ដោយ : សុខ ភក្តី
ថ្ងៃទី 20 កុម្ភៈ 2012
CEN
លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច អមដោយឆ្មាំពន្ធនាគារ នៅក្នុងរង្វង់ក្រចកសេះ ពេលតុលាការកំពូល ប្រកាសសាលដីកាស្ថាពរ បិទផ្លូវតវ៉ា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២៕
លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច អមដោយឆ្មាំពន្ធនាគារ នៅក្នុងរង្វង់ក្រចកសេះ ពេលតុលាការកំពូល ប្រកាសសាលដីកាស្ថាពរ បិទផ្លូវតវ៉ា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២៕
ភ្នំពេញ:នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២២០១២ អ្នកនាំពាក្យ​តុលាការ​ខ្មែរក្រហម លោក នេត្រ ភ​ក្ត្រា បាន​បញ្ជូន​តាម​អ៊ី​ន​ថឺ​ណេ​តនូវ​កម្រង​ពាក្យ​សូម​អភ័យទោស​របស់លោក កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច អតីត​មេ​គុក​ទួលស្លែង នៅក្នុង​អំឡុង​ពេល​សវ​នា​ការ​កន្លងមក ដែល​រៀបចំឡើង​ដោយ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរក្រហម​។ កម្រង​ពាក្យ​សូម​ទោស​របស់ ឌុ​ច ត្រូវបាន​អង្គជំនុំជម្រះ​តុលាការ​សាលាដំបូង និង​តុលាការ​កំពូល របស់​តុលាការ​ខ្មែរក្រហម សម្រេច​ឲ្យ​បោះពុម្ពផ្សាយ ដើម្បី​ជា​សំណង​ដល់​ជនរងគ្រោះ​។​
ឌុ​ច ត្រូវបាន​តុលាការ​កំពូល របស់​តុលាការ​ខ្មែរក្រហម កាលពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១២ បាន​ចេញ​សាលក្រម​ស្ថាពរ បិទផ្លូវ​តវ៉ា សម្រេច​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ចំពោះ​ឧក្រិដ្ឋកម្ម​សម្លាប់​មនុស្ស នៅ​គុក​ទួលស្លែង ឬ​ស ២១ ក្នុងសម័យ​ខ្មែរក្រហម​។​
សេចក្តីប្រកាស​របស់​អ្នកនាំពាក្យ​តុលាការ​ខ្មែរក្រហម នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ បង្ហាញថា ខ្លឹមសារ​នៃ​ពាក្យ​សូម​អភ័យទោស​របស់​ឌុ​ច ត្រូវ​
បាន​ដកស្រង់​ចេញពី​ពាក្យពេចន៍ ដែល​ឌុ​ច បាន​និយាយ​នៅក្នុង​សាល​សវនាការ​រយៈពេល ៧៧ ថ្ងៃ​។ សម្រាប់​វិទ្យុ សាលាក្តី​មាន​សំឡេង​ជូន​សម្រាប់​ចាក់ ផ្សាយ​នៅ​ក្នុង​ពេលវេលា​ណា​មួយ​សមស្រប​។ ចំណែក​ទូរទស្សន៍ សាលាក្តី នឹង​រៀបចំ​ជូន​នូវ​វីដេអូ ចំពោះ​ពាក្យពេចន៍​របស់​ឌុ​ច សូម​អភ័យទោស​ទាំងអស់នេះ​ផងដែរ​។
ខាងក្រោម​នេះ ជា​ពាក្យ​សូម​អភ័យទោស​របស់ កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ​ឌុ​ច​
នៅក្នុង​អំឡុង​ពេល​សវ​នា​ការ​កន្លងមក​៖
-​ប្រតិ​ចារិក​ថ្ងៃទី ៣១ ខែ​មីនា ឆ្នាំ​២០០៩ ទំព័រ​៥២ [​បន្ទាត់​១៤-២៥]  ដល់​ទំព័រ​៥៦ [​បន្ទាត់​១-២១]៖ “​ដំបូង ខ្ញុំ​សូម​បញ្ជាក់​អំពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា​ខ្លះ
តាម​តម្រាយ ដែល​សហ​ព្រះរាជអាជ្ញា លោក​មានប្រសាសន៍​រួចមកហើយ​។ ខ្ញុំ​សូមបញ្ជាក់ថា ប្រជាជន​កម្ពុជា រងទុក្ខវេទនា ដោយ​ការកាប់​សម្លាប់​នេះ​យូរ​ឆ្នាំ​ហើយ គឺ​ចាប់តាំងពី​ឆ្នាំ​១៩៦៦ ដែល​ឧត្ដមសេនីយ៍ លន់ នល់ គាត់​កាប់​សម្លាប់​កសិករ នៅ​សំឡូត​។ បន្ទាប់មក​ទៀត​រដ្ឋប្រហា​រ ១៨​មីនា ភាគ​នយោបាយ​ទាំងអស់ ប្រណាំងប្រជែង​គ្នា​កាប់សម្លាប់ ប្រជាជន​កម្ពុជា​រហូត​ដល់​ថ្ងៃ​១៧ មេសា ១៩៧៥ ទើប ឧក្រិដ្ឋ​កម្មនេះ វា​ធ្លាក់​ផ្ដាច់មុខ ទៅលើ​បក្ស​កុម្មុយនីស្ត​កម្ពុជា​។ នេះ​តម្រាយ​ប្រវត្តិសាស្ត្រ​ដែល​ខ្ញុំ​សូម​លើក​ជូន​អង្គប្រជុំ ស្រប​តាម​តម្រាយ ដែល​សហ​ព្រះរាជអាជ្ញា​ព្រឹក​មិញ លោក​មានប្រសាសន៍​។​ ​តទៅ​នេះ ខ្ញុំ​សូម​បញ្ជាក់​អំពី​គោលជំហរ​ខ្ញុំ ដូចតទៅ​៖ ពី​ថ្ងៃ​១៧ មេសា ១៩៧៥ ដល់​ថ្ងៃ​៦ មករា ១៩៧៩ បក្ស​កុម្មុយនីស្ត​កម្ពុជា ជា​អ្នកទទួលខុត​ត្រូវផ្ដា​ច់​មុខ​លើ​ឧក្រិដ្ឋកម្ម នៅ​កម្ពុជា ភស្ដុតាង​សំខាន់​គឺ លក្ខន្តិកៈ​បក្ស​ឆ្នាំ​១៩៧៦​។ ទំព័រ​ទី​១ នៃ​លក្ខន្តិក​នេះ សរសេរ​ជា​អាទិ៍​ថា “​ក្រោយ​ពី​ដឹកនាំ​សម្រេច​បដិវត្តន៍​ប្រជាជាតិ​ប្រជាធិបតេយ្យ បាន​ទាំងស្រុង និង​ជា​ស្ថាពរ នៅ​ថ្ងៃ​១៧ មេសា ១៩៧៥ មក បក្ស​កុម្មុយនីស្ត​កម្ពុជា ដឹកនាំ​បដិវត្តន៍​សង្គមនិយម និង​កសាង​សង្គម​និយម​តទៅទៀត ដោយ​ផ្ដាច់មុខ ដាច់ខាត​នឹង​គ្រប់ផ្នែក​” នេះ​ជា​ភស្ដុតាង ដែល​ខ្ញុំ​សូម​លើក​ជូន​ជាតិ​ប្រជាជន តាមរយៈ​អង្គជំនុំជម្រះ​សាលា​ដំបូង​នៃ អ​.​វ​.​ត​.​ក​។​
ទី​១) ខ្ញុំ​សូម​វិភាគ​អំពី​ឧក្រិដ្ឋកម្ម​ទូទាំងប្រទេស​ពី​ថ្ងៃ​១៧​មេសា ១៩៧៥ ដល់​ថ្ងៃ​៦ មករា​
១៩៧៩​។ ក្រោយ ១៧ មេសា ១៩៧៥ ប៉ុល ពត កើត​ចិត្ត​ភ្លើតភ្លើន​ខ្លាំងណាស់ បាន​លើក​មាគ៌ា​ដែល​ប៉ះពាល់​អាយុ​មនុស្ស នេះ​គឺ​មកពី ប៉ុល ពត គាត់​មាន​សព្វ​មាន​គ្រប់ សំខាន់​គឺ​មាន​បក្ខជន រាប់ម៉ឺន នាក់ នៅក្នុង​កណ្ដាប់ដៃ​គាត់ ។ ឧក្រិដ្ឋកម្ម​ជំនាន់​នោះ​ធំធេង​ណាស់​។ ដោយឡែក​ការបាត់បង់ អាយុជីវិត មាន​ទៅ​ដល់​ជាង​មួយ​លាន​នាក់ ដោយ​ខ្ញុំ​ជា បក្ខ​ជន​មួយ​រូប​របស់​បក្ស​ក​ម្មុយ​នីស្ត​កម្ពុជា ខ្ញុំ​ទទួលស្គាល់ថា “​ខ្ញុំ​ពិតជា​មាន​តួនាទី​ទទួលខុសត្រូវ​ខាង​ផ្លូវចិត្ត លើ​ឧក្រិដ្ឋ កម្ម​ដែល​បក្ស​ក​ម្មុយ​នីស្ត​កម្ពុជា​ប្រព្រឹត្តនៅ​ជំនាន់​នោះ​” ខ្ញុំ​សូម​សម្ដែង​នូវ​វិប្បដិសារី សោកស្ដាយ​យ៉ាង​ឈឺចាប់​បំផុត ចំពោះ​ឧក្រិដ្ឋកម្ម​គ្រប់យ៉ាង ដែល​បក្ស​កុម្មុយនីស្ត​កម្ពុជា​ប្រព្រឹត្ត​ពី​ថ្ងៃ​១៧ មេសា ១៩៧៥ ដល់ ៦ មករា ១៩៧៩ ។ ទី​២) ខ្ញុំ​សូម​បញ្ជាក់​ដោយ​ឡែក អំពី​ឧក្រិដ្ឋកម្ម​នៅ ស​-២១ ខ្ញុំ​សូម​ទទួលស្គាល់​នូវ​ការទទួលខុសត្រូវ​របស់​ខ្ញុំ​តាម​ផ្លូវច្បាប់ ។ ខ្ញុំ​សូមបញ្ជាក់ថា តាម​ផ្លូវ​ច្បាប់​ចំពោះ​ឧក្រិដ្ឋកម្ម​ទាំងអស់ ដែល​កើតមាន​នៅ ស​-២១ សំខាន់​គឺ​សកម្មភាព​ធ្វើ​ទារុណកម្ម និង​សម្លាប់​ផ្ដាច់ផ្ដោច​អាយុជីវិ​តមនុស្ស​។ តាមតម្រាយ​ដែល​ខ្ញុំ​បាន​ធ្វើ​រួចមកហើយ នៅវេលា​ដែល​លោក​សហ​ចៅក្រម​ស៊ើបអង្កេត​នាំ​ខ្ញុំ​ទៅ​សម្ដែង​សកម្មភាព រំឭក​ព្រឹត្តិការណ៍​ចាស់​ឡើងវិញ នៅ​ជើងឯក​និង​នៅ​សារមន្ទីរ​ប្រល័យ ពូ​ជា​សាសន៍ ទួលស្លែង​គឺ ខ្ញុំ​សូម​អនុញ្ញាត ចូល​សុំ ទោស​ជនរងគ្រោះ ដែល​នៅ​រស់រាន​មាន​ជីវិត​និង​សុំទោស ក្រុមគ្រួសារ​ជនរងគ្រោះ​ទាំងអស់​ដែល បាន​ស្លាប់ បាត់បង់ ជីវិត​យ៉ាង​អាណោចអាធ័ម​នៅ​ស​-២១​។ ​ពេលនេះ ខ្ញុំ​សូម​អស់លោក​ទាំងនោះ លោក​មេត្ដា​ទទួល​ដឹងឮ​ថា​ខ្ញុំ​ចង់​សុំទោស សូម​លោក​មេត្ដា​យក​បំណង​នេះទៅ ពិចារណា​។ ខ្ញុំ​មិន​ជា​មិនទាន់​ទាមទារ​សូមឲ្យ​លោកអ​ត់​ទោស​ឲ្យ​ខ្ញុំ​នៅ​ពេល​ឥឡូវ​នេះ ​ទេ​។ ខ្ញុំ​ដឹង​ហើយ​ថា ឧក្រិដ្ឋកម្ម​របស់​ខ្ញុំ ទៅលើ​ជីវិត​មនុស្ស​ជាពិសេស​ទៅលើ​ជីវិត​ស្ដ្រី និង​កុមារ ជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​មិន​អាច​អត់ឱន​ឲ្យបាន​ទេ​។ សំណូមពរ​បច្ចុប្បន្ននេះ របស់​ខ្ញុំ​គឺ​សូម​អស់លោក លោក​មេត្តា​ទុក​ទ្វារ​ចូល​សុំ​ទោស​នេះ ឲ្យនៅ​ចំហ។​ ​ទី​៣) វិប្បដិសារី​ដ៏​សែន​ចុកចាប់​របស់ខ្ញុំ​រំឭក​អតីតកាល​ពេលណា ខ្ញុំ​សែន​ខ្លោចផ្សា​ពេលនោះ។ ខ្ញុំ​តក់ស្លុត​ណាស់ កាលណា​ខ្ញុំ​នឹក​ដល់​សកម្មភាព​កន្លង​មក ដែល​ខ្ញុំ​បាន​ទទួល​អនុវត្ត និង​បាន​បញ្ជា​ឲ្យ​អនុវត្ត ដែល​សុទ្ធតែ​ជា​សកម្មភាព​ប៉ះពាល់​ដល់​អាយុជីវិត​ជនស្លូតត្រង់​យ៉ាងច្រើន ក្នុងនោះ រួមមាន​ទាំង​ស្ត្រី និង​កុមារ​ផង​។ ទោះបី​ខ្ញុំ​ធ្វើ​ដោយ​គោរព​តាម​បញ្ជា​របស់​អង្គការ​ក៏ដោយ ក៏​ខ្ញុំ​ពិតជា​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ឧក្រិដ្ឋ​-​កម្ម​ទាំងនេះ​។ ខ្ញុំ​បាន​ជម្រាប សហ​ចៅក្រម​ស៊ើបអង្កេត​ហើយ​ថា ខ្ញុំ​ជា​ចំណាប់​ថ្នូរ​និង​ជា​តួ​សម្ដែង​នៃ​របប​ឧក្រិដ្ឋ​កម្មនេះ​។ ខ្ញុំ​ជឿថា មនុស្សម្នា​ជា ទូទៅ​នៅ​ពេល​នេះ ចាត់​ទុក​ខ្ញុំ​ថា​កំសាក ថា​អមនុស្សធម៌ ខ្ញុំ​ទទួល​ពាក្យ​នេះ​ដោយស្មោះ​និង​ដោយ​គោរព​។ នៅ​សម័យ​ស​-២១​នោះ ខ្ញុំ​ចាត់ទុក​ជីវិត​ខ្ញុំ​និង​ជីវិត​គ្រួសារ ខ្ញុំ​សំខាន់​លើស​ជីវិត​អ្នកជាប់ឃុំឃាំង​នៅ​ស​-២១ នោះ ។​ ​ប្រកែកប្រណាំង​នឹង​បទបញ្ជា​ពី​ខាងលើ ទោះបី​ដឹងថា បទបញ្ជា​នោះ​ឧក្រិដ្ឋ​ក៏ដោយ ក៏​ខ្ញុំ​មិន​ដែល​ហ៊ាន​នឹកនា​ដល់​ដែរ នៅ​ជំនាន់​នោះ​។ នេះ​ជា​បញ្ហា​ស្លាប់​រស់​របស់​ខ្ញុំ​និង​គ្រួសារ​ខ្ញុំ​។ ក្នុងឋានៈ​ខ្ញុំ​ជា​ប្រធាន ស​-២១ ខ្ញុំ​អត់​ហ៊ាន​គិត គូរ​រក​លទ្ធភាព​អី ក្រៅពី​អនុវត្ត​តាម​បទបញ្ជា​របស់​ថ្នាក់លើ​ទេ​។ ទោះបី ខ្ញុំ​ដឹង​ថា ការអនុវត្ត​នោះ​នាំទៅរក​ការបាត់ បង់​អាយុជីវិត​មនុស្ស​រាប់ពាន់ៗ​នាក់​ក៏ដោយ​។ បច្ចុប្បន្ននេះ ខ្ញុំ​មាន​វិប្បដិសារី​សោកស្ដាយ​យ៉ាង​ជ្រាលជ្រៅ ព្រមទាំង ខ្មាសអៀន ព្រមទាំង​មាន​សភាព​រអៀស ក្នុងឋានៈ​ជា​អ្នក​មាន​ខ្លួន​មាន​ទោស ដឹងថា​ខ្លួន​ជា​អ្នក​មាន​ទោស​ចំពោះ ជាតិ​ប្រជាជន​កម្ពុជា​ទាំងមូល​។ ចំពោះ​គ្រួសារ​ជនរងគ្រោះ​ទាំងអស់ ដែល​បាន​បាត់បង់​ជីវិត​នៅ​ស​-២១ ព្រមទាំង ចំពោះ​ក្រុម​គ្រួសារ​ខ្ញុំ ផ្ទាល់ ដែល​មាន​សមាជិក​មួយ​ចំនួន​បាត់បង់​ជីវិត​ទៅ​ក៏ដោយ​។​ ​វិធានការ​ដោះស្រាយ​ខាង​– ពេលបច្ចុប្បន្ន​នេះ​របស់​ខ្ញុំ
ខ្ញុំ​បាន​សម្រេចចិត្ត​សហការ​ជាមួយ​អង្គ អ​.​វ​.​ត​.​ក ដោយហេតុ​ថា​ទុក្ខទោស​ទាំង ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​ទៅ​លើ​ប្រជាជន​ខ្ញុំ មាន​តែ​ផ្លូវ​នេះ​តែ​មួយ​ប៉ុណ្ណោះ​គត់ ដែល​អាច​រំលែក​ទុក្ខ សោ​ក​ទាំងអស់​ដែល​បង្ក ឡើង​ដោយ ឧក្រិដ្ឋកម្ម​របស់​ស​-២១ និយាយ​ដោយឡែក និង​ឧក្រិដ្ឋកម្ម​របស់​បក្ស កុម្មុយនីស្ត​កម្ពុជា​និយាយ​ជា​រួម​។​ ​ខ្ញុំ​សូមបញ្ជាក់ថា ស​-២១ និង​វិនាសកម្ម​គួរឲ្យ​រន្ធត់​ទាំង​ប៉ុន្មាន​ដែល ស​-២១ បង្កើតឡើង​ជា​បាតុភាព​​ជាក់ស្ដែង​ដែល​ខ្ញុំ​សូម​ប្រគល់​ខ្លួន​ជូន​អង្គ អ​.​វ​.​ត​.​ក​ជំនុំជម្រះ​ខ្ញុំ​ដោយ​ផ្លូវច្បាប់ ដ៏​ស្មោះ​និង យ៉ាង​ឱនលំទោន​ជានិច្ច។ ​​នៅ​ចុងបញ្ចប់​នេះ ខ្ញុំ​សូមបញ្ជាក់ថា ខ្ញុំ​ពិតជា​សហការ​តទៅទៀត​ជាមួយ​អ​.​វ​.​ត​.​ក នៅពេល​សវនាការ​ដោយ​ខ្ញុំ ពិត​ជា​ឆ្លើយ​សំណួរ​របស់​លោក និង​លោកស្រី​ចៅក្រម​នៃ​អង្គជំនុំជម្រះ សាលាដំបូង​។ ឆ្លើយ​សំណួរ​របស់​លោក និង​លោកស្រី​សហ​ព្រះរាជអាជ្ញា ឆ្លើយ​សំណួរ​របស់​ដើមបណ្ដឹង​របស់​រដ្ឋប្បវេណី​ទៅ​តាម​ការ​ចង់ដឹង និង​ដោយ​ឈរ​លើ​ឯកសារ​ជា​ភស្តុតាង​។​
លោក​ប្រធាន​ជាទីគោរព​!
តទៅ​នេះ​ខ្ញុំ​សូម​លោក​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ថ្លែង​អំពី​វិប្បដិសារី​ដែល​ខ្ញុំ​មាន​ប្រចាំជីវិត​ជូន​
ដូចតទៅ​៖ ខ្ញុំ​អត់​ពេញចិត្ត​ទេ ក្នុងការ​ធ្វើ​ការងារ​នេះ​។ ខ្ញុំ​បាន​សុំ​ចេញ​ទៅ​សហកម្ម​នៅ ខែ​៥ ឆ្នាំ​១៩៧៥ តែ​មិន​បាន សម្រេច​។ គេ​ចាត់​ឲ្យ​ខ្ញុំ​ធ្វើ​មន្ទី​រស​-២១ ខ្ញុំ​ក៏​បាន​ធូរចិត្ត​ម្យ៉ាងដែរ ដោយ​ខ្ញុំ​ធ្វើ​អនុប្រធាន​គេ ។ បន្ទាប់​មក​ខ្ញុំ​ធ្វើ​ប្រធាន ខ្ញុំ​តវ៉ា​ទៀត សុំ​យក​អ្នក​ផ្សេង​មក​ធ្វើ​ប្រធាន ខ្ញុំ​ធ្វើ​អនុប្រធាន ខ្ញុំ​ត្រូវ​គេ​កំហែង ។ ខ្ញុំ​ក៏​ព្រម​ធ្វើ​តទៅទៀត ។ រឿង​ដែល​ខ្ញុំ​ចាប់ផ្ដើម​តក់ស្លុត ចាប់ផ្ដើម​នឹកឃើញ​គឺ ថ្ងៃ​៣១ មករា ១៩៧៧ នៅពេលដែល សុន សេន គាត់ បញ្ជា​ឲ្យ​ចាប់​កម្មាភិបាល​ភូមិភាគឧ​ត្ត​រចាស់ មក​ជា​ចំនួន​ច្រើនៗ​ម្ដង ខ្ញុំ​តក់ស្លុត​ណាស់​។ ខ្ញុំ​សាកល្បង សុំ​យោបល់ គាត់​ថា​បង មនុស្ស​នេះ​ដូចជា​មិន​មែន ។ គាត់​កំហែង​ខ្ញុំ ពី​ខាង​ម្ខាង​ទូរស័ព្ទ​មក​ថា “​យើ ឌុ​ច​! ចម្លើយ​អា​ធួន​ណា៎​!” ។ ខ្ញុំ​លែង​ហ៊ាន​មាត់ ។ ខ្ញុំ​គិតក្នុងចិត្ត “​ឱ​! អ្នក​ដែល​បាន​ប្ដូរផ្ដាច់​អាយុជីវិត​ដើម្បី​រំដោះជាតិ ប្រជាជន​ខ្លួន ឥឡូវ​ធ្លាក់ មក ស្លាប់ ធ្លាក់​មក​ជាប់គុក ក្នុងឋានៈ​ជា​ជន​ក្បត់បក្ស​” ។ ខ្ញុំ​សូម​បញ្ជាក់​ជូន​ជាតិ​ប្រជាជន តាមរយៈ​អង្គជំនុំជម្រះ​សាលា​ដំបូង​នេះ​ថា ខ្ញុំ​និង​កម្មាភិបាល​ឧត្តរ មាន​មនោសញ្ចេតនា​ជ្រាលជ្រៅ​នឹង​គ្នា​ណាស់​។ ខ្ញុំ​ជាប់គុក​កាលពី​ឆ្នាំ​១៩៦៨ ភាគច្រើន​ជា​មួយ​ពួក​អស់​នេះ​ដែរ​។ ការ​រន្ធត់​តក់ស្លុត​របស់ខ្ញុំ​ចេះតែ​បន្តទៅ​ទៀត​នៅពេល ដែល​គេ​ចាប់​មនុស្ស​ពី​ភូមិភាគ​ផ្សេងៗ ចុងបញ្ចប់ គេ​ចាប់​បង ង៉ែត ញូ ហៅ ហុង មក​នៅ​ថ្ងៃ​១៣ មីនា ១៩៧៨​។ ខ្ញុំ​គិតថា “​អី​យ៉ាស់​! អាយុជីវិត​ខ្ញុំ​ជិត​ដល់​ពេល​ហើយ​” ដូច្នេះ​ការតក់ស្លុត​ចំពោះ​ការ​ត្រូវ​គេ​ចាប់​ចងវា​ម្យ៉ាង ការតក់ស្លុត​ចំពោះ​អាយុជីវិត​ខ្លួនឯង​ក្រែង​មិន​រស់ នេះ​ក៏​ម្យ៉ាង​ទៅទៀត។​ ​ដល់​ចុងបញ្ចប់ មេ​ធំ​របស់​ខ្ញុំ គឺ​បង​ទី​២ បញ្ជា​ឲ្យ​ខ្ញុំ​បញ្ចេញ​ជនរងគ្រោះ​ពីស​-២១ ឲ្យអស់​ទៅ​ជើងឯក​។ ខ្ញុំ​ថា “​ដល់​ពេល​ហើយ​ជីវិត​ខ្ញុំ​” ពេលនោះ​ខ្ញុំ​ធ្វើការ​អត់​កើត​ទេ។ ខ្ញុំ​ដេក​នៅផ្ទះ​ទាំង​យប់​ទាំង​ថ្ងៃ សួរ​ចុះ​អ្នក ដែល​ខ្ញុំ​ធ្លាប់​ទៅ​អង្គុយ​នៅ​កន្លែង​គូរ​ឆ្លាក់ គេ​អត់​ឃើញ​មុខ ខ្ញុំ​ទៅ​ទីនោះ​ទៀត​ទេ ។ ចុងបញ្ចប់ ម៉ោង​១១ ថ្ងៃ​៧ មករា រថក្រោះ​គេ​បរមុខ​កាត់​មុខផ្ទះ​ខ្ញុំ ខ្ញុំ​ចប់​លែង ដឹង​ធ្វើ​អី​។ ម៉ោង​២ ​ខ្ញុំ​នាំគ្នា​ចេញពី​កន្លែង​ទីតាំង​ស​-២១ ទៅ​នៅ​កន្លែង​សន្សំ​កុសល ចាំ​យប់​ព្រលប់ៗ បាន​ខ្ញុំ ចេញ​ទៅ​ទៀត​។ ក្នុង​មួយ​ឆ្នាំ​នៃ​ការរត់​ភៀ​សសឹក ខ្ញុំ​បាត់បង់​អស់​អាយុជីវិត​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្ញុំ ដែល​ទៅ​ជាមួយ​ខ្ញុំ​ទាំង​ប៉ុន្មាន ប្អូន​ខ្ញុំ​២​នាក់​ស្លាប់​, ក្មួយ​ខ្ញុំ​៦​នាក់​ស្លាប់​, ប្រពន្ធ​មិត្ត​ប៉ុន រួម​ទាំង​មិត្ត​ប៉ុន​ទៀត ទាំង​កូន​មិត្ត​ប៉ុន ទៀត​ស្លាប់​, ប្រពន្ធ​បង ម៉ម ណៃ ស្លាប់​, មិត្ត​យើង​ផ្សេង​ទៀត​ស្លាប់ៗ​គ្មាន​សល់ ចុងបញ្ចប់​នៅសល់តែ​ខ្ញុំ​ម្នាក់ឯង ។ គ្នា​បួន​នាក់ មិនមែន​ម្នាក់ឯង​ទេ​។ ខ្ញុំ ហើយ​និង​ប្រពន្ធ​ខ្ញុំ ហើយ​និង​កូន​ពីរ​នាក់​។ នៅពេល​នោះ​ខ្ញុំ​ចង់​សុំ​ចេញពី មិន​ព្រម​នៅ​ជាមួយ នឹង​បង សារុន ឈ្មោះ​ដើម វៀង ឯម អនុ​លេខា​ភូមិភាគ​ពាយព្យ​ថ្មី​។ គាត់​តាម​ទៅឲ្យគេ​ទៅ​ហៅ​ខ្ញុំ​មក​វិញ កាំភ្លើង​បើក​សោ (​ឮ​មិន​ច្បាស់​)  ខ្ញុំ​ថា “​អើ​ស​! មនុស្ស​ជាង​មួយ​លាន​នាក់​ស្លាប់​ទៅហើយ ខ្ញុំ​បួន​នាក់​ទៀត​អត់​អី​ទេ ស្លាប់​ទៅ​ចុះ​!” ។ ដូច្នេះ​ចំពោះ​អាយុជីវិត​មនុស្ស និង​អាយុជីវិត​ប្រជាជន កាលណា​នឹក​ដល់​អាយុ ជីវិត​មនុស្ស ដែល ស្លាប់​បាត់បង់​ទៅ​ក្នុង​របប​នេះ អាយុជីវិត​ខ្ញុំ​មួយ​អត់​ការ​។  ខ្ញុំ​គិត​អីចឹង​។ ​នេះ​ចំពោះ​អាយុជីវិត​ខ្ញុំ ខ្ញុំ​ឲ្យ​តម្លៃ​ប៉ុណ្ណឹង​។ ដូច្នេះ ក្នុង​មួយ​ឆ្នាំ​ហ្នឹង​ខ្ញុំ​ធ្វើ​អី​អត់​កើត​ទេ​រហូតៗ ដេក​សំកុក​។ ចុងបញ្ចប់​ខ្ញុំ​នឹកឃើញ​វិធី​មួយ​គឺ​សែន​សុំ​ទោស​ជនរងគ្រោះ សែន​សុំ​ទោស​ឪពុកម្ដាយ​ដែល​បង្កើត​ខ្ញុំ​មក ប្រាថ្នា​ឲ្យ​កូន​ល្អ ខ្ញុំ​ខ្លួនឯង​ក៏​ប្រាថ្នា​សងគុណ​មាតាបិតា រក​ផ្លូវ​ល្អ ដល់​ចុងបញ្ចប់​ធ្លាក់​ទៅ​លើ​ផ្លូវ​អាក្រក់ ។​ ​ខ្ញុំ​បង្កើត​វិធី​មួយ ដើម្បី​លួង​អារម្មណ៍​ខ្លួន​ឲ្យបាន​ស្ងប់​បន្តិច គឺ​សែន​សុំទោស មុនដំបូង​គ្រាន់តែ​សុំទោសម្ដាយ​ឪពុក​ខ្ញុំ ហើយ​និង​គ្រូ​បា​អាចារ្យ​ខ្ញុំ​ទេ ដល់​យូរ​ទៅ​វា​ជាការ សែន សុំទោស​ជាតិ​ប្រជាជន​ទាំងមូល ។ រាល់ថ្ងៃ​១៧ វិច្ឆិកា ដែល​ជា​ថ្ងៃកំណើត​ខ្ញុំ រាល់​ឆ្នាំ​ឲ្យតែ​ថ្ងៃ​១៧ វិច្ឆិកា ខ្ញុំ​មិនដែល​ធ្វើ​អី​កើត​ទេ ។ ខ្ញុំ​តែង​ធ្វើ​ស្អី​មួយ​បន្តិចបន្តួច សម្រាប់ ជាការ​រំឭក​នឹក​ដល់​វិប្បដិសារី​របស់ខ្ញុំ​។ ក្នុង​ឆ្នាំនេះ ខ្ញុំ​បាន​គូរគំនូរ​មួយ ប្រសិន​បើ​លោក​ប្រធាន និង​អង្គជំនុំជម្រះ សាលាដំបូង​លោក​អនុញ្ញាត​ខ្ញុំ​លើក​បង្ហាញ​ជូន​”​។​
-​ប្រតិ​ចារឹក​ថ្ងៃទី​៧ ខែ​មេសា ឆាំ្ន​២០០៩ ទំព័រ​១១ [​បន្ទាត់​២៤-២៥] ដល់ ទំព័រ​១២ [​បន្ទាត់​១-៥]៖ “​ខ្ញុំ​សូម​ជម្រាប​លោក​ចៅក្រម​ដោយស្មោះ​ថា ខ្ញុំ​ទទួលខុសត្រូវ​លើ​ឧក្រិដ្ឋកម្ម​ដែល​ធ្វើ​ទារុណកម្ម​មនុស្ស នេះ​ចម្លើយ ដែល​បានមកពី​ទារុណកម្ម​ទាំង​ប៉ុន្មាន​ធ្លាក់​ទៅលើ​អាយុជីវិត​អ្នក​ផ្សេង​ទៀត ​ក៏​ខ្ញុំ​ទទួល​ដែរ ខ្ញុំ​អត់​ប្រកែក​ទេ​។ គ្រាន់​តែ​នេះ ខ្ញុំ​សូម​បញ្ជាក់​ជូន​លោក​ចៅក្រម អំពី​ការ​ពិត​ដែល​កើតមាន​នៅ​ទីនោះ​។ ទោះបី​ខ្ញុំ ក្នុងឋានៈ​ខ្ញុំ​តាំងខ្លួន ជា​ស្នងការ​ម្នាក់ ដែល​បញ្ជា​ទៅ​លើ​អធិការ​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​ទទួល ខុស​ត្រូវ​ថា​ឧក្រិដ្ឋកម្ម​នេះ​វា​កើត​ពី​ខ្លួន​ខ្ញុំ​។ សូមទោស ខ្ញុំ​ងាក​ទៅ​ឃើញ​មុខ​លោក ជុំ ម៉ី ខ្ញុំ​អត់​បាន ទៅ​វ៉ៃ លោក ជុំ ម៉ី ទេ មិត្ត​ផ្សេង​គាត់​វ៉ៃ លោក ជុំ ម៉ី តែ​ខ្ញុំ​បញ្ជា ឲ្យនៅ​លើ​ហ្នឹង ខ្ញុំ​សូម​ទោស​លោក​ជុំ ម៉ី​”​។​
-​ប្រតិ​ចារឹក​ថ្ងៃទី​៧ ខែ​មេសា ឆាំ្ន​២០០៩ ទំព័រ​២១ [​បន្ទាត់​១៧-២២]៖ “​ឧក្រិដ្ឋកម្ម​ក្នុង​​ការ​កម្ទេច​មនុស្ស​ទោះបី​គេ​សម្រេច​ពី​ខាងលើ​មក​ទុក​ ជា​គោលការណ៍​ហើយ​ក៏​ដោយ ក៏​ពេល​ជំទាស់​ណា មួយ​ខ្ញុំ​ធ្វើ​រាល់ពេល​។ ដូច្នេះ​ឧក្រិដ្ឋ​កម្មនេះ គឺ​វា​នៅ​លើ​ខ្ញុំ​ដដែល​។ ដូច្នេះហើយ បាន​ជា​ពេល​ម្សិលមិញ ខ្ញុំ​និយាយថា វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ទាំងអស់ ដែល​បាត់បង់​ជីវិត​នៅ​អម​លាំ​ង ខ្ញុំ​នៅតែ​សុំ​ខមាទោស ។ ខ្ញុំ​នៅតែ​រំឭក​ឈ្មោះ ឡើងវិញ ដើម្បី​សរសេរ​សៀវភៅ​មួយ​នេះ​ពី​បញ្ហា កម្ទេច​។ ខ្ញុំ​អត់​គេច​អំពី​ឧក្រិដ្ឋកម្ម​ដែល​ត្រូវ​ធ្លាក់​មក​លើ​ក្បាល​ខ្ញុំ​ទេ ខ្ញុំ​ទទួល ប៉ុន្តែ​ការពិត​វា​បែបនេះ​”​។​
-​ប្រតិ​ចារឹក​ថ្ងៃទី​៧ ខែ​មេសា ឆាំ្ន​២០០៩ ទំព័រ​៣៣ [​បន្ទាត់​៧-១៨]៖  “​ខ្មោច​ជនរងគ្រោះ ដែល​សម្លាប់​នៅ​មន្ទីរ​-១៣ វា​អត់​ដែល​ទៅ​ណា​ឆ្ងាយ​អំពី​ទីតាំង​របស់​មន្ទីរ​-១៣ ហ្នុង​ទេ យ៉ាងច្រើន មួយរយ​ម៉ែត្រ​។ ដូច្នេះ​មន្ទីរ​-១៣ វា​មាន​កន្លែង​វា​បី​។ គឺ​កន្លែង​ទីមួយ​នៅ​ថ្ម​គុប ត្រង់​ម្តុំ អន្លង់វែង កន្លែង​ទី​ពីរ គឺ​នៅ តា​លាវ ដែល​យើងខ្ញុំ​កម្ទេច​ឬ​ហៅថា “​សម្លាប់​” តិច​បំផុត ហើយ​កន្លែង​ទី​បី នៅ​ត្រពាំង​ត្រោប ភូមិ​ត្រពាំង​ត្រោប ក៏​ចន្លោះ​ស្ទឹង​និង​ត្រពាំង​ច្រាប​។ ភស្តុតាង​ដែល​នៅសល់ វា​អាច បញ្ជាក់បាន​ថា ខ្មោច​ហ្នឹង​វា​មាន​អាយុ​ពី​អង្កាល​មក​? ហើយ​វា​មាន​ចំនួន​ប៉ុន្មាន​ច្បាស់លាស់​? សម្រាប់ បញ្ជាក់​នូវ​សេចក្ដី​ដែល​ខ្ញុំ​សារភាព​ការស្មោះត្រង់​ជូន​ជាតិ​ប្រជាជន​របស់ ​ខ្ញុំ​។ ឯ​ចំណែក​សព​ផ្សេងទៀត នៅ​កន្លែង​ផ្សេងទៀត វា​ជា​សព​របស់​មនុស្ស​ខ្មែរ ជា​សព​ខ្មែរ​ដែល​ស្លាប់​ទៅ ដោយសារ​ស្នាដៃ​បក្ស កុម្មុយនីស្ត​កម្ពុជា​។ ខមាទោស ខ្ញុំ​សុំ​ខមាទោស​ដដែល អត់​ប្រកែក​ទេ ក៏​ប៉ុន្តែ​ទន្ទឹម នឹង​នេះ​ខ្ញុំ​ក៏​សម្ដែង ការសោកស្ដាយ​ប៉ុណ្ណោះ ហើយ​និង​រំលែក​ទុក្ខ​ចំពោះ​ក្រុម​គ្រួសារ​ញាតិ​មិត្ត​នៃ​សព​”​។
-​ប្រតិ​ចារឹក​ថ្ងៃទី​៩ ខែមិថុនា ឆាំ្ន​២០០៩ ទំព័រ​៤៤ [​បន្ទាត់​២១-២៥] ដល់​ទំព័​៤៥ [​បន្ទាត់​១-៧]៖ “​លោក​ប្រធាន​ជាទីគោរព​! ការសោកស្ដាយ ការឈឺចាប់ វា​អត់​ស្រាកស្រាន្ត​ទេ វា​អត់​ស្ងប់​ទេ​។ វា​អត់​ស្ងប់​ទេ​។ កាលណា​នឹក​ដល់​រឿង​ចាស់ ខ្ញុំ​នៅ​ស្មោះត្រង់​នឹង​វិប្បដិសារី​របស់​ខ្ញុំ​ជា​និច្ច​។ ខ្ញុំ​មិន​ក្បត់​វិប្បដិសារី​របស់ខ្ញុំ ខ្ញុំ​មិន​លុប បំបាត់​វិប្បដិសារី​ខ្ញុំ​នេះ ចោល​ទទេៗ​ទេ ខ្ញុំ​ចងចាំ​ជានិច្ច ខ្ញុំ​ឈឺ​ចុកចាប់​ណាស់ ខ្ញុំ​តែងតែ​និយាយថា សម្រេច​ខុស គឺ សម្រេច​តែ​មួយ​ដង្ហើម​ទេ តែ​រង​ទុក្ខ រង​ការឈឺចាប់ រង​ការសោកស្ដាយ​មួយជីវិត​។ ដូច្នេះ​ការ​ដែល​ខ្ញុំ​ឱន ក្បាល​ចូល មក​ទទួល​ជំនុំជម្រះ​នេះ គឺ​ជំនុំជម្រះ​ចំពោះ ឧក្រិដ្ឋកម្ម​ដែល​ខ្ញុំ​ធ្វើ​។ ខ្ញុំ​មិន​ឆ្លើយ​ទម្លាក់កំហុស​ទាំងស្រុង នៅលើ​មេ​ទេ ទៅលើ​មេ​ខ្ញុំ​ទេ ហើយក៏​មិន​ទម្លាក់កំហុស​ទៅលើ​កូនចៅ​ខ្ញុំ​ដែរ មានន័យ​ថា ខ្ញុំ​អត់​គេច​យករួចខ្លួន​ទេ​។ ឧក្រិដ្ឋ​កម្មនេះ ថ្វីត្បិតតែ​មាន តួនាទី​របស់​មេ ក៏​វា​មាន​តួនាទី​របស់​ខ្ញុំ​ដែរ នៅ​ស​-២១ ឧក្រិដ្ឋកម្ម​ទាំងអស់ ខ្ញុំ​ទទួល​តែម្នាក់ឯង គ្មាន​គេច គ្មាន​ទម្លាក់កំហុស​ទៅលើ​កូនចៅ​ទាល់តែសោះ កំហុស​ឧក្រិដ្ឋកម្ម​ទូទាំង​ប្រទេស ដូច​ដែល​ខ្ញុំ​បាន​ថ្លែង ការណ៍​នៅ​ពេល បើក​សវនាការ​នេះ​អីចឹង​។ ខ្ញុំ​ទទួលខុសត្រូវ​ខាង​ផ្លូវចិត្ត ចំពោះ​ការវិនាសហិនហោច របស់​ប្រជាជន​កម្ពុជា​យើង​ទាំងមូល ខ្ញុំ​រំលែក​ទុក្ខវេទនា សុំ​រំលែក​ទុក្ខ​”​។​
-​ប្រតិ​ចារឹក​ថ្ងៃទី​៩ ខែមិថុនា ឆាំ្ន​២០០៩ ទំព័រ​៤៦ [​បន្ទាត់​២-១២]៖ “​ខ្ញុំ​សូម​អនុញ្ញាត​បន្ត​ទៅទៀត​។ ការអនុវត្ត​នយោបាយ​នេះ​នៅ​ទូទាំង​ប្រទេស ក៏ដូចជា​នៅ​ស​-២១​។ នៅ​ស​-២១ វា​មាន​ឧក្រិដ្ឋកម្ម​ទៅលើ​មនុស្ស យ៉ាងតិចណាស់ ក៏​មួយ​ម៉ឺន​ពីរពាន់​បី​រយ​ប៉ែតសិប ( ១២.៣៨០ ) នាក់​ដែរ នៅ​ទូទាំង​ប្រទេស ខ្ញុំ​មិន​ទាន់​មាន​តួលេខ​ច្បាស់លាស់​ទេ តែ​ខ្ញុំ​ជឿ​ថា​ជាង​មួយ​លាន​នាក់ នេះ​ជា​ការអនុវត្ត​មាគ៌ា​នយោបាយ​ខុស​។ ខុស​នេះ ខ្ញុំ​ខុស​នឹង​គេ​ដែរ មិនមែន​រឿង​មេ​តែម្នាក់ឯង​ទេ មាន​តួនាទី​របស់​ខ្ញុំ​នៅក្នុង​នុ៎ង ទូទាំង​ប្រទេស តួនាទី​របស់​ខ្ញុំ ក្នុង​ថ្នាក់ ជា​សមាជិក​បក្ស​ម្នាក់ ខ្ញុំ​អត់​ចោល​ទេ ការទទួលស្គាល់​កំហុស​នេះ កំហុស​នេះ គឺ​ពិតជា​កំហុស​ក្នុង ការអនុវត្ត​មាគ៌ា នយោបាយ​ហើយ​។ នៅ​ស​-២១ កំហុស​នេះ​កំហុស​នៃ​ការអនុវត្ត​មាគ៌ា​នយោបាយ​របស់​បក្ស ដែល​ជា​មាគ៌ា​មហា​ឧក្រិដ្ឋ ដូច​ខ្ញុំ​បានបញ្ជាក់​ព្រឹក​មិញ​អីចឹង ឧក្រិដ្ឋ​ជាង​មាគ៌ា​របស់​ពួក​អា​ក្រុម​បួន​នាក់ នៃ​មហា​បដិវត្តន៍វប្បធម៌​ចិន​តទៅ ធ្វើឲ្យប៉ះពាល់​ដល់​អាយុជីវិត​មនុស្សជាង​មួយ​ម៉ឺន​នាក់​។ ខ្ញុំ​ចាំ​អត់​ភ្លេច​ទេ​រឿង​អស់ទាំង​នេះ​។ នេះ​សូម​សារភាព​ជូន តុលាការ​ជូន​ជាតិ​ប្រជាជន​កម្ពុជា ឲ្យ​លោកយ​ល់​បញ្ហា​នេះ​។ នេះ​ខ្ញុំ​អត់​ចោល​ទេ​វិប្បដិសារី​។ វិប្បដិសារី គឺ​ក្នុង​ការអនុវត្ត​មាគ៌ា​នយោបាយ​ខុស​នេះ​ឯង នេះ​ខ្ញុំ​សុំ​បញ្ចប់​ប៉ុណ្ណេះ​”​។​
-​ប្រតិ​ចារឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០០៩ ទំព័រ​៦៧ [​បន្ទាត់​២-៩]៖ “​សូម​សរុប​មក​វិញ រូបថត​ដែល​ខ្ញុំ​អង្គុយ​បង្រៀន​ឯកសារ​ហ្នឹង បើ​មើល​អា​ឥឡូវនេះ​ទៅ វា​ហាក់ដូចជា​ជំនាន់​នោះ ខ្ញុំ​វា​សម្បើម​ណាស់ ភ្ញាក់​រំឭក​វណ្ណៈ​។ ក៏​ប៉ុន្តែ​តាម​ពិត​ដល់​មើល​អា​ឥឡូវ វិភាគ​ឲ្យ​មែនទែន គឺ​ជា​រូបថត​មួយ​គួរ​ឲ្យ​ខ្មាស់​អៀន គួរ​ឲ្យ​តក់ស្លុ​តនឹង​ឧក្រិដ្ឋកម្ម​ដែល​ខ្ញុំ​បាន​ប្រព្រឹត្តិ​ទៅ​លើ​មនុស្ស ជីវិត​មនុស្ស​មួយ​ម៉ឺន​ពីរពាន់​បី​រយ​ផ្លាយ​នាក់​។ ដូច្នេះ ខ្ញុំ​សូម​ទទួល​ទាំងអស់ ឧក្រិដ្ឋកម្ម​នៅ​ស​-២១ ទាំង​ប៉ុន្មាន​។ ទន្ទឹមនេះ ខ្ញុំ​ជំពាក់​បក្ខជន​ម្នាក់​ខ្ញុំ​តក់ស្លុត នឹង​ការបាត់បង់​អាយុជីវិត​ប្រជាជន​កម្ពុជា​ជាង​មួយ​លាន​នាក់​។ ខ្ញុំ​ទទួលខុសត្រូវ​ខាង​ផ្លូវចិត្ត​ចំពោះ​ការបាត់បង់​អាយុជីវិត ប្រជាជន​ទាំង​មួយ​លានជាង​នាក់ ជា​រៀងរហូត​។ ហ្នឹង ខ្ញុំ​សូម​បញ្ចប់​ប៉ុណ្ណេះ​”​។​
-​ប្រតិ​ចារឹក​ថ្ងៃទី​០១ ខែកក្កដា ឆាំ្ន​២០០៩ ទំព័រ​៧១ [​បន្ទាត់​៨-១៥]៖ “​ជម្រាប​ប្រសាសន៍​លោក ម៉េង ចំពោះ​រូប​លោក​ម្នាក់ ខ្ញុំ​ក្ដុកក្ដួល​ណាស់ យើង​ធ្លាប់​រស់នៅ​ជាមួយគ្នា សុខភាព​លោក ល្អ ខ្ញុំ​តក់ស្លុត​ណាស់ នៅពេល​ដែល​ជួប​លោក​ពី​អង្កាល់​ថ្ងៃ​២៨ កុម្ភៈ ២០០៨ នៅ​មុខ​លោក​ចៅក្រម​ស៊ើបអង្កេត ។ ខ្ញុំ​ចង់​បំពេញ​បំណង​របស់​លោក​ឲ្យ​ច្បាស់ ក៏​ប៉ុន្តែ​វា​ហួស​សមត្ថភាព​ខ្ញុំ​។ ការងារ​ជាក់ស្ដែង​បែបនេះ គេ​អ្នកធ្វើ​ខាងក្រោម​។ ក៏​ប៉ុន្ដែ​ខ្ញុំ​សុំ​សន្និដ្ឋាន​ជូន​លោក​ថា ប្រពន្ធ​លោក​ប្រហែលជា​អាច​ទៅ​ឯ​បឹង​ជើងឯក​ឯណោះ នេះ​គឺ​ខ្ញុំ​សុំ​សន្និដ្ឋាន​ប៉ុណ្ណឹង​។   ទន្ទឹម​នេះ​ខ្ញុំ​ក៏​ចង់​ឲ្យ​កាន់តែ​ច្បាស់​ទៅទៀត សុំ​អង្វរក​ចិត្ត​លោក​សាយ​សេចក្ដី​មេត្តា​ដល់​មិត្ត ហ៊ុយ ទៅ​សួរ​វា បើសិនជា​វា​អាចជួយ លោក​ប្រហែលជា​មាន​ប្រសិទ្ធភាព​ជាង​ខ្ញុំ នេះ​ខ្ញុំ​សុំ​ជម្រាប​ប៉ុណ្ណឹង​។ សូម​លោក​មេត្តា ទទួល​នូវ សេចក្ដី​គោរព​របស់​ខ្ញុំ​ចំពោះ​វិញ្ញាណក្ខន្ធ​ប្រពន្ធ​លោក​។ នេះ​ខ្ញុំ​សូម​បញ្ជាក់​ជូន​ប៉ុណ្ណេះ​”​។​
-​ប្រតិ​ចារឹក​ថ្ងៃទី​០១ ខែកក្កដា ឆាំ្ន​២០០៩ ទំព័រ​៧៣ [​បន្ទាត់​១១-២១]៖ “​នេះ​ខ្ញុំ​សូមបញ្ជាក់ ជូន​ជាតិ ប្រជាជន​កម្ពុជា​ថា ឧក្រិដ្ឋកម្ម​នេះ​ធ្ងន់ធ្ងរ​ណាស់ វា​ជា​ឧក្រិដ្ឋកម្ម​របស់​អ្នក​ខាងលើ​ក៏​ពិតមែន ក៏ប៉ុន្ដែ​កម្លាំង​អ្នក​ខាង​ក្រោម​ដែល​ជា​បក្ខជន​វា​នៅ​មាន​ក្នុង​នុ៎ង ក្នុង​ទូទាំង​ប្រទេស មនុស្ស​អស់​ជាង​មួយ​លាន​នាក់​។ ខ្ញុំ​ក្នុងឋានៈ​ជា​បក្ខជន​មួយ​រូប​ខ្ញុំ​អត់​គេច​ទេ សុំ​ទទួលខុសត្រូវ​ចំពោះ​ខាង​ផ្លូវចិត្ត​ចំពោះ​វិញ្ញាណក្ខន្ធ​ទាំងអស់​។ ដោយឡែក​នៅ​មន្ទី​រស​-២១ ជីវិត​មនុស្ស​ជាង​មួយ​ម៉ឺន​នាក់ ខ្ញុំ​ទទួលខុសត្រូវ​ខាង​ផ្លូវច្បាប់ អោនក្បាល​ជូន អ​.​វ​.​ត​.​ក ជំនុំជម្រះ ខ្ញុំ​តែ​ម្នាក់ឯង​ក្នុង​ក្របខណ្ឌ​មន្ទី​រស​-២១ គ្មាន​ឲ្យ​ទាក់ទង​ដល់​កូនចៅ​ណា​ទេ​។ នេះ​ខ្ញុំ​ទទួល​ប៉ុណ្ណឹង​ទាំងស្រុង​។ ហើយ​វិញ្ញាណក្ខន្ធ​អ្នក​ទាំងអស់​នោះ បាន​អធិដ្ឋាន​ជូន​គេ​ជាប់លាប់​ជា​ប្រចាំ​ខ្ញុំ​អត់​ភ្លេច​ទេ​។ ដូច្នេះ​ខ្ញុំ​សូម​បញ្ជាក់​ប៉ុណ្ណឹង​។ និយាយ​នេះ ដើម្បី​មិនមែន​គេចកែ​អំពី​ទារុណកម្ម អំពី​ឧក្រិដ្ឋកម្ម​របស់​ខ្លួន​ទេ និយាយ​លាតត្រដាង​ឲ្យ​វា​ឃើញថា​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ត្រឹម​កម្រិត​ណា​? ហើយ​នេះ​ខ្ញុំ​សូម​បញ្ចប់​ប៉ុណ្ណេះ​”​។​
-​ប្រតិ​ចារឹក​ថ្ងៃទី​០២ ខែកក្កដា ឆាំ្ន​២០០៩ ទំព័រ​៦៨ [​បន្ទាត់​១២-២២]៖ “​ជម្រាប​ប្រសាសន៍​លោក​ប្រធាន ខ្ញុំ​សូម​បញ្ជាក់​តាម​ដែល​ការ​ខ្ញុំ​បាន​ស្ដាប់​សក្ខីកម្ម​របស់លោក នង ចាន់​ផល នេះ​។ ដំបូង​ខ្ញុំ​សូម​ទទួលស្គាល់ថា សក្ខីកម្ម​នេះ វា​បញ្ចាំង​ឲ្យឃើញ​ទុក្ខវេទនា ការ​និរាស​ប្រាសព្រាត់​របស់លោក នង ចាន់​ផល ពិតប្រាកដ​មែន​។ ដំបូង នៅពេល​ដែល​មុនឹង​ឃើញឯ​កសារ​ជីវប្រវត្តិ​របស់លោក នង ចិន ជា​ឪពុក​លោក នង ចាន់​ផល ខ្ញុំ​គិតថា ឧក្រិដ្ឋកម្ម​នេះ​វា​នៅក្រៅ ស​-២១ ទេ​។ ប្រហែល​ជា​លោក នង ចិន រងទុក្ខវេទនា នៅ​មន្ទីរ​នគរបាល​មួយ​ផ្សេង​ទៀត​។ ដល់​ឃើញ​ប្រវត្តិរូប​របស់​លោក​នង ចិន ដែល​ចុះ​នៅ​លេខ TSL បានន័យថា​ទួលស្លែង លេខ 0529 ខ្ញុំ​ទទួលស្គាល់​ហើយ ថា​លោក​នង ចិន ពិត​ជា​មក​ស្លាប់​នៅ​កន្លែង​នេះ​។ ដោយឡែក​ម្ដាយ​របស់​លោក​នង ចាន់​ផល អត់​ទាន់​ឃើញ​ឯកសារ​អី​ទេ​។ ដូច្នេះ​ខ្ញុំ​សូម​ញែក​បញ្ហា​នេះ​ជា​ពីរ​។ ទីមួយ បើសិនជា​មាន​ប្រវត្តិរូប​អ៊ី​លចឹង​មក ទៀត និយាយ​អំពី​ម្ដាយ​លោក នង ចាន់​ផល លទ្ធភាព​វា​តែ​ម្យ៉ាង គឺ​វា​ត្រូវ​ស្លាប់​ទាំង​អ្នក​មីង​មុំ យៅ ហើយ​វា​ស្លាប់​ទាំង លោក​នង ចាន់​ផល និង​ប្អូន​ផង​។ ស​-២១ អត់​ដែល​ទុក​កុមារ​ទេ​។ នេះ​ខ្ញុំ​សូម ជម្រាប​លោក​ដោយ​ត្រង់​។ នេះ លទ្ធភាព​វា​ទៅ​អីចឹង​”​។​
-​ប្រតិ​ចារឹក​ថ្ងៃទី​៨ ខែកក្កដា ឆាំ្ន​២០០៩ ទំព័រ​៤ [​បន្ទាត់​២-៦]៖ “​ជម្រាប​ប្រសាសន៍​លោក​ប្រធាន​! សូម​គោរព​អង្គជំនុំជម្រះ​សាលាដំបូង​ជាទីគោរព​! ឯកសារ​នេះ​ខ្ញុំ​ទទួលស្គាល់​។ ទីមួយ ជា​ឯកសារ​នៅ​ទួលស្លែង ដោយមាន TSL ជា​ភស្តុតាង​ស្រាប់ ហើយ​ទី​ពីរ​អក្សរ​ដៃ ខ្ញុំ​ទទួលស្គាល់​ទៀតថា ពិតជា​អក្សរ​ដៃ​បុគ្គលិក​របស់​មន្ទី​រស​-២១​។ ទន្ទឹម​នេះ​តាមរយៈ​អង្គ​សវនាការ​យើង​នេះ ខ្ញុំ​សូម​ទោស​ដល់​លោក នង ចាន់​ផល ដែល​ពេលនោះ​ខ្ញុំ មិនទាន់​ឃើញ​ឯកសារ ខ្ញុំ​មាន​ការខុសឆ្គង​ទៅលើ​គាត់​ខ្លះ​។ ដូច្នេះ ខ្ញុំ​សូម​បញ្ចប់​ប៉ុណ្ណេះ​”​។​
-​ប្រតិ​ចារឹក​ថ្ងៃទី​៨ ខែកក្កដា ឆាំ្ន​២០០៩ ទំព័រ​៨០ [​បន្ទាត់​១៤-២១]៖ “​សរុប​មក​ខ្ញុំ​ជឿថា មិត្ត​ម៉េត ជិន ម៉េត នេះ រងទុក្ខវេទនា​ដែល​គេ​ឃុំឃាំង​សួរចម្លើយ​នៅ​កង ៤៥០​។ ខ្ញុំ​និយាយ យ៉ាងនេះ មិនមែន​ចង់​បដិសេធ​ឧក្រិដ្ឋកម្ម​ខ្លួនឯង​ទេ ក៏ប៉ុន្ដែ​ការបញ្ជូន​ទៅ​ស​-២១ តែ​បញ្ជូន​ចូល​ទៅ​ដល់​អា មជ្ឈមណ្ឌល គុក​នៅ​ភ្នំពេញ​ហើយ អត់​ចេញ​ទេ មិត្ត​ម៉េត គឺ​មិត្ត​នៅ​នុ៎ង ខ្ញុំ​យក​ទៅ​ជើងឯក​ហើយ​។ ដូច្នេះ​ខ្ញុំ​ទទួលស្គាល់ថា មិត្ត​ចេញ ពី​៤៥០ ទៅ​ចូល​ព្រៃ​ស​។ នេះ​គឺ​ប៉ុណ្ណឹង​ដូច្នេះ​បានជា​ខ្ញុំ​ពិបាក​នឹង​នេះ​។ សរុប​មក​ខ្ញុំ​មិន​បដិសេធ​ឧក្រិដ្ឋកម្ម​អី​ទេ ក៏ប៉ុន្ដែ ចង់​បញ្ជាក់​ថា ការប្រតិបត្តិ​ជំនាន់​នុ៎ង​វា​អ៊ីា​ចឹង​ចេញ ពី​កងពល​ឲ្យតែ​ទៅ​ចូល​ក្នុងស​-២១​ភ្នំពេញ ហើយ​អត់​មាន​អ្នកណា​នៅរស់​ទេ គ្មាន​សល់​បាន​រស់​ទេ ស្លាប់​អស់​ហើយ​។ នេះ​ខ្ញុំ​គ្រាន់តែ​សុំ​បញ្ជាក់​ប៉ុណ្ណេះ​សុំ​ចប់​”​។​
-​ប្រតិ​ចារឹក​ថ្ងៃទី​៩ ខែកក្កដា ឆាំ្ន​២០០៩ ទំព័រ​៣២ [​បន្ទាត់​១៦-១៧]៖ “​ជម្រាប​ប្រសាសន៍​លោក​មេធាវី​! ចំពោះ​ករណី មិត្ត​ម៉េត ខ្ញុំ​អត់​ទទួលខុសត្រូវ​ខាង​ផ្លូវចិត្ត​ទេ​ខ្ញុំ​ទទួលខុសត្រូវ​ពេញមុខ ចំពោះ​ឧក្រិដ្ឋ​កម្មនេះ​តាម​ផ្លូវច្បាប់ នេះ​ខ្ញុំ​សូម​បញ្ជាក់​ប៉ុណ្ណេះ​។ សូម​ចប់​”​។​
-​ប្រតិ​ចារឹក​ថ្ងៃទី​១៣ ខែកក្កដា ឆាំ្ន​២០០៩ ទំព័រ​៤១ [​បន្ទាត់​៩-១២]៖ “​លោក​ប្រធាន​ជា​ទៅ​គោរព​! ខ្ញុំ​សូម​ជូន​ជា​សេចក្ដី​សង្កេត​ដូចតទៅ​៖ ទីមួយ  ទុក្ខវេទនា​របស់​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​ជំនាន់​នោះ ខ្ញុំ​អត់​គេច​ទេ ខ្ញុំ​ពិតជា​ទទួលខុសត្រូវ​ខាង​ផ្លូវចិត្ត​។ ដោយឡែក​ជនរងគ្រោះ​ទាំងឡាយណា ដែល​បាត់បង​ជីវិត​នៅ​មន្ទី​រស​-២១ ខ្ញុំ​ទទួលខុសត្រូវ​ទាំងពីរ ទាំង​ផ្លូវ​ច្បាប់​ទាំង​ផ្លូវចិត្ត​”​។
-​ប្រតិ​ចារឹក​ថ្ងៃទី​២២ ខែកក្កដា ឆាំ្ន​២០០៩ ទំព័រ​៤២ [​បន្ទាត់​២-៣]៖ “​ខ្ញុំ​មិន​ទាមទារ​ឲ្យ​កូន​ចៅណា​ម្នាក់​មក​ជាមួយ​នឹង​ខ្ញុំ នៅទីនេះ​ប្រឈមមុខ​នឹង​តុលាការ​ទេ​។ ខ្ញុំ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ និង​ខាង​ផ្លូវ​ចិត្ត​តែ​ម្នាក់ឯង​ក្នុង​ក្របខ័ណ្ឌ ស​-២១”​។​
-​ប្រតិ​ចារឹក​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០០៩ ទំព័រ​៤០ [​បន្ទាត់​២-២៥] ដល់​ទំព័រ ៤១ [​បន្ទាត់​១]៖ “​លោក​ប្រធាន​ជាទីគោរព​! សក្ខីកម្ម​របស់​អ្នកស្រី ប៊ូ ថុន វា​ចេញ​មកពី​ចិត្ត​ក្លាហាន​របស់គាត់ ដែល​និយាយ​ការពិត ហើយ​វា​ចេញមក​ពី​ទុក្ខវេទនា ដែល​នៅ​រ៉ាំរ៉ៃ​ក្នុង​ខ្លួន​គាត់​ច្រើន​ឆ្នាំ​ហើយ​។ កូន​អស់បី​បួន​នាក់​។ បី​នាក់​ស្លាប់​ដោយ​មិន​ដឹង​រឿង ហើយ​កូន​ចុងក្រោយ​ត្រូវ​ស្លាប់​នៅក្នុង​ដៃ​ក្នុង​ពេល​រត់​។ នេះ​ក៏​សន្មត​ថា​អស់​បួន​នាក់​ទាំងស្រុង​។ ខ្ញុំ​ទទួល​ថា​ទាំង​បួន​នាក់​។ ប្ដី​ក៏​អស់​។ ខ្ញុំ​អត់​និយាយ​លើក​កំហុស​ថា នេះ​គឺ​មក​ពី​អ្នកស្រី​ជា​សមាសភាព​១៧​មេសា​ទេ​។ ជា​មាគ៌ា​បក្ស​កុម្មុយនីស្ដ​កម្ពុជា មនុស្ស​១៧ មេសា គេ​អស់​យក​ប្រើ​ទេ ក៏​ប៉ុន្តែ​ប្រហែលជា កុយ ធួន ធ្វើ​ខុស​មាគ៌ា​។ ក៏ប៉ុន្តែ​ការសម្លាប់​មនុស្ស​ដែល​មាន​នៅក្នុង​ជួរ​ហើយ វា​ជា​រឿង​មួយ​ស្ថិត​នៅក្នុង​អាណត្តិ​ដែល ប៉ុល ពត កាន់កាប់​។ ដូច្នេះ​សម្រេច​យក​លោក ភោគ ហ៊​ន យកចេញ​ពី​ក្រសួង​ថាមពល ក៏​អចិន្ត្រៃយ៍​សម្រេច​។ សូមបញ្ជាក់​ថា ក្រសួង​ថាមពល​នៅ​ពេល​ក្នុង​ឆ្នាំ​១៩៧៦ ចាប់ពី​ពាក់កណ្ដាល​ឆ្នាំ​១៩៧៦ ទៅ​ប្ដូរ​អ្នកដឹកនាំ​ហើយ មិន​មែន​នៅ​លើ​បង រិទ្ធ តទៅទៀត​ទេ គឺ​នៅ​លើ​បង អ៊ុក ហើយ​និង​មិត្ត​ឆុន​។ ក៏ប៉ុន្តែ ប្ដូរ​អ្នកណា​ក៏​ដោយ​មាគ៌ា​វា​នៅតែ​ជា​មាគ៌ា​របស់​បក្ស​។ ដូច្នេះ កាល​ដែល​យក​លោក ភោគ ហ៊​ន ចេញ​មក​ក៏​ជា​មាគ៌ា​បក្ស​កុម្មុយនីស្ត​កម្ពុជា ហើយ​ប្រគល់​មក គឺ​គ្មាន​ប្រគល់​ទៅ​ណា​ទេ បញ្ជី​មាន​ច្បាស់​ហើយ ភោគ ហ៊​ន នៅ​ចូលមក​ដល់​ស​-២១​។ ដោយឡែក​តែ​កុមារ​បីនាក់ ដែលជា កូន​របស់​លោក ភោគ ហ៊​ន និង​អ្នកស្រី ប៊ូ ថុន អត់​មាន​បញ្ជី​ក៏ពិតមែន ខ្ញុំ​ក៏​ជឿ​ដូច​អ្នកស្រី ប៊ូ ថុន ដែរ ថា​អត់​ទៅ ណា​ទេ នៅ​នុ៎ង​។ ដូច្នេះ មួយឆ្នាំៗ អ្នកស្រី​អញ្ជើញ​ទៅ​បឹង​ជើងឯក អត់​ខុស​ទេ​កន្លែង​ហ្នឹង សព​ប្ដី​អ្នកស្រី សព​កូន​អ្នកស្រី​គឺ​នៅ​ទីនោះ​។ កំហឹង​ធ្លាយ​ពេលនេះ គឺ​ពិតជា​កំហឹង​របស់​ប្រជាជន​កម្ពុជា​ម្នាក់​។ ក្នុងចំណោម​ប្រជាជន​កម្ពុជា​រាប់លាន​នាក់ ដែល​បាត់បង់​ប្ដី ស្រី កូន ចៅ នៅពេលនោះ ខ្ញុំ​ទទួល​។ ទឹកភ្នែក​នេះ ជា​ទឹកភ្នែក​សុចរិត​។ ខ្ញុំ​ទទួល​ដោយ​គោរព បើសិន​និយាយ​ពី​ទោស​កំហុស​និង​ការសោកស្ដាយ ចង់​ជាតិ​ប្រជាជន​កម្ពុជា ចង្អុលមុខ​ខ្ញុំ​យ៉ាងម៉េច ថ្កោលទោស​យ៉ាងម៉េច សូម​អញ្ជើញ​ចិត្ត​ប្រជាជន​កម្ពុជា​លោក​ធ្វើ​ចុះ​។ បើសិនជា​មាន​ទំនៀមទម្លាប់​ខ្មែរ ដូច​ជំនាន់ ក្រោយ​ពី​ព្រះ​យី​ស៊ូ​គ្រឹស្ត​សុគ​ត​ទៅ​បន្តិច គេ​គប់​ដុំថ្ម​ទៅ​លើស្តេ​ហ្វាន់ ទៅលើ អេ​ចែន​។ ប្រជាជន​កម្ពុជា​លោក​ធ្វើ​អ៊ី​ទចឹង​ចំពោះ​ខ្ញុំក៏​ខ្ញុំ​ទទួល​ដែរ​។ ជីវិត​ខ្ញុំ​មួយ ប្រៀបធៀប​នឹង​ជីវិត​ប្រជាជន​ដែល​បាត់បង់​ជីវិត​ទៅ​នៅក្នុង​ពេល​នោះ​រាប់​លាន ​នាក់ ខ្ញុំ​អត់​មាន​ឃើញ​ជីវិត​ខ្ញុំ ថ្លៃថ្នូរ​អី​ទេ​….”​។​
-​ប្រតិ​ចារិក​ថ្ងៃទី​១៧ សីហា ២០០៩ ទំព័រ​៣៣ [​បន្ទាត់​៥-២២]៖ “​លោក​ប្រធាន​ជាទីគោរព​! ដំបូង​ខ្ញុំ​សូម​អនុញ្ញាត​និយាយ​ទៅ​រក​អ្នកស្រី លើ​ហ្វឺវ ដូចតទៅ​៖ ខ្ញុំ​សូម​ទទួលស្គាល់ថា ប្រវត្តិរូប​របស់​ក្រុមគ្រួសារ​លោក​ស្រី វា​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ ដែល​ខ្ញុំ​និយាយថា សច្ចធម៌ ប្រវត្តិសាស្ត្រ​ព្រោះ​វា​មាន​លក្ខណៈ​អមតៈ​។ បានន័យថា ពេល​ណា​គេ​ចង់​ស្រាវជ្រាវ​អំពី​ទុក្ខវេទនា​របស់​ប្រជាជន​ខ្មែរ គេ​រត់​ទៅ​រត់ទៅរក​ឯកសាររ​បស់​អ្នកស្រី លើ​ហ្វឺវ នេះ​ពិត​ប្រាកដ​។ ដូច្នេះ​សច្ចធម៌​ពិតប្រាកដ​វា​ប្លែក​ពី​ផ្កា​។ ផ្កា​វា​មាន អាយុកាល​របស់​វា វា​ចេះ​រីក​វា​ចេះ​រោយ ឯ​ចំណែក​សច្ចធម៌​ប្រវត្តិសាស្ត្រ​វា​អត់​ចេះ​រីក​ចេះ​រោយ​ទេ វា​ជា​សច្ចធម៌​ជា​រៀងរហូត​។ ទុក​វេទនា​របស់​ប្រជាជន​កម្ពុជា​ក្នុង​នោះ​មាន​ទុក្ខវេទនា​របស់​អ្នកស្រី លើ​ហ្វឺវ ហើយ​និង​កូនៗ​។ ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​ដែល​មនុស្ស​លោក​បំភ្លេច​មិនបាន​។ នេះ​ខ្ញុំ​សូម​ទទួលស្គាល់​ប៉ុណ្ណេះ​។ តទៅ​នេះ​ខ្ញុំ​សូម​ជម្រាប​បញ្ជាក់ជូន​អ្នកស្រី លើ​ហ្វឺវ ក៏​ដូចជា​ជូន​អង្គជំនុំជម្រះ ក៏​ដូចជា​ជូន​ជាតិ​ប្រជាជន​កម្ពុជា​ថា ខ្ញុំ​អត់​គេច​ទេ ខ្ញុំ​ដាក់ខ្លួន​ជូន​តុលាការ​វិនិច្ឆយ​។ ឧក្រិដ្ឋ​កម្មនេះ ពិតជា​មិន​អាច​អត់ឱន​ឲ្យបាន​ជាតិ​ប្រជាជន​កម្ពុជា លោក​ចង្អុលមុខ​ខ្ញុំ​យ៉ាងម៉េច ចង្អុល​ចុះ ស្ដីបន្ទោស​ខ្ញុំ​យ៉ាងម៉េច​ស្ដីបន្ទោស​ចុះ ថ្កោលទោស​យ៉ាងម៉េច ថ្កោលទោស​ចុះ​។ ឯក​ចំណែក​តុលាការ​ក៏​មាន​នៅ​ទីនេះ​ស្រាប់ ដែល​ខ្ញុំ​ប្រគល់​ខ្លួន​ជូន​។ ឧក្រិដ្ឋកម្ម​នៅ ស​-២១ ខ្ញុំ​ទទួលខុសត្រូវ​ទាំង​ខាង​ផ្លូវច្បាប់ ទាំង​ខាង​ផ្លូវចិត្ត ឯ​ចំណែក​ឧក្រិដ្ឋកម្ម​ទូទាំងប្រទេស​ខ្ញុំ​ទទួលខុសត្រូវ​តាម​ផ្លូវ​ចិត្ត នេះ​សូម​បញ្ជាក់​ប៉ុណ្ណឹង​។ ខ្ញុំ​អត់​ប្រកែក​ទេ មួយ​ជំហាន គឺ អត់​ប្រកែក​ទេ​។ ចំពោះ​មុខ​នេះ គឺ​ខ្ញុំ​សូមទោស​អ្នក​ស្រី លើ​ហ្វឺវ ហើយ​និង​បុត្រី ដែល មាន​មុខ​នៅ​ទីនេះ តាមរយៈ​នេះ ក៏​ដូច​សូមទោស​ស្រី​មេម៉ាយ​ទាំងអស់​នៅ​កម្ពុជា ហើយ​និង​កូនកំព្រា​ទាំងអស់​ដែល​កំព្រា​ឪពុក​នៅ​កម្ពុជា​ដែរ​។ នេះ​ខ្ញុំ​សូម​បញ្ជាក់​ជូន​ប៉ុណ្ណេះ ដោយ​គោរព​”​។​
-​ប្រតិ​ចារិក​ថ្ងៃទី​១៧ សីហា ២០០៩ ទំព័រ​៥១ [​បន្ទាត់​២០-២៥] ដល់​ទំព័រ ៥២ [​បន្ទាត់​១-៦]៖ “​លោក​ប្រធាន​ជាទីគោរព​! ខ្ញុំ​សូម​អនុញ្ញាត​និយាយ​ទៅរក​កញ្ញា អ៊ុក នារី ដោយផ្ទាល់ ដូចតទៅ​៖ ទី​មួយ​ខ្ញុំ​សូម​លំឱនកាយ​ចិត្ត​ទទួលស្គាល់​សក្ខីកម្ម​របស់ អ៊ុក នារី ក្នុងឋានៈ​ជា​ក្មេង​កំព្រា​មួយរូប​ដែល​បាត់បង់​ឪពុក នៅ ស​-២១​។ សក្ខីកម្ម​ទាំងអស់នេះ វា​មាន​តម្លៃ​ណាស់ វា​ជា​ឯកសារ​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ក្មេង​ជំនាន់ ក្រោយ​តទៅ ទៀត​កុំឲ្យ​ភ្លេច កុំ​ឲ្យ​មនុស្ស​ជាតិ​យើង​វា​ធ្លាក់​ទៅក្នុង​ឧក្រិដ្ឋកម្ម​បែប​នេះ​តទៅទៀត​ នោះ ។ ទៅ​ថ្ងៃមុខ​យើង​អាច នឹង​ឮ សក្ខីកម្ម​របស់​ក្មេង​កំព្រា​ឪពុក​ជាច្រើន​តទៅទៀត ខ្ញុំ​រង់ចាំ​ទទួល​ស្ដាប់​ទាំងអស់​។ នេះ​បញ្ហា​ទីមួយ​។ បញ្ហា​ទី​ពីរ គឺ​ឧក្រិដ្ឋកម្ម​របស់​ស​-២១ ទៅលើ​ជាតិ​ប្រជាជន​កម្ពុជា​ខ្ញុំ​និយាយ​ហូរហែ​ហើយ ក៏ប៉ុន្តែ​ឧក្រិដ្ឋកម្ម​របស់​ខ្ញុំ ទៅលើ​អ្នក​នៅ​រស់​ដែល​ជា​ក្មេង​កំព្រា ខ្ញុំ​សូមបញ្ជាក់ថា​អត់​ប្រកែក​ទេ ខ្ញុំ​ទទួលខុសត្រូវ​ទាំង​ចំពោះ​មុខ​ច្បាប់ ទាំង​ខាង​ផ្លូវ​ចិត្ត​លើ​ឧក្រិដ្ឋកម្ម​ទាំងអស់នេះ នៅ​ចំពោះមុខ​ក្មេង​កំព្រា​គ្រប់​រូប​ដែល មាន​មុខ​នៅ​ទីនេះ ដែល​បាន ដាក់​បណ្ដឹង​ប្បវេណី​ហើយ​ក្ដី ដែល​អត់​បាន​ដាក់​បណ្ដឹង​រដ្ឋប្បវេណី​ក្ដី ខ្ញុំ​សូម​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ និង​ខាង​ផ្លូវចិត្ត​។ ខ្ញុំ​សូម​គោរព​បញ្ចប់​សេចក្ដីបញ្ជាក់​របស់ខ្ញុំ​ប៉ុណ្ណេះ ដោយ​គោរព​”​។​
-​ប្រតិ​ចារិក​ថ្ងៃទី​១៧ សីហា ២០០៩ ទំព័រ​៨៤ [​បន្ទាត់​៣-២៥]៖ “​លោក​ប្រធាន​ជាទីគោរព​! ដំបូង​ខ្ញុំ​សូម​ទទួលស្គាល់ថា ទុក្ខសោក​របស់​គ្រួសារ ហា​មី​ល​ទាំងមូល រួម​ទាំង​ទុក្ខសោក​របស់​គ្រួសារ ជូ​ហ៊ើស វា​កើត​ចេញ​មកពី​មរណភាព​របស់ ឃេ​រី ហើយ​និង ច​ន ជូ​ហ៊ើស នៅ​ស​-២១​។ ទុក្ខសោក​នេះ​ធំធេង និង​ជ្រាលជ្រៅ​ណាស់ ស្លាប់​មនុស្ស​ពីរ​នាក់​នៅ​ស​-២១ វា​បណ្តាល​ឲ្យ​ទុក្ខសោក​គ្រួសារ​ពីរ​។ គ្រួសារ​មួយ នៅ​ណូវែល​ហ្សឺ​ឡង់ គ្រួសារ​មួយ​នៅ​អង់គ្លេស​។ ទុក្ខសោក​របស់​ប្រជាជន​កម្ពុជា​ធំធេង​។ ទុក្ខសោក​របស់​គ្រួសារ​ពីរ​នេះ វា​ជា​វត្ថុ​មួយ​ដែល​បង្ហាញ ឲ្យឃើញថា ប្រជាជន​កម្ពុជា​គ្រប់​រូប សុទ្ធតែ​រង​ទុក្ខ​របៀបនេះ​គ្រប់គ្នា​។ ក្នុងឋានៈ​ខ្ញុំ​ជា​អ្នកដឹកនាំ​ស​-២១ ខ្ញុំ​អត់​គេច​ពី​ស្មារតី​ទទួលខុសត្រូវ​ទេ ទទួលខុសត្រូវ ទុក​ឲ្យ​ជនរងគ្រោះ​ទាំងអស់ និង​ក្រុមគ្រួសារ​លោក​ចង្អុលមុខ​ខ្ញុំ​ចុះ ដូច រ៉ូបឺត ធ្វើ​ចំពោះ​ខ្ញុំ ខ្ញុំ​មិន​តូចចិត្ត​ទេ​។ អញ្ជើញ​ចុះ​។ នេះ​ជា​សិទ្ធិ របស់​លោក​ហើយ ខ្ញុំ​ទទួល​ដោយ​គោរព​។ ​ក្នុងឋានៈ​ខ្ញុំ​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​មុខ​ឧក្រិដ្ឋកម្ម​បែបនេះ ខ្ញុំ​បាន​និយាយ​ជូន​អង្គ​សវនាការ​រួចមកហើយ​ថា ទោះបី​ជាតិ​ប្រជាជន លោក​គំ​ដុំថ្ម​ខ្ញុំ​ឲ្យស្លាប់ ដូច ស្តេ​ហ្វាន ដែល​បារាំង ហៅថា អ៊ី​ចែ​ន ក៏​ខ្ញុំ​ទទួល​។ មិន​មែន​ថា ខ្ញុំ​អស់​សង្ឃឹម​នឹង​ជីវិត​រក​ធ្វើអត្តឃាត គឺ​អត់​ទេ ខ្ញុំ​អត់​មាន​បំណងប្រាថ្នា​នោះទេ ក៏ប៉ុន្តែ​យើង​មើល ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ អ្នក​ដែល​គេ​បំពេញ​ភារកិច្ច​មិន​បាន​តាម​បំណង​ទេ ដូចជា អេវ័​ត រ៉ា​ហ្គ​ត អ្នក​គំនូរ គូរ​មិន​បាន​តាមចិត្ត​គាត់ គាត់​កាត់​ស្លឹកត្រចៀក បិទ​ប៉ង់​ស៊ីម៉ង់ត៍ ហើយ​គូររូប​វិញ​តទៅទៀត​។ នៅ​ជប៉ុន​ថ្មីៗ​នេះ ប្រហែលជា​មួយ​ឆ្នាំ​ពីរ​មុននេះ មាន​អ្នកឯកទេស​ម្នាក់ គេ​ធ្វើ​អត្តឃាត​ព្រោះ​មើល​ប្លង់​ដែល​បន្លំ​នោះ​មិន​ទាន់​។ ​ដូច្នេះ ខ្ញុំ​ផ្ទាល់​ខ្លួន ដែល​ធ្វើ​បដិវត្តន៍​គឺ​ដើម្បី​រំដោះ​ជាតិ​។ ក៏ប៉ុន្តែ ចុងបញ្ចប់​ទៅ​ជា​វិនាស​អន្តរាយ​ប្រទេសជាតិ​ខ្លួនឯង​។ ជីវិត​មនុស្ស​ស្លាប់​ជាង​មួយ​លាន​នាក់ មួយ​លាន​នាក់​ស្លាប់ តើ​អ្នក​រង​ទុក្ខវេទនា​ដែល​នៅសល់​ប៉ុន្មាន​។ ដូច្នេះ ខ្ញុំ​ហ៊ាន ធ្វើ​ខ្ញុំ​ហ៊ាន​ទទួលខុសត្រូវ ទោះបីជា​ប្រជាជន​លោក​ដាក់ទោស​ខ្ញុំ​ប៉ុនណា ក៏​ខ្ញុំ​អត់​ប្រកែក​ទេ ដែល​ខ្ញុំ​ចេញមុខ មក​បង្ហាញ ខ្លួន សុំ​ទទួល​ការជំនុំជម្រះ​ពី​អង្គជំនុំជម្រះ​នេះ ក៏​ដោយ​ស្មោះ ដោយ​ស្ម័គ្រ ដោយ​ឈឺចាប់​នឹង​កំហុស​របស់​ខ្លួន នេះ​គឺ និយាយ​ទៅ​តាម​ពិត អត់​មាន​កែ​កាឡៃ​ថា យកពាក្យ​មក​ដោះសារ​ដើម្បី​បូរបាច់​ស្អី គឺ​អត់​មាន​ទេ​។ នេះ​គឺជា​សុទ្ធ ចិត្ត ដែល​ខ្ញុំ​សូម​លំអោន​ចំពោះ​ជាតិ​ប្រជាជន​កម្ពុជា​ទាំងមូល​មក​ដាក់ខ្លួន​ ចំពោះមុខ​តុលាការ​នេះ​ប៉ុណ្ណេះ​។ សូម​គោរព​បញ្ចប់​ប៉ុណ្ណេះ​”​។​
-​ប្រតិ​ចារឹក​ថ្ងៃទី​១៨ ខែ​សីហា ឆាំ្ន​២០០៩ ទំព័រ​២៧ [​បន្ទាត់​២-១៨]៖ “​លោក​ប្រធាន​ជាទីគោរព​! ដំបូង ខ្ញុំ​សូម​អនុញ្ញាត​លោក​ប្រធាន​ថ្លែងសេចក្តី​គោរព​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​លោក​ជំទាវ មាស កេត ដែល​លោក​ចាស់​ហើយ លោក​បាន​អញ្ជើញ​មក​នៅ​ទីនេះ​។ នេះ​ជា​កិត្តិយស​មួយ​សម្រាប់​ខ្ញុំ ។ លោក ជំទាវ មាស កេត ចាស់​ជាង​ម្តាយ​ខ្ញុំ​បី​ឆ្នាំ​។ លោក​អញ្ជើញ​មក ខ្ញុំ​សូម​អរគុណ ហើយ​សូម​ថ្វាយបង្គំ​លោក​ពី​ចម្ងាយ​។ នេះ​ជា​រឿង​មួយ​។ ឯ​ចំណែក​រឿង ជូ​ឡុង រង្ស៊ី ខ្ញុំ​ដឹង​តាំងពី​ខ្ញុំ​នៅ​ធ្វើ​អា​អនុប្រធាន​ម្ល៉េះ​។ ខ្ញុំ​ស្គាល់​សំឡេង រង្ស៊ី តាំងពី​ខ្ញុំ​នៅ​ជាប់គុក ឮសូរ​សំឡេង​តាម​វិទ្យុ​។ ដូច្នេះ ជូ​ឡុង រង្ស៊ី ចូលមក​ដល់​ស​-២១ ខ្ញុំ​អត់​បាន​ទៅ​អើត​មើល​មុខ​គាត់ យ៉ាងម៉េច​ទេ  ខ្ញុំ​ឃើញ​ដែល​ខ្ញុំ​ឡើង​ធ្វើ​ប្រធាន​ហើយ  ឯកសារ​គឺ​ចប់​បាត់​ហើយ​។ ពេលនោះ ខ្ញុំ​ជម្រាប​ដោយ​ត្រង់ ខ្ញុំ​ស្មាន​តែ​មក​ជាប់​តែ រង្ស៊ី ទេ លឹម​គី ម៉ា​រី គេ​នៅ​ឯ​ស្រុក​បារាំង​ឯណោះ​។  ដល់​ក្រោយមក ខ្ញុំ​ឃើញ​ឱ​ទាំង​ពីរ​នាក់​ជាប់​ពី​អង្កាល់​។  នេះ​ពី​រឿង​ផ្ទាល់​ខ្លួន​ខ្ញុំ ដែល​ដឹង​អំពី​រឿង​នេះ​។ ដោយឡែក​សក្ខីកម្ម​របស់ អង់​តូ​នីញ៉ា ជា​សក្ខីកម្ម​រស់ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​រស់ ជា​ទុក្ខវេទនា​របស់​ក្រុម​គ្រួសារ​មួយ​ដែល​បាត់បង់​មនុស្ស​ពីរ​នាក់​។ នេះ​វា​ជា​ឯកសារ ប្រវត្តិសាស្ត្រ​ដែល​មាន​លក្ខណៈ​អមតៈ   ដែល​អាច​ទុក​ជា​កេរដំណែល​ឲ្យ​អ្នកស្រាវជ្រាវ​ជំនាន់​ក្រោយ​លោក​ដឹងថា ឧក្រិដ្ឋកម្ម​ជំនាន់​នេះ វា​យ៉ាង​ម៉េច ប៉ះពាល់​ដល់​គ្រួសារ​ណាខ្លះ គ្រួសារ​នីមួយៗ វា​មាន ការ​ចុកចាប់​ប៉ុនណា ខ្ញុំ​សូម​ទទួលស្គាល់ថា នេះ​ជា​ការពិត​។  ដោយឡែក​ចំពោះ​រូប​ខ្ញុំ​ខ្ញុំ​នៅ​តែ​រក្សា​ពាក្យ​ដដែល​អត់​វេច​វេរ​ស្មារតី​ ទទួលខុសត្រូវ​ចំពោះ​មុខ​ឧក្រិដ្ឋ​-​កម្មនេះ​ទេ​។ សូម​ជម្រាប​លោក​ជំទាវ​ដោយស្មោះ​។ សូម​ជម្រាប​អ្នកស្រី​ដោយស្មោះ​។​សូម​គោរព សូម​ចប់​”​។​
-​ប្រតិ​ចារឹក​ថ្ងៃទី​១៨ ខែ​សីហា ឆាំ្ន​២០០៩ ទំព័រ​៤១ [​បន្ទាត់​១៤-២១] ទំព័រ​៤២ [​បន្ទាត់​៣-១០]៖ “​ជម្រាប​ប្រសាសន៍​លោក​ប្រធាន​! ការទទួលខុសត្រូវ​ខាង​ផ្លូវចិត្ត​ដែល​យើងខ្ញុំ​ធ្វើទៅបាន​យ៉ាងម៉េច​ធ្វើ​ ទាំងអស់​។ ទីមួយ គឺ​មិន​ក្បត់​នឹង​វិញ្ញាណក្ខន្ធ​អ្នក​ដែល​ស្លាប់​ទេ​។ អ្នកណា​ដែល​ស្លាប់​ទៅ​នៅ ស​-២១ ទទួល​ទាំងអស់​ថា គេ​ពិតជា ស្លាប់​នៅ​ទី​នោះ​មែន​។  គេ​ស្លាប់​ដោយ​ទារុណកម្ម​មុននឹង​ទៅ​ស្លាប់ ក៏​យើងខ្ញុំ​ទទួល ហើយ​ទទួល​រាយការណ៍​ជូន ជាតិ ប្រជាជន​កម្ពុជា​ទាំងអស់ ថា​រឿង​នេះ​វា​សាហាវ គឺ​ទទួល​បែបនេះ​។ ហើយ​ថ្មីៗ​នេះ  អង្គ​សវនាការ​ឃើញ​ហើយ  ដើម​បណ្ដឹងរដ្ឋប្បវេណី​តាំង​ពី​អ្នកស្រី ប៊ូ ថុន រហូតមកដល់​ពេលនេះ ខ្ញុំ​ទទួល​ឲ្យគេ​បន្ទោស ឲ្យគេ​ថ្កោលទោស ហើយ​ទទួលស្គាល់​នូវ​ទុក្ខវេទនា​របស់​គេ​ទុក​ជា​ព្រឹត្តការណ៍​ ប្រវត្តិសាស្ដ្រ​។ ទាំងអស់នេះ​ហើយ ដែល​យើងខ្ញុំ​យល់ថា ជា​ការទទួល ខុស​ត្រូវ​ខាង​ផ្លូវចិត្ត​ដែល​ត្រូវតែ​ធ្វើ​ជា​ដំបូង​។ នេះ​ខ្ញុំ​សូម​បញ្ជាក់​ជូន​ប៉ុណ្ណេះ​”​។​
“​សូម​គោរព​លោក​ប្រធាន​! ជនរងគ្រោះ​ឈ្មោះ ចិន សៀ អតីត​កម្មាភិបាល​មក​ពី​ហាណូយ ហើយ​ជា​អតីត​កម្មាភិបាល ដែល​ជួយ​ការងារ​នៅ​សាលា​គ​-៩២ ក្រោយមក​មក​ជាប់​នៅ​បឹងត្របែក ហើយ​ត្រូវ​គេ​ចាប់បញ្ជូន​មក​ស​-២១ យើងខ្ញុំ​ទទួលស្គាល់​។ ឯកសារ ស​-២១ នៅទីនេះ ជា​ភស្ដុតាង​ស្រាប់ យើងខ្ញុំ​អត់​ប្រកែក​ទេ​។ គ្រាន់តែ​សូម​បញ្ជាក់​បន្ដិច​ថា ប្រវត្តិ​សាលា​គ​-៩២ នេះ ខ្ញុំ​ដឹង​ជា​សាលា ដែល លោកគ្រូ សុន សេន មេ​ខ្ញុំ​គាត់​ធ្វើ កាល​គាត់​នៅ​ជា​សហប្រធាន​ភូមិភាគ​ឧត្តរ​។ ដូច្នេះ ព្រឹត្តការណ៍​ប្រវត្តិសាស្ដ្រ ដែល​ខ្ញុំ​សូម​បញ្ជាក់​បន្ថែម​ប៉ុណ្ណឹង ដើម្បី​បញ្ជាក់​ថា វិញ្ញាណក្ខន្ធ​លោក ចិន សៀ ហៅ ហាន ពិតជា ទៅ​ស្លាប់​នៅ​មន្ទី​រស​-២១ មែន​។​នេះ​គឺ​បញ្ជាក់ ហើយ​ទទួលស្គាល់ និង​ទទួល ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ និង​ខាង​ផ្លូវចិត្ត​ក្នុង​មរណភាព​របស់​លោក ចិន សៀ​”​។
-​ប្រតិ​ចារឹក​ថ្ងៃទី​១៨ ខែ​សីហា ឆាំ្ន​២០០៩ ទំព័រ​៨៥ [​បន្ទាត់​២-៩]៖ “​លោក​ប្រធាន​ជាទីគោរព​! ដំបូង​ខ្ញុំ​សូម​បញ្ជាក់​ម្ដងទៀត​ថា ខ្ញុំ​សូម​ទទួលស្គាល់​ថា​មិត្ត នេ​ត ប៊ុន ធី នេះ​មក រងគ្រោះ​ស្លាប់​នៅ​មន្ទី​រស​-២១ មែន​។ ចូលមក​ដល់​មន្ទី​រស​-២១ នៅ​ថ្ងៃ​២៤ ខែ​ធ្នូ ១៩៧៨ នេះ​ពិត​។ ហើយ​រឿងរ៉ាវ​ជា​ប្រវត្តិសាស្ដ្រ​រវាង​បក្ស​កុម្មុយនីស្ដ​កម្ពុជា  និង​កងទ័ព​បូព៌ា ខ្ញុំ​បាន​បញ្ជាក់ជូន​អង្គ​សវនាការ​អម្បាញ់មិញ​ហើយ  ខ្ញុំ​អត់​និយាយ​តទៅទៀត​ទេ​។ ទុក្ខសោក​របស់​យុទ្ធជន​និង​កម្មាភិបាល​ដែល​ប្រតិបត្តិការ​នៅ​ខាង​ភូមិភាគ​ បូព៌ា​ធំធេង​។ ទុក្ខវេទនា​ដែល​លោក នេ​ត ផល្លី ហៅ ឆើត ផល្លី ធ្វើ​សក្ខីកម្ម​នៅមុខ អង្គជំនុំជម្រះ នេះ​ជា ផ្នែក​មួយ នៃ​ទុក្ខសោក​របស់​យុទ្ធជន និង​កម្មាភិបាល​ភូមិភាគ​បូ​ព៌ា ពី​ថ្ងៃ ១៧ មេសា រហូត​ដល់​ថ្ងៃ​៧ មករា ១៩៧៩​។ ខ្ញុំ​សង្កេត ឃើញ​សក្ខីកម្ម​ក្នុង​រយៈកាល​នេះ ឈរ​នៅលើ​សេចក្ដី​ពិតជា​មូលដ្ឋាន​”​។
-​ប្រតិ​ចារឹក​ថ្ងៃទី​២០ ខែ​សីហា ឆាំ្ន​២០០៩ ទំព័រ​៣២ [​បន្ទាត់​១២-២៥] ដល់​ទំព័រ ៣៣ [​បន្ទាត់​១-៥]៖ “​សូម​គោរព​លោក​ប្រធាន​! ខ្ញុំ​សូម​បញ្ជាក់​សាជាថ្មី​ឡើងវិញ​ថា ទី​មួយ​មិត្តភក្តិ មិត្តភក្តិ​ចាស់​ដែល​ធ្លាក់​ទៅ​ស​-២១ ច្រើន ណាស់​។ ម្នាក់​នោះ​មិនមែន​ជា​មិត្តភក្តិ​ផង គាត់​អាយុ​ច្រើន​ជាង​ខ្ញុំ​ប្រហែល​ជា​លោក ជុំ ស៊ី​រ៉ាត់ ស្គាល់​ដែរ សាស្ត្រាចារ្យ​ប្រវត្តិវិទ្យា​នៅ​លី​សេ​ស្គន់ គិន អូន  ធ្លាក់​ទៅ​មុន​គេ​ហើយ ខ្ញុំ​អត់​ដឹង​ទេ ទាល់តែ​ឃើញ​សេចក្ដី​សារភាព​មក បាន​ខ្ញុំ ដឹងថា អ៎​! គិន អូន មកហើយ​។ ដូច្នេះ ចំពោះ​បញ្ហា​មិត្តភក្តិ​ដែល​ខ្ញុំ​ធ្លាប់​ស្គាល់  ធ្លាប់​គោរព ធ្លាប់​ស្រឡាញ់ ខ្ញុំ​គេច​មុខ យក​តែ​រួចខ្លួន​ទេ  អត់​បាន​ទៅ​អើត​ទេ  នេះ​ជម្រាប​ដោយ​ត្រង់​។ នេះ​ហើយ​ដែល​ខ្ញុំ​ហៅថា ក្បត់​មិត្ត ក្បត់​ភក្តិ​។ ដូច្នេះ ជុំ ណា​រិត ក៏​ចូល​ក្នុង​ជំពូក​ហ្នឹង​ដែរ គឺ​អ្នក​ណា​មក​ប៉ុន្មាន​នាក់​ក៏​ខ្ញុំ​ខំ​បំភ្លេច ខំ​គេច ខំ​ធ្វើ​មិនដឹង​នេះ​ចំពោះ​មិត្តភក្តិ ខ្ញុំ​អត់ មានលទ្ធភាព​អីហ្នឹង​ជួយ​ទេ ដូច​លោក​ជម្រាប​ហើយ​គោលការណ៍​អ្នកណា​ដែល​គេ​ចាប់​បញ្ជូន​មក​ហើយ ចាត់ទុកជា ខ្មាំង​នេះ​ជា​បញ្ហា​មួយ​។ ឯ​ចំណែក​បញ្ហា​មួយទៀត លោក​មាន​បញ្ហា​អំមិញ​អំពី​ភ្នែក​បី​ម៉ឺន​ជាង  ខ្ញុំ​ទទួលស្គាល់​បញ្ហា នេះ​ដោយសារ​បញ្ហា​នេះ​បាន​ប៉ុន្មាន​ថ្ងៃនេះ ខ្ញុំ​និយាយថា​ទទួល​ទាំងអស់​សូម​ដើម​បណ្ដឹងរដ្ឋប្បវេណី លោក​ចង្អុលមុខ​ខ្ញុំ​ចុះ លោក​ថ្កោលទោស​ខ្ញុំ​ចុះ លោក​ស្តីបន្ទោស​យ៉ាងម៉េច​ក៏​បាន​ដែរ ខ្ញុំ​ទទួល​។ ផ្ទាល់​ខ្លួន​លោក លោក​ឃើញ ហើយ​អំមិញ  លោក​ចង្អុលមុខ​ខ្ញុំ​យ៉ាងម៉េច  លោក​ថ្កោលទោស​ខ្ញុំ​យ៉ាងម៉េច​ខ្ញុំ​ទទួល​ដោយ​ញញឹម ខ្ញុំ​អត់​ប្រកែក ហើយ អត់​តថ្លៃ​អី​នឹង​លោក​មួ​យ​ម៉ាត់​ទេ​។ នេះ​ជា​សុទ្ធ​ចិត្ត ដែល​ខ្ញុំ​បើក​ជូន​បងប្អូន​ជនរងគ្រោះ​ទាំងអស់ ដែល​បាត់បង់ ឪពុក ម្តាយ ដែល​បាត់បង់​បងប្អូន ។ រួច​ខ្ញុំ​រហូតដល់​និយាយ​ប៉ុន្មាន​ថ្ងៃនេះ វា​ជ្រុល​ថែម​ទៀត ខ្ញុំ​សូម​មិន​រំឭក​បញ្ហា​នេះ​ទេ ជាតិ ប្រជាជន​កម្ពុជា លោក​ឮ​ហើយ​។ ដូច្នេះ សូម​លោក​បញ្ជាក់ ខ្ញុំ​សូម​បញ្ជាក់​ជូន​លោក​ដោយ​ស្មោះត្រង់ ខ្ញុំ​អត់​មាន​ទឹកចិត្ត​គំនុំសងសឹក​នឹង​លោក គ្មាន​ចិត្ត​ចង់​តបត​នឹង​លោក គ្មាន​ចិត្ត​ប្រកែក​អី​នឹង​លោក​ទេ លោក​ស្តីបន្ទោស​ខ្ញុំ អញ្ជើញ ខ្ញុំ​អត់ ប្រកែក​ទេ ទទួល​ដោយ​ស្មោះ អត់​មាន​ពន្យុះ​ប្រសោក ទទួល​ហ្នឹង ទទួល​ដោយ​ស្មោះ នេះ​សូម​បញ្ជាក់​ជូន​ប៉ុណ្ណេះ ដោយស្មោះ​”​។
-​ប្រតិ​ចារឹក​ថ្ងៃទី​២៤ ខែ​សីហា ឆាំ្ន​២០០៩ ទំព័រ​៣៧ [​បន្ទាត់​១៥-១៧]៖ ​សូម​គោរព​លោក​ប្រធាន​!  ខ្ញុំ​ទទួលស្គាល់​ទុក្ខវេទនា​ទាំងអស់​របស់​អ្នកស្រី ជុំ នៅ ដែល​រាយការណ៍​ក្នុង​រយៈ​ពី​ពេល ដែល​អ្នកស្រី ជុំ នៅ ទៅ​រងទុក្ខវេទនា​នៅ​មន្ទីរ​ព្រៃ​ស ដែល​ហៅថា ស​-២៤ រហូត​ដល់​ថ្ងៃ​០៧ មករា ១៩៧៧  ហើយ ក្រោយ​មក​អ្នកស្រី ជុំ នៅ រត់​ទៅ​ជាមួយ​យើងខ្ញុំ​”​។
-​ប្រតិ​ចារឹក​ថ្ងៃទី​២៥ ខែ​សីហា ឆាំ្ន​២០០៩ ទំព័រ​៥០ [​បន្ទាត់​៩-២៤] ដល់​ទំព័រ ៥១ [​បន្ទាត់​១-១៣]៖ “​ដោយឡែក​ខ្ញុំ ជា​អ្នកទទួលខុសត្រូវ​នៅ​មន្ទីរ ស​-២១ ក្នុងឋានៈ​ជា​ប្រធាន​នៃ​យន្តការ​ឧក្រិដ្ឋ​នេះ ខ្ញុំ​នៅតែ​តាំងចិត្ត​ដាច់ខាត ថា​ទទួលខុសត្រូវ​គ្រប់​ឧក្រិដ្ឋកម្ម​ទាំងអស់ ដែល​កើតមាន​នៅ ស​-២១ ទាំង​ខាង​ផ្លូវច្បាប់ ទាំង​ខាង​ផ្លូវចិត្ត​។ ទី​ពីរ ខ្ញុំបាទ កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច មិនមែន​ជា​អ្នកទទួលខុសត្រូវ​លើ​មន្ទីរ​សន្ដិបាល​ទូទាំង​ប្រទេស​ទេ ក៏ប៉ុន្តែ​ខ្ញុំបាទ ជា​បក្ខជន ម្នាក់​របស់​បក្ស​កុម្មុយនីស្ដ​កម្ពុជា​។ ខ្ញុំ​នៅតែ​ទទួលខុសត្រូវ​ខាង​ផ្លូវ​ចិត្ត​លើ​ឧក្រិដ្ឋកម្ម​ទាំងអស់​ទៅ​ជាតិ ប្រជាជន​កម្ពុជា​គ្រប់​រូប​ក្នុង​របប នោះ ជាតិ​ប្រជាជន​កម្ពុជា​ធ្វើ​ខ្ញុំ​យ៉ាងម៉េច​ធ្វើ​ចុះ​។ តទៅទៀត ខ្ញុំ​សូម​និយាយ​អំពី បញ្ហា ជាក់ស្ដែង ខ្លះ ផ្ទាល់​ខ្លួន​ខ្ញុំ នៅពេល​ដែល​ប្រឈមមុខ​នឹង​ជនរងគ្រោះ ស្ដ្រី​មេម៉ាយ កុមារកំព្រា ស្ដ្រី​មេម៉ាយ​ច្រើនណាស់​ដែល​អញ្ជើញ មក​នៅ​ទីនេះ ថ្កល់​ទោស​ខ្ញុំ ចង្អុល​ខ្ញុំ ខ្ញុំ​បាន​ធូរចិត្ត​ហើយ​។ ខ្ញុំ​បាន​ដាក់ ខ្លួន​ឲ្យ អ្នកផង​ឃើញថា ខ្ញុំ​ទទួលស្គាល់​ទោស​ឧក្រិដ្ឋ​របស់​ខ្ញុំ​ហើយ ។ តែ​សោកស្ដាយ​ដែរ ស្រី​មេម៉ាយ​ផ្សេង ទៀត​អត់​បាន​មក​….. ខ្ញុំ​សូម​គោរព សុំទោ​សស្ដ្រី​មេម៉ាយ​ទាំងអស់​អំពី​ចម្ងាយ រួម​ទាំង​ម៉ា​ដា​ម ចៅ សេង រួមទាំង​អ្នក ប៉ាន់ ប៉ូ​លីន ផង ឯ​ចំណែក​ប្រពន្ធ រត់ គត់ ប្រហែល​ជា​ដាច់​ពូជ​ហើយ​។ ដោយឡែក​កុមារកំព្រា​មក​ដាក់​ពាក្យ​បណ្ដឹង​នៅ​ទីនេះ ច្រើន គួរសម ប៉ុន្តែ​ក៏​នៅ​ខ្លះទៀត​មិន​បាន​មក​ថ្លែង​ក្នុង​សវនាការ​ទេ​។ ក៏ប៉ុន្តែ​មាន​អ្នក​មិន​ដាក់ពាក្យ​មក បើ​តាម​ខ្ញុំ​បូក​សរុប​ដប់​នាក់​ហើយ ដប់​នាក់​ហើយ គេ​អត់​ដាក់​ពាក្យបណ្ដឹង​មក​ទេ​។ ដាក់​ពាក្យបណ្ដឹង ឬ​មិន​ដាក់​បណ្ដឹង ខ្ញុំ​នៅតែ​ទទួល ខុស​ត្រូវ ឱន​កាយ​ទទួល​ស្ដាប់ ហើយ នៅ​តែ​ជឿ​ថា គេ​ទទួល​ឥទ្ធិពល​អាក្រក់​ខាង​ផ្លូវចិត្ត ដូច​លោក​បណ្ឌិត ឈិម សុធា​រ៉ា លោក​មាន ប្រសាសន៍​អ៊ី​ន​ចឹង​។ នេះ​ជា​ឧក្រិដ្ឋកម្ម​មួយ ដែល​ទាមទារ​ពេលវេលា​យូរណាស់ ដើម្បី​ដោះស្រាយ​។ ដូច្នេះ​សរុបមក​ស្នាដៃ​ជា​និក្ខេបបទ​របស់​ដុក​ទ័រ ឈឹម សុធា​រ៉ា ខ្ញុំ​អត់​អី​ប្រកែកប្រណាំង​ទេ ទទួលស្គាល់ថា ជា​ស្នាដៃ វិទ្យាសាស្ដ្រ​។ សូម​គោរព ហើយ​សូម​គោរព​បងប្អូន​ទាំងអស់ ដែល​នៅ​ទីនេះ​”​។​
-​ប្រតិ​ចារឹក​ថ្ងៃទី​០២ ខែ​កញ្ញា ឆាំ្ន​២០០៩ ទំព័រ​៦៦ [​បន្ទាត់​១៤-២៥] ដល់​ទំព័រ ៦៧ [​បន្ទាត់​១-១៣]៖ “​ជម្រាប​ប្រសាសន៍​លោកជំទាវ ការទទួលស្គាល់​ពិរុទ្ធភាព​របស់ខ្ញុំ​នៅក្នុង​មន្ទី​រស​២១ ខ្ញុំ​សូមបញ្ជាក់ថា ស​-២១   វា​ជា​យន្តការ​មួយ​ដែល​មាន​មនុស្ស​ច្រើន​តាម​តួលេខ​ដែល​យើង​ត្រូវ​ស្គាល់​ ទាំង​គ្នា​ជាង​២០០០​នាក់​រួមចំណែក​ធ្វើ ក៏ប៉ុន្តែ​មនុស្ស​អស់នោះ ត្រូវតែ​គោរព​ខ្ញុំ​តែ​ម្នាក់​គត់​ព្រោះ​នៅ​ស​-២១ ខ្ញុំ​ជា​តំណាង   បក្ស​កុម្មុយនីស្ដ​កម្ពុជា​នៅក្នុង​មន្ទីរ​នេះ​។ វា​គ្រាន់តែ​គោរព​ទៅតាម​ជាន់ថ្នាក់​។ ដូច្នេះ​បុគ្គលិក​ពិត ប្រាកដ​ទាំងឡាយ​ណា​របស់​ស​-២១     ខ្ញុំ​ពិតជា​មាន​អំណាច​ទៅ​លើ​គេ​ឲ្យ​ប្រព្រឹត្ត ឧក្រិដ្ឋកម្ម​ដោយ​ខានមិនបាន​។ គេ​អត់​ហ៊ាន​ប្រកែក​ទេ ហើយ​បញ្ជា​ខ្ញុំ​កម្រិតណា​គេ​ត្រូវតែ​ធ្វើ​កម្រិត​នេះ  នេះ​ជា​បញ្ហា​មួយ​។ ឯ​បញ្ហា​ទី​ពីរ​ទៀត ដែល​ខ្ញុំ​ឃើញ​ថា​ឧក្រិដ្ឋកម្ម​ដែល​ខ្ញុំ​អនុវត្ត​ដោយ​ផ្ទាល់​ដៃ  គឺ​ចារ​លើ​ឯកសារ​នេះ​ជា​បញ្ហា​មួយ​សំខាន់​ណាស់​។ ពី​លើ​នោះ​ទៅទៀត គឺ​ខ្ញុំ​បង្រៀន ខ្ញុំ​កម្ចាត់​ទស្សនៈ​ត្រឹមត្រូវ ខ្ញុំ​កសាង​ទស្សនៈ​ឧក្រិដ្ឋ​ទៅឲ្យគេ ដូច​ខ្ញុំ​បាន​ជម្រាប​លោក​ជំទាវ​រួចហើយ​។ តាម​ខ្ញុំ​ចាំ​ការណែនាំ​របស់​ខ្ញុំ ពី​ថ្ងៃ​១៨ កុម្ភៈ ១៩៧៦ ខ្ញុំ​ណែនាំ​គេ​ថា “​មនុស្ស​ដែល​បក្ស​ចាប់​មក​ហើយ​ត្រូវ​កំណត់ថា​ជា​ខ្មាំង បើ​មិត្ត​មិន​កំណត់​ថា​ជា​ខ្មាំង​ទេ មិត្ត​សួរចម្លើយ​មិន​ចេញ​ទេ​”​។ គេ​ជា​បញ្ញាជន គេ​ឃើញ​មនុស្ស គេ​គិត​តើ​គ្នា​ខុស​អ៊ី ចឹង​មែន​ឬ​មិនមែន​?​ៗ​ៗ យើង​បណ្ដោយ​ឲ្យ​បញ្ញាជន គិតបែបនេះ  យូរៗ​បញ្ញា ជន​អស់ហ្នឹង ទៅ​ជា​មាន​ទស្សនៈ​មួយ​ប្រឆាំង​នឹង​បក្ស​ខ្លួន​ឯង​។ បើ​បញ្ញាជន ទាំងអស់នោះ គេ​ប្រឆាំងនឹង​បក្ស​ខ្លួន​ឯង​ហើយ  ខ្ញុំ​ដែល​ទទួលខុសត្រូវ​ពីលើ​ហ្នឹង ក៏​ត្រូវ​ទទួល​ទារុណកម្ម​ដែរ ខានមិនបាន​ទេ ខាង​ផ្លូវ​បក្ស គឺ​ខ្ញុំ​ត្រូវ​ទទួលខុសត្រូវ​អីចឹង​។ ដូច្នេះ​ការអប់រំ​នេះ​ជា​ឧក្រិដ្ឋកម្ម​ទី​ពីរ​។ ឯ​ចំណែក ឧក្រិដ្ឋកម្ម​ដែល​ខ្ញុំ​មើល​ជារួម គឺ​ខ្ញុំ​កសាង​អ្នក​បន្ត​ដៃ ដូច​ខ្ញុំ​បាន​ជម្រាប លោកជំទាវ​អំមិញ​អ៊ី​ខចឹង​។ ខ្ញុំ​តែ​ម្នាក់ឯង​ស្មោះត្រង់​ជាមួយ​នឹង​បក្ស​បាន​តែ​មួយ​ទេ  បើ​ខ្ញុំ​កសាង​អ្នក​ផ្សេង​ទៀត​បាន​២០ គេ​អរ ឧក្រិដ្ឋកម្ម​វា​កាន់តែ​ទូលាយ និង​ជម្រៅ​ឲ្យគេ​។ សរុប​មក​ពាក្យ ដែល​ខ្ញុំ​ថា​ធ្វើការ​ម៉ត់ចត់ ពាក្យ ដែល​ថា​ខ្ញុំ​ឧស្សាហ៍ ពាក្យ​ដែល​ខ្ញុំ​ថា​ព្យាយាម​ខ្នះខ្នែង​សព្វ បែប​យ៉ាង​ទាំងអស់នេះ​។  បើ​និយាយ​នៅក្នុង​រដ្ឋាភិបាល​មួយ ដែល​ស្នេហា​ជាតិ​ពិតប្រាកដ វា​ជា​គុណធម៌​របស់ខ្ញុំ ដែល​ខ្ញុំ ត្រូវតែ​ទទួល ក៏​ប៉ុន្តែ​ដល់​រដ្ឋាភិបាល​នេះ​វា​ជា​យន្តការ​ឧក្រិដ្ឋ ដ៏​សែន​ឃោរឃៅ​សម្រាប់​សតវត្ស​នេះ ការងារ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ធ្វើ​នេះ    វា​ទៅ​ជា​រឿង​មួយ​រំលឹក​ឡើង​ពេលណា​គួរឲ្យ​ឈឺចាប់ ហើយ​និង​ខ្មាស់អៀន ពេលនោះ​។ នេះ​ជម្រាប​លោក​ជំទាវ​យ៉ាងនេះ​។ ខ្ញុំ​សូម​បញ្ចប់​ចម្លើយ​ខ្ញុំ​ត្រឹម​ប៉ុណ្ណេះ​”​។​
-​ប្រតិ​ចារឹក​ថ្ងៃទី​២ ខែ​កញ្ញា ឆាំ្ន​២០០៩ ទំព័រ​៦៨ [​បន្ទាត់​១៤-២០] ទំព័រ ៦៩ [​បន្ទាត់​៧-១៥]៖ “​ជម្រាប​ប្រសាសន៍​លោកជំទាវ វិប្បដិសារី​របស់​ខ្ញុំ​មាន ហើយ​វា​មានការ​វិវឌ្ឍន៍ ត្រង់​ដែល​សាស្ត្រាចារ្យ ស៊ី​រ៉ូនី មើល​ខ្ញុំ ទាន់ ឬ​មិន​ទាន់ ខ្ញុំ​មិន​បាន​ជា ពិនិត្យ​ពិច័យ​ការសិក្សា​វិភាគ​របស់​គាត់​ទេ​។ ចំណែក​ខ្ញុំ ខ្ញុំ​ដឹង​ថា​ខ្ញុំ​មាន​ការវិវឌ្ឍ​ទៅមុខ ខាង​វិប្បដិសារី​របស់ខ្លួន ដែល​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នៅក្នុង​មន្ទី​រស​-២១​។ លោកជំទាវ​ឃើញនឹងភ្នែក​ស្រាប់​ហើយ ជនរងគ្រោះ​ពិតប្រាកដ​ចង្អុលមុខ​ខ្ញុំ​ចុះ​! ថ្កោលទោស​ខ្ញុំ​ចុះ​! ខ្ញុំ​អត់​ហ៊ាន​ប្រកែក​នឹង​គេ​មួយ​មាត់​ទេ ខ្ញុំ​ឱនលំទោន ទទួល​ការស្ដីបន្ទោស​ដោយស្មោះ នេះ​វា​វិវឌ្ឍន៍​ទៅ​អ៊ីំ​ចឹង​។ [....]   ដូច្នេះ​វិប្បដិសារី​វា​មាន​នៅក្នុង​អំពើ​ប្រព្រឹត្ត​ដូច​ដែល​ខ្ញុំ​និយាយ​ ហូរហែ​មក ទោះបី​ជាតិ​ប្រជាជន​កម្ពុជា លោក​ដាក់ទោស​ខ្ញុំ​យ៉ាងម៉េច ខ្ញុំ​អត់​ប្រកែក​ទេ​។ នេះ​វិប្ប​សារីវា​ស្ដែង​ចេញ​មកពី​អ៊ី​មចឹង ទាំងអស់​ឲ្យ​សូមទោស សូមទោស បើកទ្វារ​ឲ្យ​សូមទោស​ម៉ោង​ណា ខ្ញុំ​សូមទោស​ម៉ោង​ហ្នឹង​។  ចង្អុលមុខ​ខ្ញុំ​នៅក្នុង​អង្គ​សវនាការ​ក្ដី នៅ​ឯ​ណា​ក្ដី ខ្ញុំ​អត់​ប្រកែក​ទេ ។ នេះ​វិប្បដិសារី វា​ស្ដែង​ចេញ​មក​អំពី​មក​អំពើ​ជាក់ស្ដែង​បែបនេះ​។  ហើយ​ចុងបញ្ចប់​ខ្ញុំ​និយាយ នៅពេល ដែល​អ្នក​ជំនាញ​ខាង​ចិត្តសាស្ត្រ​ទាំងពីរ លោក​សាស្ត្រាចារ្យ​ទាំង​ពីរ​លោក​នេះ ខ្ញុំ​ថា​សូមមេត្តា​ជួយ​ផ្ដល់​យោបល់​យ៉ាងម៉េច​ដល់​ខ្ញុំ​ផង​ឲ្យ​មនុស្សជាតិ​ ទាំងមូល លោក​ទទួលស្គាល់​ខ្ញុំ​ជា​មនុស្សម្នា​នឹង​គេ​ផង​។ នេះ​ក៏​ជា​សម្ដែង​ចេញ​អំពី ការសោកស្ដាយ​របស់​ខ្ញុំ​មក​ជា​អំពើ​ប្រព្រឹត្ត​ជាក់ស្ដែង​រួចហើយ​។ នេះ​សូម​គោរព​រាយការណ៍​ជូន​លោក​ជំទាវ​ប៉ុណ្ណេះ​”​។
-​ប្រតិ​ចារឹក​ថ្ងៃទី​០២ ខែ​កញ្ញា ឆាំ្ន​២០០៩ ទំព័រ​៧០ [​បន្ទាត់​១៤-២៤]៖ “​សរុបមក ទោះបី​មាន​បាតុភាព​យ៉ាងនេះ​ក៏ដោយ ទោះបី​មាន​ចម្រៀង ដូច​ដែល​ខ្ញុំ​បាន​ធ្លាប់​រាយការណ៍ ជូន​ចៅក្រម​ស៊ើបអង្កេត​ក៏ដោយ  អំពី​រឿង​អា​គីង​ចង្រៃ  ចម្រៀង​ឈ្មោះ អា​គីង​ចង្រៃ ហ្នឹង​ក៏ដោយ​។  បើ​ពាក្យស្លោក​របស់​បក្ស​កុម្មុយនីស្ត​កម្ពុជា​ថា “​បំណុល​ឈាម  ត្រូវតែ​សង ដោយ​ឈាម​ក៏ដោយ​” ក៏​ការទទួល​ភារកិច្ច​ជា​ប្រធាន​មន្ទីរ​នគរបាល​តាំង​ពី​ម​-១៣ រហូតមក វា​ស្ថិត​នៅក្នុង​ក្រប​ខណ្ឌ​មួយ​ដែល​ជៀស​មិន​រួច​។  ហើយ​វា​ស្ថិតនៅ​ក្នុង​ក្របខណ្ឌ​មួយ ដែល​ខ្ញុំ​អង្វរក​គេ  ដែល​គេ​ក៏​សុខចិត្ត មិន​បង្ខំ​ឲ្យ​ខ្ញុំ​សម្លាប់​មនុស្ស​ដោយ​ដៃ​ឯង​។ មិន​ទាមទារ ចាប់​អ្នក​នេះ  ឬ​ចាប់​អ្នក​នោះ​ទាល់តែ​សោះ  ទោះបី​មាន​ហេតុផល​បែប​នេះ​ក៏ដោយ   ក៏​ឧក្រិដ្ឋកម្ម​ដែល​ងងឹតងងល់​បំផុត ខ្ញុំ​ពិតជា​ទទួល​ថា វា​ពិត ជា​ងងឹតងងល់​មែន សកម្ម​ភព​ដែល​ខ្ញុំ​ធ្វើ ចន្លោះ​ពី ១៧ មេសា រហូតដល់ ៦ មករា ដោយ​ចាប់ផ្ដើម​ពី ១៨ សីហា ខ្ញុំ ៧៥ ខ្ញុំ​ជា​អនុប្រធាន ហើយ​ពី ខែ​មីនា ១៩៧៦ ខ្ញុំ​ជា​ប្រធាន​។ ដូច្នេះ​ឧក្រិដ្ឋកម្ម​ទាំងនេះ វា​ពិតជា​ងងឹត​ងងុល ខ្ញុំ​ទទួលស្គាល់​ពេញទី​។ ខ្ញុំ​សូម​បញ្ចប់​សេចក្ដីរាយការណ៍​របស់ខ្ញុំ​ប៉ុណ្ណេះ សូម​គោរព​”​។​
-​ប្រតិ​ចារិក​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០០៩ ទំព័រ​២៨ [​បន្ទាត់​១-១២]៖ “​ការអប់រំ​របស់​បក្ស​កុម្មុយនីស្ត​កម្ពុជា ជន​ទាំងឡាយ​ណា ដែល​គេ​ចាប់​បញ្ជូន​ទៅ ស​២១ ជា​ខ្មាំង​។ ត្រូវតែ​កម្ទេច ព្រោះ​ជា​មនុស្ស​មាន​ទោស ព្រោះ​ជា​មនុស្ស​ប្រឆាំង​នឹង​គេ​។​ នៅពេលដែល​ខ្ញុំ​និយាយថា ខ្ញុំ​សូមទោស​ជនរងគ្រោះ សូមទោស​គ្រួសារ​ជនរងគ្រោះ​រហូត​ដល់​សូមទោស​បុគ្គលិក​របស់​ខ្ញុំ​។ ពេល​នុ៎ង​ខ្ញុំ​អត់​មាន​ចាត់ទុក​អ្នក ដែល​ស្លាប់​ទៅ​ទាំងអស់​នុ៎ង​ថា​ជា ឧក្រិដ្ឋជន​ជា​ជន​មាន​កំហុស​ត្រូវ​តែ​ស្លាប់​នោះ​ទេ គឺ​បក្ស​កុម្មុយនីស្ត​កម្ពុជា​របស់​ខ្ញុំ​នេះ​វិញ​ទេ ដែល​ជា​ជនឧក្រិដ្ឋ​។ ដូច្នេះ​កំហុស​ដែល​ខ្ញុំ​ធ្វើ​ទៅ​លើ​ជាតិ ប្រជាជន​ខ្ញុំ ខ្ញុំ​ត្រូវតែ​សូមទោស ដោយ​ខានមិនបាន ព្រោះ​ខ្ញុំ​ដឹងខ្លួន​ថា ខ្ញុំ​ខុស ពិត​ជា​ខុស​។ អត់​យក​អ្វី​មក​កែប្រែ​បាន​ទេ គឺ​ខ្ញុំ​សូម​ទោស​ដោយ​សុទ្ធចិត្ត​។ អ្នក​ដែល​គេ​មិន​ព្រម​សូមទោស​ប្រជាជន​កម្ពុជា គេ​នៅតែ​តាំងខ្លួន​ថា ឧក្រិដ្ឋកម្ម​របស់​គេ​ជា​ការត្រឹមត្រូវ ស្នេហា​ជាតិ អាហ្នឹង​វា​ជា​រឿង​មួយ​ដោយឡែក​។ ដូច្នេះ​សូម​ជាតិ ប្រជាជន​លោក​ថ្លឹង​មើលចុះ តើ​ខ្ញុំ​សូម​ទោស​ដោយ​សុទ្ធចិត្ត ឬក៏​ជា​ការ​ក្លែងបន្លំ សារជាតិ​វា​នៅ​ត្រង់​ហ្នឹង​។ សារជាតិ​នៅ​ហ្នឹង ដែល​ខ្ញុំ​ទទួល​ថា ជន​ដែល​ស្លាប់​ទៅ​ហ្នឹង​គ្មាន​កំហុស គ្មាន​ទោស​ពៃ​។ នេះ​ខ្ញុំ​សូមទោស​”​។​
-​ប្រតិ​ចារិក​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០០៩ ទំព័រ​២៩ [​បន្ទាត់​២៤-២៥] ដល់​ទំព័រ​៣០ [​បន្ទាត់​១-១៥]៖ “​ខ្ញុំ​បាន​និយាយ​ហើយ​ថា ខ្ញុំ​ធ្វើ​បដិវត្តន៍ ដើម្បី​រំដោះ​ជាតិ ប្រជាជន​ខ្ញុំ សង​គុណជាតិ ប្រជាជន​ខ្ញុំ សងគុណ​មាតាបិតា​ខ្ញុំ ដែល​ខំ​បង្កើត​ខ្ញុំ ហើយ​និង​ចិញ្ចឹម​បីបាច់​ថែរក្សា​ខ្ញុំ​។ តែ​បែរជា​មក​ធ្លាក់​ឲ្យ​ជាតិ ប្រជាជន អន្តរាយ​រក​ទីបំផុត​គ្មាន​។ គ្រាន់តែ​អាយុជីវិត​មនុស្ស​បាត់បង់​រហូត​ទៅ​ជាង​មួយ​លាន​នាក់​។ សេដ្ឋកិច្ច​រលំរលាយ វប្បធម៌​ខ្ទេចខ្ទី សព្វបែបយ៉ាង ខ្ទេច​ទាំងអស់​។ តើ​ឲ្យ​ខ្ញុំ​ឆ្លើយ ទម្លាក់ កំហុស ទៅលើ​អ្នកណា ខ្ញុំ​កើតមក​ជា​កូនប្រុស កើតមក​ជា​អ្នក​ស្រលាញ់​យុត្តិធម៌ ខ្ញុំ​ឆ្លើយ​ដាក់​ទៅលើ​អ្នកណា មិន​កើត​ទេ ទទួលស្គាល់​ហើយ​ថា​នេះ គឺជា​ស្នាដៃ​របស់​បក្ស​កុម្មុយនីស្ត​កម្ពុជា​ដែល​ក្នុងនោះ​មាន ខ្ញុំ​ជា​សមាជិក​មួយ​រូប​។ ដូច្នេះហើយ​បានជា​ខ្ញុំ​និយាយថា ឧក្រិដ្ឋកម្ម​ទាំងអស់​នៅ​កម្ពុជា ខ្ញុំ​សូម​ទទួលខុសត្រូវ​ខាង​ផ្លូវចិត្ត​ជាតិ ប្រជាជន​ខ្ញុំ លោក​ថ្កោលទោស​យ៉ាងម៉េច​? លោក​ចង្អុល​ទោស មុខ​ខ្ញុំ​យ៉ាងម៉េច​? លោក​ថា​យ៉ាងម៉េច ថា​ចុះ​។ ខ្ញុំ​ទទួល​ដោយ​ឱនលំទោន ហើយ​ដោយ​ស្មោះ​។ ដោយឡែក ឧក្រិដ្ឋកម្ម​នៅ ស​-២១ ដែល​ខ្ញុំ​ជា​ប្រធាន ខ្ញុំ​ទទួល​តែម្នាក់ឯង អត់​មាន​ទាក់ទង​នឹង​កូនចៅ​ណា​ម្នាក់​ទេ ទាំង​ខាង​ផ្លូវច្បាប់ ទាំង​ខាង​ផ្លូវចិត្ត សូមទោស​ជនរងគ្រោះ សូមទោស​ក្រុមគ្រួសារ​ជនរងគ្រោះ ទទួល​សេចក្ដី​វិនិច្ឆ័យ​របស់​អង្គ​ជំនុំជម្រះ​ដោយស្មោះ​។ នេះ​ជា​ការប្តេជ្ញា​ចិត្ត​របស់​ខ្ញុំ ចំពោះមុខ​ប្រវត្តិសាស្ត្រ​ជាតិ ដែល​ខ្ញុំ​បាន​ចូលរួម​ទៅ​ក្នុង​អំពើ​ខុសឆ្គង​រួម​មកហើយ​នោះ​។ នេះ​ជា​បញ្ហា​ធំ ហើយ​នៅ​ចុងបញ្ចប់​ខ្ញុំ​បាន​សួរ​ដែរ អ្នកជំនាញ​ខាង​ចិត្តសាស្ត្រ ខ្ញុំ​សួរ​ថា តើៗ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូចម្តេច ដើម្បី​ឲ្យ​មនុស្ស​ជាតិ លោក​ទទួល​ខ្ញុំ ស្គាល់​ខ្ញុំ​ជា​មនុស្សម្នា​ឡើងវិញ​។ ខ្ញុំ​ចោទ​បញ្ហា​នេះ​។ ខ្ញុំ​ចោទ​បញ្ហា​នេះ​ជាប់​ជានិច្ច​។ នេះ​សូម​ជម្រាប​បញ្ជាក់​ជូន​ប៉ុណ្ណេះ​”​។​
-​ប្រតិ​ចារិក​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០០៩ ទំព័រ​៣៤ [​បន្ទាត់​១០-១៥]៖ “​នៅពេលដែល​ខ្ញុំ​សម្រេច​ចិត្ត​នេះ ខ្ញុំ​នឹកឃើញ​ដល់​វិញ្ញាណក្ខន្ធ​មួយ​ម៉ឺន​នាក់​ជាង​។ ខ្ញុំ​នឹង​ឃើញ​ដល់​ជីវិត​កុមារ ដែល​គេ​សម្លាប់ ហើយ​អាច​សម្លាប់​ដោយ​វិធី​មួយ គួរ​ឲ្យ​ខ្ពើមរអើម​បំផុត គឺ​ចាប់ជើង​គ្នា​បោក​នឹង​ក្បាល​ទៅ​នឹង​គល់ឈើ​។ ​ខ្ញុំ​តាំងចិត្ត​ថា ត្រូវតែទៅ​។ ទៅ​ដើម្បី​លុតជង្គង់ ថ្វាយបង្គំ សូមទោស​វិញ្ញាណក្ខន្ធ​ទាំងអស់នោះ​។ ហើយ​ក៏​ទៅ​ដើម្បី​អធិដ្ឋាន​ចំពោះ​វិញ្ញាណក្ខន្ធ​អ្នក​ទាំងអស់​នោះ ក្នុងឋានៈ​ខ្ញុំ​ជា​គ្រីស្ដ​ស្ទៀន​មួយរូប​។ ដូច្នេះ​ខ្ញុំ​ទៅ​នេះ​ក្នុង​អារម្មណ៍​បែប​នេះ សកម្មភាព​ខ្ញុំ ដែល​ធ្វើ​នៅទីនេះ​ក៏​នៅ​ក្នុង​អារម្មណ៍​បែបនេះ​”​។​
-​ប្រតិ​ចារិក​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០០៩ ទំព័រ​៣៦ [​បន្ទាត់​៨-២៥] ដល់​ទំព័រ ៣៨ [​បន្ទាត់​១-៨]៖ [​បញ្ចាំង​ខ្សែ​វីដេអូ D48/2 ដែល​បាន​ថត​ក្នុងអំឡុងពេល​ស៊ើបអង្កេត ដល់​កន្លែងកើតហេតុ នៅ​មន្ទីរ​ប្រល័យពូជសាសន៍​ទួលស្លែង ថ្ងៃទី ២៧ ខែ កុម្ភះ ឆ្នាំ ២០០៨]
លោក កាំ​ង ហ្កេ​ក​អ៊ា​វ​៖ “​លោក​ចៅក្រម​ទាំង​ពីរ​ជាទីគោរព​! លោក និង​លោកស្រី​សហ​ព្រះរាជអាជ្ញា ជាទីគោរព​! ខ្ញុំ​រន្ធត់​ក្នុង​ចិត្ត​ឥតឧបមា នៅពេល​ដែល​បាន​ឈាន​ជើង​ចូលមក​ដល់​ទី​នេះ ហើយ​បាន​ឃើញ​សភាពការណ៍​ចាស់ ដែល​ជា​សភាពការណ៍​គួរ​ឲ្យ​ខ្លោចផ្សា​បំផុត សម្រាប់​ជាតិ​ប្រជាជន​ខ្ញុំ ក៏ដូចជា​សម្រាប់​រូប​ខ្ញុំ​ដែរ​។ ទីមួយ ខ្ញុំ​នឹក​ទៅ​ដល់​ជនរងគ្រោះ​ដ៏​អភ័ព្វ និង​ក្រុមគ្រួសារ​របស់​គេ​។ គេ​ទាំងឡាយ​បាន​រង​ទុក្ខវេទនា រង​ទារុណកម្ម រង​ការប្រមាថ​មើលងាយ​ដ៏​សែន​មហា​អមនុស្សធម៌​រាប់មិនអស់ មុននឹង​បាត់បង់​ជីវិត​រលត់​សង្ខារ​ទៅ​។ ខ្ញុំ​មាន​វិប្បដិសារី​ជ្រាលជ្រៅ ដែល​មិន​អាច​ថ្លាថ្លែង​បាន គឺ​វិប្បដិសារី ដែល​សុខចិត្ត​ឱនក្បាល​ទទួល​ការជំនុំជម្រះ​តែ​ម្នាក់​ឯង​ក្នុង​ក្របខ័ណ្ឌ​ស​ -២១ ហើយ​ប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ​ថា​នឹង​ធ្វើ​អ្វីៗ​ទាំងអស់ ដើម្បី​ឲ្យ​ជាតិ​ប្រជាជន​ខ្ញុំ និង​ជនរងគ្រោះ និង​ក្រុមគ្រួសារ​របស់​គេ​បាន​ស្គាល់​នូវ​ពន្លឺយុត្តិធម៌​។ ព្រម​ជាមួយ​នេះ ខ្ញុំ​ក៏​មាន​ការសោកស្ដាយ​បំផុត​ចំពោះ​បុគ្គលិក​ទាំងអស់​របស់​ស​-២១ ដែល​ត្រូវបាន​គេ​ចាប់​បង្ខំ​ឲ្យបំពេញ​ភារកិច្ច​ជាមួយ​ខ្ញុំ គឺ​ភារកិច្ច​ដែល​សាមីខ្លួន​របស់គេ​ស្អប់ខ្ពើម ដែល​មាតា​បិតា​របស់​គេ​ស្អប់ខ្ពើម ហើយ​ក្នុងនោះ​ក៏​មាន​បុគ្គលិក​មួយចំនួន​បាន​ធ្លាក់ខ្លួន​រង​គ្រោះថ្នាក់​នៅ​ ទីនេះ​ឯង​តែ​ម្ដង​។ រឿង​អស់នេះ ខ្ញុំ​នឹកឃើញ​ពេលណា ខ្ញុំ​ខ្លោចផ្សា​ពេលនោះ​។ ខ្ញុំ​មាន​ការសោកស្ដាយ​ដោយស្មោះ ដោយ​បាន​សុខចិត្ត​ចុះចាញ់​ទស្សនៈ​របស់​គេ និង​ដោយ​បាន​ទទួលយក​ភារកិច្ច​ឧក្រិដ្ឋ ដែល​គេ​ប្រគល់​ឲ្យ​ខ្ញុំ​។ សកម្មភាព​របស់​ខ្ញុំ ពិតជា​គួច​ចូលទៅ​ក្នុង​ចរន្ត​មួយ ដែល​បាន​នាំមក​នូវ​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​រ៉ាំរ៉ៃ​ដល់​ជាតិ​ប្រជាជន​ ខ្ញុំ​។ នេះ​ហើយ​ជា​បញ្ហា​ដែល​ខ្ញុំ​នៅតែ​នឹកឃើញ​ជានិច្ច នឹក​មិន​ភ្លេច​សោះ នឹក​ឡើង​ណា ដំបូង​ខ្ញុំ​ខឹង​នឹង​ក្បាលម៉ាស៊ីន​ដឹកនាំ​បក្ស ដែល​បាន​ប្រើ​គ្រប់​មធ្យោបាយ​អូសទាញ​ចលនា​នេះ ដែល​ទៅ​តាម​ផ្លូវ​សោកនាដកម្ម​ទាំងស្រុង និង​ដាច់ខាត​។ បន្ទាប់​មក​ខ្ញុំ​ខឹង​នឹង​រូបខ្ញុំ​ខ្លួនឯង ដែល​សុខចិត្ត​ចុះចាញ់​ទស្សនៈ​របស់​គេ ម្ល៉ោះហើយ​គោរព​បទបញ្ជា​ឧក្រិដ្ឋ​របស់​គេ​ទាំង​ងងឹតងងល់​។ នេះ​ហើយ​ជា​គន្លឹះ​ដែល​នាំ​ឲ្យ​ខ្ញុំ​ទទួលស្គាល់ ដោយ​ខានមិនបាន​ថា ក្នុងឋានៈ​ខ្ញុំ​ជា​ប្រធាន​ស​-២១ បាន​រួមចំណែក​ក្នុង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ក្នុង​ក្របខ័ណ្ឌ​នៃ​ស​-២១ ទាំងមូល​។​
លោក​ចៅក្រម​ទាំង​ពីរ​ជាទីគោរព​! លោក និង​លោកស្រី​សហ​ព្រះរាជអាជ្ញា​ជាទីគោរព​! ខ្ញុំ​សូម​គោរព អរគុណ​លោក ដែល​បាន​នាំ​ខ្ញុំ​មក​ដល់​ទី​នេះ​។ សូម​លោក​ទាំង​បួន​អនុញ្ញាត ឲ្យ​ខ្ញុំ​សុំទោស​ជនរងគ្រោះ​ចំ​ពោះ​ទុក្ខវេទនា​។ ឲ្យ​ខ្ញុំ​សូមទោស​ជនរងគ្រោះ ចំពោះ​ទុក្ខវេទនា​ដ៏​មហា​ខ្លោចផ្សា​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ទទួល​រង​នៅទីនេះ រហូត​ដល់​ថ្ងៃ​បាត់បង់​ជីវិត ឬ​រហូត​ដល់​ថ្ងៃ​៧ មករា ១៩៧៩​។ ឲ្យ​ខ្ញុំ​សុំទោស​ក្រុម​គ្រួសារ​ជនរងគ្រោះ ដែល​បាន​រស់នៅ​ក្នុង​ទុក្ខសោក​យ៉ាង​ក្រំ​គ្រា ដោយ​បាត់បង់​បុគ្គល​ជា​ទី​ស្រឡាញ់​របស់ខ្លួន​ចំនួន​៣៣​ឆ្នាំ​ហើយ ហើយ​មិនទាន់​បាន​ទទួល​ពន្លឺយុត្តិធម៌​នៅឡើយ​។ ខ្ញុំ​ដឹង​ហើយ​ថា វិប្បដិសារី​របស់ខ្ញុំ ទោះបី​ចុកចាប់​យ៉ាងណាក៏ដោយ ក៏​នៅតែ​ជា​ទឹក​មួយ​ដំណក់​ក្នុង​មហាសាគរ​ធំធេង និង​ជ្រាលជ្រៅ​នៃ​ទុក្ខវេទនា​ដ៏​សែន​ខ្លោចផ្សា​របស់​ជនរងគ្រោះ និង​ក្រុមគ្រួសារ​។ ខ្ញុំ​សូម​លោក​ចៅក្រម លោក​និង​លោកស្រី​ព្រះរាជអាជ្ញា ដែល​ជា​អ្នកស្វែងរក​យុត្តិធម៌​ជូន​ជន​ទាំង​អស់​ខាងលើនេះ អនុញ្ញាត​ឲ្យ​ខ្ញុំ​ចូល​សុំទោស​គេ​ទាំងឡាយ​នោះ ដោយ​ស្មារតី​លំឱន​បំផុត និង​ដោយ​វិប្បដិសារី​ចុកចាប់​យ៉ាង​គ្រាំគ្រា​។ សូម​លោក​មេត្តា​ទុក​ទ្វារ​នេះ​ឲ្យនៅ​ចំហ​ជានិច្ច​។ ពេញ​មួយ​ថ្ងៃ​ហើយ​ដែល​ខ្ញុំ​បាន​ទៅ​មើល​ស្ថាន​ទីនោះ ដូច្នេះ​ខ្ញុំ​សូម​អរគុណ​លោក​ទាំង​បួន​ដែល​បាន​នាំ​ខ្ញុំ​មក​ដល់​ទី​នេះ ហើយ​បាន​ឃើញ​មុខ​ជន​រងគ្រោះ​ជា​ដំបូង ហើយ​ខ្ញុំ​សូមទោស​”​។
-​ប្រតិ​ចារិក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០០៩ ទំព័រ​៤៦ [​បន្ទាត់​១០-២៥] ដល់​ទំព័រ ៤៨ [​បន្ទាត់​១] សេចក្តី​ថ្លែង​ចុងក្រោយ​របស់ ឌុ​ច​៖ “​អំពី​គោលជំហរ និង​អាកប្បកិរិយា​របស់ខ្ញុំ​
I) ចំពោះ​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស មុន​ថ្ងៃ​ជម្នះ​របស់ខ្លួន បក្ស​កុម្មុយនីស្ត​កម្ពុជា​បាន​ប្រកាស​ជា​ឱឡារិក​ថា​ឮ​នឹង​កាត់ទោស​តែ​ជន​ មហា​​ក្បត់​តែ​ប្រាំពីរ​នាក់​ទេ​។ ជាក់ស្ដែង បក្ស​បាន​ជម្លៀស​ប្រជាជន​ទាំង​បង្ខំ ព្រមទាំង​បាន​សម្លាប់​មនុស្ស​រាប់សែន​នាក់​។ គឺ​មនុស្ស​ដែល​មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ក្រោយ ១៧ មេសា សោះ​។ ការកាប់​សម្លាប់​បាន​បន្ត​ម្តង​ហើយ​ម្តងទៀត ឥត​ស្រាកស្រាន្ត​រហូត​អស់​ជាង​មួយ​លាន​នាក់​។ ក្នុងចំណោម​ប្រជាជន​ក្រៅ​ជួរ គេ​កាប់សម្លាប់​អ្នកណា​ដែល​ពុំ​ព្រម​ដាក់ខ្លួន​ឲ្យទៅ​ជា​កសិករ កម្មករ ឬ​ក៏​ធ្វើ​ទៅ​ពុំរួច​។ រីឯ​អ្នក​នៅ​ក្នុង​ជួរ​វិញ គេ​ចាប់​ចង​កាប់សម្លាប់​បក្ខ​ជន​ខ្សែ​ផ្សេង ដែល​មិនមែន​ជា​ខ្សែ​របស់គេ ដើម្បី​ដាក់​កម្លាំង​គេ​ជំនួស​វិញ​។ មហា​វិនាសកម្ម ទាំង​ក្នុង​ជួរ និង​ក្រៅ​ជួរ ពិតជា​ឧក្រិដ្ឋកម្ម​របស់​បក្ស​កុម្មុយនីស្ត​កម្ពុជា​តែ​ម្នាក់ឯង​គត់​។
ខ្ញុំ​នៅតែ​ស្មោះត្រង់ និង​សេចក្ដីប្រកាស​របស់​ខ្ញុំ ក្នុង​អង្គ​សវន​ការ​នេះ ដែល​ខ្ញុំ​បាន​អះអាង​ថា ប៉ុល ពត ហ៊ាន​ភ្លើតភ្លើន​លើក​មាគ៌ា​មហា​ឧក្រិដ្ឋ​យ៉ាងនេះ គឺ​មកពី​គាត់​អាង​លើ​កម្លាំង ជាពិសេស គឺ​កម្លាំង​បក្ស ដែល​មាន​កម្លាំង​បក្ខជន​រាប់​ម៉ឺន​នាក់​ស្ដាប់​បញ្ជា​គាត់​។ ខ្ញុំ​នៅតែ​ទទួលស្គាល់ថា ក្នុង​ចំណោម​កម្លាំង​ទាំងអស់​នេះ​របស់ ប៉ុល ពត មាន​ខ្ញុំ​ម្នាក់​។ ក្នុង​ស្មារតី​នេះហើយ ដែល​ខ្ញុំ​សូម​ទទួលខុសត្រូវ​ខាង​ផ្លូវចិត្ត ចំពោះ​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ពី ១៧ មេសា ១៩៧៥ ដល់ ៦ មករា ១៩៧៩​។ ខ្ញុំ​ពិតជា​មាន​វិប្បដិសារី​យ៉ាងធ្ងន់ធ្ងរ និង​តក់ស្លុត​ឥតឧបមា​ចំពោះ​មហា​វិនាសកម្ម​នេះ​។ ​ខ្ញុំ​យល់​ថា ខ្ញុំ​យល់​ច្បាស់​ថា ទ្រឹស្ដី​មនោគមវិជ្ជា​ណាក៏ដោយ ដែល​និយាយ​អំពី​ស្នេហា​ប្រជាជន​ទៅតាម​ទស្សនៈ​វណ្ណៈ និង​តស៊ូ​វណ្ណៈ ពិតជា​នាំ​ឲ្យ​ហិនហោចខ្លោចផ្សាក​ទីបំផុត​គ្មាន​។ ខ្ញុំ​នៅតែ​ប្រកាន់​ថា ការសម្រេច​ជ្រើសរើស​ផ្លូវ​ដើរ គឺ​សម្រេច​តែ​មួយ​ដង្ហើម​ទេ បើ​ខុស គឺ​ឈឺចាប់​ខ្លោចផ្សា​ពោរពេញ​ទៅ​ដោយ​វិប្បដិសារី​អស់​មួយ​ជីវិត​​ជំនឿ​ដែល​ ជឿថា បាន​រួមចំណែក​រំដោះជាតិ ប្រជាជន បម្រើ​ប្រជាជន ម្ល៉ោះហើយ បាន​ឧទ្ទិស​កម្លាំងកាយ កម្លាំងចិត្ត កម្លាំង​ប្រាជ្ញា ព្រមទាំង​បាន​លះបង់​អ្វីៗ​ទាំងអស់ រហូត​ដល់​ត្រៀម​លះបង់​អាយុជីវិត ដើម្បី​ជាតិ​ប្រជាជន តែ​បែរជា​ធ្លាក់​ខ្លួន​ក្នុង​អង្គការ​ឧក្រិដ្ឋ​មួយ ដែល​កម្ទេច​ប្រជាជន​ខ្លួនឯង​យ៉ាង​រង្គោះ​រង្គាល និង​ដក​ខ្លួន​ថយ​ក៏​ថយ​មិន​រួច ដូច​ស្ពឺ​មួយ​គ្រាប់​ក្នុង​តួ​ម៉ាស៊ីន​ដែល​កំពុង​ដើរ​។  II) ចំពោះ​ជនរងគ្រោះ​នៅ​ស​-២១ និង​ក្រុមគ្រួសារ ខ្ញុំ​នៅតែ​ប្រកាស​ទទួលខុសត្រូវ​តែ​ម្នាក់ឯង​គត់ លើ​ការបាត់បង់​អាយុជីវិត​យ៉ាងតិច ១២.៣៨០ នាក់ អស់លោក​ទាំងអស់​នេះ មុន​នឹង​ស្លាប់​ទៅ​ពិតជា​បាន​រង​ទុក្ខវេទនា​ដ៏​រ៉ាំរ៉ៃ និង​អមនុស្សធម៌​រាប់មិនអស់​។ ខ្ញុំ​នៅតែ​សុំ​ខមាទោស​ចំពោះ​វិញ្ញាណក្ខន្ធ នៃ​អ្នក ដែល​ស្លាប់​បាត់បង់​ទៅ ដោយ​សេចក្ដី​គោរព​លំអុតលំឱន​បំផុត​។ ខ្ញុំ​បាន​អធិដ្ឋាន​ចំពោះ​ព្រះ​ជា​ម្ចាស់ សូម​ព្រះអង្គ​ប្រទាន​ពរ​ដល់​វិញ្ញាណក្ខន្ធ​ទាំងអស់នោះ ដោយ​ព្រះទ័យ​អនុគ្រោះ​។ ចំពោះ​អ្នក​ដែល​រួច​ជិវិត​ផុតពី​សេចក្ដីស្លាប់ ខ្ញុំ​នៅតែ​ទទួលស្គាល់ថា ឧក្រិដ្ឋកម្ម​ទាំងអស់​របស់​ស​-២១ ទៅលើ​អស់លោក ទទួល​ស្គាល់​ទាំង​ខាង​ផ្លូវច្បាប់ ទាំង​ខាង​ផ្លូវចិត្ត ចំពោះ​ក្រុម​គ្រួសារ​ជនរងគ្រោះ ខ្ញុំ​នៅតែ​ប្រកាន់​អាកប្បកិរិយា​ឱន​លំទោន សូម​អនុញ្ញាត​ទុក​ទ្វារ​សូមទោស​ឲ្យនៅ​ចំហ ហើយ​និង​សូម​រំលែក​ទុក្ខសោក​ដ៏​សែន​ខ្លោចផ្សារ​រ៉ាំ​រៃ​របស់​អស់លោក​ គ្រប់ពេលវេលា​។ III) ដើម្បី​សម្ដែង​វិប្បដិសារី​ដ៏​សែន​ចុកចាប់​ទាំងអស់នេះ​ ​ខ្ញុំ​បាន​សហការ​ពេញទំហឹង​ជាមួយ​តុលាការ​ដោយ​ស្មោះត្រង់ និង​គ្រប់​ពេលវេលា​អស់​ចំនួន​១០​ឆ្នាំ ៦​ខែ ១៧​ខែ រួចមកហើយ ទាំង​ក្នុង​រយៈកាល​ស៊ើបសួរ រួម​ទាំង​ការ​ស៊ើបសួរ​នៅ​តុលាការ​យោធា​ផង ទាំង​ក្នុង​រយៈកាល​សវនាការ​នេះ​ផង​។ ចុង​បំផុត ខ្ញុំ​បាន​លើក​សំណូមពរ​ដោយ​សុទ្ធចិត្ត​ចំពោះ​អ្នកជំនាញ​ខាង​ចិត្តសាស្ដ្រ ដើម្បី​យល់ថា ខ្ញុំ​ត្រូវ​ធ្វើ​អ្វីខ្លះ ដើម្បី​ឲ្យ​មនុស្ស​ជាតិ​ទាំងមូល លោក​ទទួលស្គាល់​ខ្ញុំ​ជា​មនុស្សម្នា​ឡើងវិញ​? ដើម្បី​រួមចំណែក​រំលែក​ទុក្ខសោក​របស់​ប្រជាជន​កម្ពុជា ខ្ញុំ​សូម​សន្យាថា ទៅ​ថ្ងៃមុខ​ទោះជា​ក្នុង​ករណី​ណាក៏ដោយ ខ្ញុំ​នឹង​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​ប្រជាជន​ខ្ញុំ​ត្រូវការ ដើម្បី​ប្រជាជន​ខ្ញុំ សូម​តុលាការ​មេត្តា​ពិចារណា និង​សម្រេចសេចក្ដី​លើ​បញ្ហា​បន្ថែម​នេះ ដោយ​យោបល់​អនុគ្រោះ​”​។
-​ប្រតិ​ចារិក​ថ្ងៃទី​៣០ ខែ​មិនា ឆ្នាំ​២០១១ ទំព័រ ១១៣ [​បន្ទាត់ ២៣-២៤-២៥] ដល់​ទំព័រ ១១៤ [​បន្ទាត់​១-២] សេចក្តី​ថ្លែង​ចុងក្រោយ​របស់ ឌុ​ច​៖ “​បន្ត​ទៅ​នេះ ខ្ញុំ​សូម​បញ្ជាក់​អំពី​គោលជំហរ​របស់​ខ្ញុំ​ចំពោះ​ប្រជាជន​កម្ពុជា​ទូទាំង​ ប្រទេស​។ ​បញ្ជាក់​ទីមួយ គឺ​ខ្ញុំ​នៅ​រក្សា​គោលជំហរ​ខាង​ផ្លូវច្បាប់​ចំពោះ​ជនរងគ្រោះ​នៅ​មន្ទី​រស ២១ និង​ទទួលខុសត្រូវ​ខាង​ផ្លូវចិត្ត ចំពោះ​ជនរងគ្រោះ​ទូទាំង​ប្រទេស​។ ខ្ញុំ​នៅ​តែ​រក្សា​គោលជំហរ​សុំ​ខ​មាល​ទោស ចំពោះ​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ទាំង ១២.២៧៣ នាក់ ដែល​បាន​ស្លាប់​បាត់បង់​ជិវិត នៅ​ស ២១ ព្រមទាំង​សុំ​គ្រួសារ​អស់លោក​ទាំងនោះ​អនុញ្ញាត​ឲ្យ​ខ្ញុំ​សុំ ចូល​សុំទោស​នៅ​ថ្ងៃ​ណា​មួយ​សមរម្យ​”៕​

0 comments

Post a Comment

Featured Posts

Video Post