ថ្ងៃទី 06 ខែកក្កដា ឆ្នាំ2013, ម៉ោង 09:58 PM ដោយ ៖ នុត

នៅក្នុងវីដេអូខ្លីមួយ ដែលដាក់នៅក្នុង Facebook របស់គាត់ លោកសម រង្ស៊ីបាននិយាយថា “ខ្ញុំ សម រង្ស៊ី ជាតំណាងរាស្ត្រ ជាប់ឆ្នោត និងជាប្រធានគណបក្សសង្គ្រោះជាតិ មានកិត្តិយស និងក្តីសោមនស្ស ជំរាបជូនបងប្អូនជនរួមជាតិជាទីគោរព និងជាទីនឹករលឹកថា ខ្ញុំនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ ហើយនឹងមកដល់លើទឹកដីមាតុភូមិ មុនថ្ងៃបោះឆ្នោត ដែលត្រូវនឹងថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣ នេះ ។
ខ្សែវីដេអូនោះ បង្ហាញថា មេបក្សប្រឆាំងរូបនេះ បានបំបែកភាពភ័យខ្លាចរបស់ខ្លួន ដែលធ្លាប់មានជាទម្លាប់ ដើម្បីចូលប្រទេសវិញ ដោយនិយាយថា លោកសុខចិត្តបូជាជីវិត ។ ប៉ុន្តែលោកសម រង្ស៊ី បានខកខាននៅក្នុងការបញ្ជាក់អោយច្បាស់លាស់អំពីកាលបរិច្ឆេទពិតប្រាកដ នៃការវិលត្រឡប់នោះ ។
លោក សម រង្ស៊ី កន្លងមកបានគេចចេញពីប្រទេសកម្ពុជា ដោយសារតែខ្លាចត្រូវប៉ូលិសចាប់ខ្លួន ដាក់់ពន្ធនាគារ ដោយសារតែតុលាការ បានកាត់ទោសលោក អោយជាប់ពន្ធនាគាររយៈពេលសរុបជាង ១២ឆ្នាំ ពាក់ព័ន្ធនឹងករណីដកបង្គោលតម្រុយព្រំដែន កម្ពុជា-វៀតណាម ក្លែងបន្លំឯកសារ និងផ្សព្វផ្សាយព័ត៌មានមិនពិត ។
លោក ខៀវ សុភ័គ មន្រ្តីអ្នកនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសន៍ថា ចំពោះលោកសម រង្ស៊ីចង់ចេញឬចូលក្នុងប្រទេសកម្ពុជា គ្មាននរណាហាមឃាតគាត់ទេ ។ តែលោកមិនបានថ្លែងជុំវិញវិធានការច្បាប់ណាមួយ ចំពោះលោកសម រង្ស៊ីនោះទេ នៅពេលដែលសួរថារាជរដ្ឋាភិបាលនឹងចាត់វិធានបែបណាទៅលើលោក សម រង្ស៊ីប្រសិនបើគាត់ត្រឡប់ចូលមកកម្ពុជាវិញ តាមការអះអាងរបស់គាត់ដែលបាននិយាយថា គាត់គ្រោងនឹងមកចូលរួមបោះឆ្នោតនៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ ។
ស្របពេលជាមួយគ្នានេះដែរ មានព័ត៌មានលេចឮថា លោក សម រង្ស៊ី ត្រូវបានព្រះមហាក្សត្រព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោមត្ត សីហមុនី បានចេញព្រះរាជសារលើកលែងទោសដល់លោកសម រង្ស៊ី កាលពីពេលថ្មីនេះ។ ប៉ុន្តែលោកខៀវ សុភ័គ បានលើកឡើងថា បានឮដែរ អាចជាពាក្យចចាមអារ៉ាម ឬក៏ពិតយ៉ាងណានោះ លោកបានឲ្យអ្នកកាសែតសួរ ទៅព្រះបរមរាជវាំងទើបដឹង ។
លោក សម រង្ស៊ី ត្រូវបានតុលាការកម្ពុជា កាត់ទោសកំបាំងមុខ ដាក់ពន្ធនាគារចំនួន១១ឆ្នាំ ពីបទបំផ្លាំងទ្រព្យសម្បត្តិសាធារណៈ (ករណីបំផ្លាញតម្រុយបង្គោលព្រំដែន)និងផ្សព្វផ្សាយព័ត៌មានមិនពិត ៕
0 comments