជអាជ្ញាសួរសំណួរទាក់ទងទៅនឹងជនជាប់ចោទ ខៀវ សំផន ដើមបណ្ដឹងរដ្ឋប្បវេណី លោក ក្លាន វ៉ិត បានឆ្លើយថា មុនពេលរំដោះទីក្រុងភ្នំពេញខ្លួនមិនដែលបានជួប ខៀវ សំផន នោះទេ គឺគ្រាន់តែធ្លាប់ឮឈ្មោះប៉ុណ្ណោះនៅពេលទៅប្រជុំនៅមន្ទីរក-៥ នៅក្នុងព្រៃ។ ក្រោយ មកពេលទៅប្រជុំនៅភ្នំពេញ លោកបានឃើញខ្មែរក្រហមដឹកប្រជាជនទាំងឡានៗ មកពីខេត្ដព្រៃវែង និង តាកែវដោយសារតែខ្មែរក្រហមយល់ថាប្រជាជនទាំងនោះរស់នៅជិតព្រំប្រទល់យួន ។ ប្រជាជនដែល ជម្លៀសមកពីទីក្រុងភ្នំពេញមានជួបការលំបាកច្រើន ពីព្រោះសូម្បីតែប្រជាជននៅក្នុងភូមិខ្លួនក៏ពិបាកដែរ ពេលមានការប្ដូរទីតាំងពីភូមិមួយទៅភូមិមួយទៀត។
ខ)មេធាវីការពារក្ដីរបស់ជនជាប់ចោទសាកសួរដើមបណ្ដឹងរដ្ឋ្ឋប្បវេណី ក្លាន វ៉ិត
* មេធាវីការពារក្ដី នួន ជា
ក្រោយពេលបានស្ដាប់ការធ្វើសក្ខីកម្មរបស់ដើមបណ្ដឹងរដ្ឋប្បវេណី ទាក់ទងនឹងកូនក្ដីរបស់ខ្លួនគឺជន ជាប់ចោទ នួន ជា រួចមក មេធាវីការពារក្ដី លោក ស៊ុន អារុណ បានសួរទៅកាន់ដើមបណ្ដឹងរដ្ឋប្បវេណី លោក ក្លាន វ៉ិត ទាក់ទងនឹងភិនភាគរបស់ជនជាប់ចោទ នួន ជា ដែលដើមបណ្ដឹងរដ្ឋប្បវេណីរូបនេះ អះអាងថាបានជួបនៅអំឡុងពេលនៃវគ្គរៀនសូត្រនយោបាយ និងទិដ្ឋភាពនៃការជម្លៀសប្រជាជនដែល លោកបានឃើញ។ លោក ក្លាន វ៉ិត ឆ្លើយតបទៅនឹងសំណួរទាំងនេះថា ដោយប្រាកដក្នុងចិត្ដថាគាត់ ពិតជាបានឃើញ នួន ជា នៅក្នុងកិច្ចប្រជុំនោះរៀនសូត្រនោះមែន។
ទាក់ទងនឹងការជម្លៀសប្រជាជន វិញ នៅពេលលោកទៅប្រជុំ នៅភូមិស្រែគរ ខេត្ដស្ទឹងត្រែង លោក ក្លាន វ៉ិត បានឃើញគេយក ប្រជាជនដែលមកពីភ្នំពេញប្រហែល៨០០ទៅ ៩០០នាក់ ឱ្យទៅលើកទំនប់ទាំងយប់ទាំងថ្ងៃ ដោយសារ តែនៅក្នុងភូមិខ្វះកម្លាំងធ្វើការ។ ពេលដែលគាត់ត្រូវបានគេ ហៅឱ្យទៅភ្នំពេញនៅឆ្នាំ១៩៧៨ លោក ក្លាន វ៉ិត និយាយថាគាត់បានឃើញទីក្រុងភ្នំពេញមានសភាពស្ងាត់ជ្រងំ មិនមានឡានម៉ូតូអ្វីទេ។ ឆ្លើយតបទៅនឹងសំណួររបស់លោកមេធាវី ស៊ុន អារុណ ដែលសួរថា តើហេតុអ្វីបានជាលោកសម្រេច ចិត្ដដាក់ពាក្យបណ្ដឹង លោក ក្លាន វ៉ិត បានឆ្លើយថា ការសម្រេចដាក់ពាក្យបណ្ដឹងដោយសារលោកខឹងនឹង ក្រុមមេដឹកនាំខ្មែរក្រហម។ ដោយលោកបានអះអាងថា “ឧទាហរណ៍ ដូចខ្ញុំឈប់ ខ្ញុំចង់បានរស់ បើថា ការអាក្រក់ ការស្អី ដូចធ្វើមិនមែនដោយខ្លួនឯង ធ្វើដោយសារអ៊ំៗ តាៗហ្នឹងហើយនាំខ្ញុំធ្វើ។ ដល់ចុង បំផុតថាមិនល្អទៀត។ អាហ្នឹង ខ្ញុំខឹង។”
* មេធាវីការពារក្ដី អៀង សារី
បន្ទាប់ពីក្រុមមេធាវីការពារក្ដីរបស់ជនជាប់ចោទ នួន ជា មេធាវីការពារក្ដីរបស់ជនជាប់ចោទ អៀង សារី គឺលោក អាង ឧត្ដម បានផ្ដើមសួរសំណួរមួយចំនួនទាក់ទងនឹងដំណើរការនៃការដាក់ពាក្យ បណ្ដឹងសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីរបស់លោក ក្លាន វ៉ិត។ លោកមេធាវីបានធ្វើការកត់សម្គាល់ថា ឯកសារពាក្យបណ្ដឹងរបស់លោក ក្លាន វ៉ិត និងលោក រម៉ាម យុន ការសរសេរគឺមានកាលបរិច្ឆេទ និងពត៌មានដូចគ្នាស្ទើរតែទាំងស្រុង ខុសតែឈ្មោះប៉ុណ្ណោះ។ បើមើលទៅសភាពជាក់ស្ដែង ដើមបណ្ដឹង រដ្ឋប្បវេណីទាំងពីរមិនចេះអក្សរនោះទេ ដូច្នេះខ្លួនមានការព្រួយបារម្ភថាឯកសារនេះមិនចេញពីឆន្ទៈរបស់ អ្នកឆ្លើយទោះបីជាមានការផ្ដិតមេដៃពីសំណាក់អ្នកទាំងពីរក៏ដោយ។ ការកត់សម្គាល់នេះត្រូវបានសហ មេធាវីនាំមុខតំណាងដើមបណ្ដឹងរដ្ឋប្បវេណីបានធ្វើការជំទាស់ ប៉ុន្ដែលោកប្រធានអង្គជំនុំជម្រះ និល ណុន ច្រានចោលចំពោះការជំទាស់នេះ។
បន្ទាប់មកអង្គជំនុំជម្រះបានផ្ដល់វេទិការដល់មេធាវីការពារ ជនជាប់ចោទ ខៀវ សំផន ដើម្បី ធ្វើការសាកសួរបន្ដប៉ុន្ដែមេធាវីការពារក្ដីបានលើកឡើងថាខ្លួនមិន មានសំណួរសួរទៅកាន់ដើមបណ្ដឹងរដ្ឋប្ប វេណីឡើយ ដោយសារការឆ្លើយរបស់ដើមបណ្ដឹងរដ្ឋប្បវេណីមិនមានការពាក់ព័ន្ធនឹង កូនក្ដីរបស់ខ្លួន។
៣) ខៀវ សំផន បញ្ជាក់ជូនចៅក្រមសារជាថ្មីពីគោលជំហរមិនឆ្លើយតបទៅនឹងសំណួរ
នៅពេលចាប់ផ្ដើម នៃសវនាការ ពេលរសៀល នៃសវនាការ ថ្ងៃទីបី គឺថ្ងៃទី១២ ខែមករា ឆ្នាំ២០១២ លោកប្រធានអង្គជំនុំជម្រះ និល ណុន បានកោះហៅជនជាប់ចោទ ខៀវ សំផន មកកាន់រង្វង់ក្រចកសេះ ដើម្បីធ្វើការសាកសួរ។ ភ្លាមៗនោះ លោកមេធាវី គង់ សំអុន មេធាវីការពារក្ដីរបស់ ខៀវ សំផន បាន ក្រោកឈរឡើង និងសួរទៅលោកប្រធានអង្គជំនុំជម្រះថា តើអង្គជំនុំជម្រះនឹងសួរពីអ្វីទៅលើកូនក្ដីរបស់ ខ្លួន តើសួរពីប្រវត្ដិសាវតាររបស់ ខៀវ សំផន ឬសួរពីប្រវត្ដិបក្សកុម្មុយនីស្ដកម្ពុជា។ ដោយមិនទាន់ ឆ្លើយតបនឹងសំណួររបស់លោកមេធាវី សំអុន លោកប្រធានចៅក្រម និល ណុន បានបញ្ជាឱ្យអនុរក្ស ពន្ធនាគារនាំយកជនជាប់ចោទ ខៀវ សំផន មកកាន់រង្វង់ក្រចកសេះ។
លោកប្រធានអង្គជំនុំជម្រះបានបញ្ជាក់ទៅកាន់លោកមេធាវី គង់ សំអុន ថា ការកោះហៅជនជាប់ ចោទ ខៀវ សំផន មកកាន់រង្វង់ក្រចកសេះ គឺដើម្បីសួរបញ្ជាក់ឱ្យបានច្បាស់ពីជំហររបស់ជនជាប់ចោទ ក្នុងការឆ្លើយតបទៅនឹងសំណួររបស់ភាគី។ ជនជាប់ចោទ ខៀវ សំផន បានក្រោកឈរបញ្ជាក់ជូនអង្គ ជំនុំជម្រះថា បើអង្គជំនុំជម្រះកោះហៅរូបខ្លួនឱ្យចូលរង្វង់ក្រចកសេះ ដើម្បីគ្រាន់តែសាកសួរដេញដោល អំពីប្រវត្ដិបក្សកុម្មុយនីស្ដ ខ្លួននឹងមិនមានអ្វីត្រូវឆ្លើយតបទៀតឡើយ ព្រោះក្នុងសេចក្ដីថ្លែងការណ៍កាល ពីសវនាការថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១១ កន្លងមក ខ្លួនធ្លាប់បានបញ្ជាក់ម្ដងរួចទៅហើយពីបញ្ហានេះ រីឯ បញ្ហាទាក់ទងនឹងរចនាសម្ព័ន្ធរដ្ឋបាលរបស់បក្សកុម្មុយនីស្ដកម្ពុជា មិនទាន់ដល់ពេលដែលខ្លួនត្រូវឆ្លើយតប នៅឡើយទេ។ ទីបំផុត ខៀវ សំផន បានមកកាន់កន្លែងវង់ក្រចកសេះតាមការបញ្ជារបស់ចៅក្រម។
ដើម្បីឱ្យកាន់តែច្បាស់បន្ថែមទៀត ប្រធានអង្គជំនុំជម្រះលោកចៅក្រម និល ណុន បានប្រគល់ ភារៈជូនទៅលោកចៅក្រម ហ្សង់ម៉ាក ឡាវ៉ែញ ដើម្បីសួរបញ្ជាក់ពីគោលជំហររបស់ជនជាប់ចោទ ខៀវ សំផន។ លោកចៅក្រម ឡាវ៉ែញ បានបញ្ជាក់ទៅកាន់ជនជាប់ចោទ ខៀវ សំផន ថា សវនាការនាពេល នេះគឺជាការផ្ដល់ឱកាសឱ្យជនជាប់ចោទ ខៀវ សំផន ឆ្លើយតប ឬធ្វើការកត់សម្គាល់ទៅនឹងការដាក់ភស្ដុតាង របស់ភាគីផ្សេងៗ។ លោកមេធាវីជាតិ គង់ សំអុន បានក្រោកឈរឡើងបញ្ជាក់ជូនទៅអង្គជំនុំជម្រះ សារជាថ្មីថា កូនក្ដីរបស់ខ្លួននៅតែប្រកាន់ជំហរមិនឆ្លើយតបទៅនឹងការចោទសួរណាមួយ របស់ភាគី ព្រោះ ខៀវ សំផន ធ្លាប់បានបញ្ជាក់ច្បាស់ៗជូនអង្គជំនុំជម្រះរួចហើយពីបញ្ហានេះ ហើយអង្គជំនុំជម្រះក៏បាន យល់ស្របផងដែរ។ បន្ថែមទៅលើការលើកឡើងរបស់មេធាវីរបស់ខ្លួន ជនជាប់ចោទ ខៀវ សំផន ថាខ្លួននឹងមិនផ្លាស់ប្ដូរជំហរឡើយ និងបានស្នើឱ្យចៅក្រម ឡាវ៉ែញ មិនចាំបាច់សាកសួរមកលើខ្លួនដើម្បី កុំឱ្យខាតពេលវេលា។
ទោះបីជាមានការបដិសេធពីសំណាក់ជនជាប់ចោទ ខៀវ សំផន យ៉ាងណាក៏ដោយ លោក ប្រធានចៅក្រម និល ណុន នៅតែបានអនុញ្ញាតឱ្យលោកចៅក្រម ឡាវ៉ែញ ធ្វើការបំភ្លឺជនជាប់ចោទ ខៀវ សំផន ពីបញ្ហាពាក់ព័ន្ធនឹងការដាក់ឯកសារ និងអនុញ្ញាតឱ្យធ្វើការកត់សម្គាល់ ឬប្រតិកម្មឆ្លើយតប ទៅនឹងឯកសារទាំងនោះ និងដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ថាតើឯកសារដែលដាក់នៅនឹងចំពោះ មុខជន ជាប់ចោទ ខៀវ សំផន អាចទទួលយកបានដែរ ឬទេ។ ឯកសារដែលដាក់ចូលទៅក្នុងសំណុំរឿងទាំងអស់ នោះ ក៏មានសៀវភៅដែលនិពន្ធដោយជនជាប់ចោទ ខៀវ សំផន ខ្លួនឯងផងដែរ។ បន្ទាប់មកលោក ចៅក្រម ឡាវ៉ែញ បានអានចម្លើយរបស់ជនជាប់ចោទ ខៀវ សំផន ដែលបានឆ្លើយតបទៅសហចៅ ក្រមស៊ើបអង្កេត និងសួរទៅ ខៀវ សំផន ថា តើមានប្រតិកម្មអ្វីចំពោះឃ្លាទាំងឡាយដែលលោកចៅក្រម បានអានដែរ ឬទេ។ ជនជាប់ចោទ ខៀវ សំផន នៅតែបន្ដលើកឡើងពីសេចក្ដីថ្លែងការណ៍របស់ខ្លួន កាលពីសវនាការថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១១ និងបដិសេធចំពោះសំណើដែលលោកចៅក្រម ឡាវ៉ែញ ស្នើឱ្យធ្វើការបញ្ជាក់។
លោកមេធាវី សំអុន បានក្រោកឈរជំទាស់ទៅនឹងការសួរសំណួររបស់លោកចៅក្រម ឡាវ៉ែញ មកលើកូនក្ដីរបស់ខ្លួនសារជាថ្មី ដោយអះអាងថា ប្រសិនបើលោកចៅក្រម ឡាវ៉ែញ នៅតែបន្ដសួរសំណួរ មកលើកូនក្ដីរបស់ខ្លួនដែលប្រកាន់ជំហរមិនឆ្លើយតប វានឹងក្លាយទៅជាការរំលោភទៅលើសិទ្ធិរបស់ជន ជាប់ចោទ ដែលសិទ្ធិទាំងនោះមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា និងវិធានផ្ទៃក្នុងរបស់អង្គជំនុំ ជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
លោកចៅក្រម ឡាវ៉ែញ បានបន្ដស្នើឱ្យជនជាប់ចោទ ខៀវ សំផន ធ្វើការបញ្ជាក់ទៅលើសៀវភៅ ដែលជាស្នាដៃនិពន្ធដោយជនជាប់ចោទខ្លួនឯង ប៉ុន្ដែ ខៀវ សំផន មិនបានឆ្លើយតបចំពោះសំណើនេះ ឡើយ។ មេធាវីការពារក្ដី ខៀវ សំផន នៅតែព្យាយាមជំទាស់ចំពោះការព្យាយាមធ្វើឱ្យកូនក្ដីរបស់ខ្លួន ឆ្លើយ លោកមេធាវី សំអុន បានផ្ដល់អំណះអំណាងទៅលោកប្រធានអង្គជំនុំជម្រះ និល ណុន ចំពោះការ ជំទាស់នេះថាលោកចៅក្រម ឡាវ៉ែញ គ្រាន់តែផ្លាស់ប្ដូរវិធីសាស្ដ្រពីការចោទសួរ មកជាការឱ្យកូនក្ដីរបស់ ខ្លួនធ្វើការបកស្រាយប៉ុណ្ណោះ កត្ដានេះបង្ហាញថាកូនក្ដីរបស់ខ្លួននឹងមិនអាចអនុវត្ដសិទ្ធិក្នុង ការមិនឆ្លើយ តបបានឡើយ ហើយវាគឺជាការរំលោភមកលើសិទ្ធិរបស់ជនជាប់ចោទ។
ការជំទាស់របស់លោកមេធាវី គង់ សំអុន បានធ្វើឱ្យលោកប្រធានចៅក្រម និល ណុន ស្នើឱ្យលោក ចៅក្រម ឡាវ៉ែញ បញ្ជាក់តែអំពីឯកសារដែលទាក់ទងនឹងជនជាប់ចោទ ខៀវ សំផន តែប៉ុណ្ណោះ។
មុនពេលបញ្ចប់កិច្ចដំណើរការនីតិវិធីសវនាការ សហព្រះរាជអាជ្ញាបានស្នើសុំទៅអង្គជំនុំជម្រះ ឱ្យសាកសួរពីចេតនារបស់ជនជាប់ចោទ ខៀវ សំផន ចំពោះការឆ្លើយតបទៅនឹងអង្គហេតុពាក់ព័ន្ធនឹង រចនាសម្ព័ន្ធរដ្ឋបាលរបស់របបកម្ពុជាប្រជាធិបតេយ្យ នៅពេលណាដែលការសួរដេញដោលទៅលើអង្គ ហេតុពាក់ព័ន្ធទៅនឹងប្រវត្ដិបក្សកុម្មុយនីស្ដកម្ពុជាត្រូវបានបញ្ចប់ ។
មុនដំបូងលោកមេធាវី គង់ សំអុន បានបញ្ជាក់ចំពោះបញ្ហានេះថា កូនក្ដីរបស់ខ្លួននឹងធ្វើសេចក្ដី ថ្លែងការណ៍ដូចជាសវនាការសម្រាប់វគ្គទីមួយ។ ប៉ុន្ដែក្រោយមក លោកមេធាវីបានស្នើសុំពិភាក្សាជាមួយ នឹងកូនក្ដីរបស់ខ្លួនជាមុនសិន។ ក្រោយពីការពិភាក្សា ជនជាប់ចោទ ខៀវ សំផន បានបញ្ជាក់ថា ខ្លួនមិន ទាន់អាចឆ្លើយតបបានទេ ដោយរង់ចាំការពិចារណា។
មុនបញ្ចប់កិច្ចដំណើរការនីតិវីធី លោកប្រធានអង្គជំនុំជម្រះ និល ណុន បានជូនដំណឹងថា សវនាការ ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១២ អង្គជំនុំជម្រះនឹងបន្ដកិច្ចដំណើរការនីតិវិធីទាញហេតុផល ផ្ទាល់មាត់ទៅលើឯកសារនានា។ នៅក្នុងសវនាការនេះនឹងមិនមានវត្ដមានលោកស្រីចៅក្រម ស៊ីលវៀ ខាតវ្រ៉ាយត៍ ឡើយ ដោយសារលោកស្រីជាប់រវល់ជាមួយនឹងកិច្ចការផ្ទាល់ខ្លួន ហើយលោកស្រីចៅក្រម ក្លោឌៀ ហ្វេន ដែលជាចៅក្រមបម្រុងខាងភាគីបរទេសនឹងចូលមកជំនួសក្នុងអំឡុងពេលនៃការ អវត្ដមាន របស់លោកស្រីចៅក្រម ខាតវ្រ៉ាយត៍៕
0 comments