ថ្ងៃទី 25 ខែវិច្ឆិកា ឆ្នាំ2011, ម៉ោង 10:25 AM ពែក រស់

រាជធានីភ្នំពេញៈ ច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ២០១២ ត្រូវបានរដ្ឋសភាអនុម័តជាឯកច្ឆន្ទ រួចហើយកាលពីម្សិលមិញ(ថ្ងៃទី២៤ វិច្ឆិកា) ក្នុងកិច្ចប្រជុំដោយគ្មានការជជែកដេញដោលច្រើន ដោយមានវត្តមានអ្នកតំណាងរាស្ត្រចំនួន៨៦រូប ដែលតំណាងរាស្រ្តបក្សប្រឆាំង២៦រូប និងបក្សសិទ្ធមនុស្ស៣រូបទៀត បានធ្វើពហិការ ។
សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១២ ដែលរដ្ឋសភាអនុម័តម្សិលមិញ បានកំណត់ធ្វើការចំណាយសរុបមានចំនួន១០.៧៦៧.៩៨២ លានរៀល ស្មើប្រមាណ២.៦៩២លានដុល្លារ ។ ច្បាប់ថវិកាជាតិឆ្នាំ២០១២ ចំនួនជិត២៧០០លានដុល្លារ គឺកើនឡើងជាតិ១៣ភាគរយ បើធៀបនឹងច្បាប់ថវិកាជាតិឆ្នាំ២០១១ គឺកើនឡើងប្រមាណ៣១៣លានដុល្លារ ។ ការកើនឡើងនូវថវិកាជាតិឆ្នាំ២០១២ ក៏មកពីរដ្ឋាភិបាល ត្រូវស្តារឡើងវិញនូវគ្រោះទឹកជំនន់ ដែលបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន សាលារៀន និងមន្ទីរពេទ្យសរុបជាង ៥០០លានដុលា្លរ កាលពីខែសីហា ដល់តុលាកន្លងមក ។ ច្បាប់ថវិកាជាតិឆ្នាំ២០១២ បានកំណត់ពីការបែងចែកការចំណាយតាមក្រសួងសំខាន់ៗរួម មាន៖ វិស័យការពារជាតិ និងសន្តិសុខ មានប្រមាណ៣៥០លានដុល្លារ ។ ចំណែកវិស័យសង្គមកិច្ចមានចំនួន៦០៨លានដុល្លារ ។ ក្នុងនោះក្រសួងសុខាភិបាល ចំនួន១៩៨លានដុល្លារ។ ក្រសួងអប់រំ២៥១លានដុល្លារ និងក្រសួងកសិកម្ម មានប្រមាណ២៧លានដុល្លារ ។
ក្នុងច្បាប់ថវិកាជាតិ ដែលរដ្ឋសភាអនុម័តនៅព្រឹកមិញ ក៏បានអនុញ្ញាតឲ្យរដ្ឋាភិបាលកម្ពុជា ខ្ចីប្រាក់ពីបរទេសចំនួន៧០០លានដុល្លារSDR ដែលស្មើប្រមាណ១.០៥០លានដុល្លារផងដែរ ។ រដ្ឋមន្រ្តីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកគាត ឈន់ បានលើកឡើងក្នុងកិច្ចប្រជុំរដ្ឋសភាថា ច្បាប់បានកំណត់ឲ្យរដ្ឋាភិបាលអាចខ្ចីបំណុល៤០ភាគរយ នៃផលិតផលក្នុងស្រុកសរុប ។ ចំពោះប្រាក់បំណុលសព្វថ្ងៃរបស់រដ្ឋាភិបាលកម្ពុជា បូកសរុបទាំងបំណុលចាស់ ត្រូវបានលោកគាត់ ឈន់ លើកឡើងថា មានត្រឹមតែ២៩,១ភាគរយ នៃផលិតផលសរុបប៉ុណ្ណោះ ។ តែលោកគាត់ ឈន់ មិនបានបញ្ជាក់ពីចំនួនប្រាក់បំណុលដាក់លាក់នោះទេ ។
យ៉ាងណាក៏ដោយលោក គាត ឈន់ បានអះអាងថា ក្នុងឋានៈជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងឲ្យរដ្ឋាភិបាល លោកបានធ្វើរបាយការណ៍រៀងរាល់៦ខែម្តង ស្តីពីការខ្ចីបំណុលពីរដ្ឋាភិបាលបរទេស និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា ដាក់ជូនរដ្ឋសភា និងព្រឹទ្ធសភាជាប្រចាំ ដើម្បីតម្លាភាពត្រឹមត្រូវផងដែរ ។ របាយការណ៍ទាំងនោះ សុទ្ធតែបានធ្លាក់ដល់ដៃសមាជិករដ្ឋសភា និងព្រឹទ្ធសភា ។ លោកគាត ឈន់ ក៏បានវាយបកទៅកាន់ក្រុមអ្នករិះគន់លើរឿងប្រាក់បំណុលថា មានតែអ្នកមានភ្នែកម្នាស់ និងត្រចៀកពាងទេ ដែលចេះតែកកូរកកាយរឿងប្រាក់បំណុលរបស់កម្ពុជា ដើម្បីបំភ័ន្តមតិជាតិ ។
តំណាងរាស្រ្តឈាង វុន ថា ប្រាក់បំណុល ដែលកម្ពុជាខ្ចីពីបរទេសនោះ គឺមិនមែនជាប្រាក់សុទ្ធទេ តែការខ្ចីនោះ ធ្វើឡើងតាមរយៈការកសាងផ្លូវស្ពាន និងសមិទ្ធផល បម្រើឲ្យប្រយោជន៍សធារណៈប៉ុណ្ណោះ ។
ដោយឡែកនៅក្រៅកិច្ចប្រជុំរដ្ឋសភា នៅទីស្នាក់ការគណបក្សសម រង្ស៊ី តំណាងរាស្រ្តគណបក្សសម រង្ស៊ី ដែលធ្វើពហិការ បានចាត់ទុកប្រាក់បំណុលរបស់រដ្ឋាភិបាលកម្ពុជា នៅពេលនេះមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ។ តាមគណបក្សប្រឆាំងរហូតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជា បានជំពាក់លុយបរទេសជិត១៤ពាន់លានដុល្លារ ។ ដូច្នេះហើយទើបសមាជិកគណបក្សសម រង្ស៊ី ជំទាស់នឹងការអនុម័តច្បាប់ថវិកាជាតិឆ្នាំ២០១២ និងជំទាស់មិនឲ្យរដ្ឋាភិបាលបន្តខ្ចីប្រាក់បំណុលពីបរទេស ។ ហេតុផលម្យ៉ាងទៀត ពហិការរបស់គណបក្សសម រង្ស៊ី ដោយមានទាំងការលាលែងរបស់អ្នកតំណាងរាស្រ្តគណបក្សសម រង្ស៊ីផង នោះគឺដើម្បីឲ្យរដ្ឋសភា មិនពេញលក្ខណៈផ្លូវច្បាប់ ដូចអ្វីដែលគណបក្សប្រឆាំងនេះបានបកស្រាយកន្លងមកថា ឲ្យសមាជិកសភានៅក្រោម១២០រូប ដូចការកំណត់ក្នុងមាត្រា ៧៦នៃរដ្ឋធម្មនុញ្ញ ។ ទោះជាយ៉ាងណាគណបក្សប្រជាជនកម្ពុជា បានច្រានចោលនូវការអះអាងរបស់គណបក្សសម រង្ស៊ីយ៉ាងដូច្នេះ ៕
0 comments