ថ្ងៃទី​ 11 ខែឧសភា ឆ្នាំ2013, ម៉ោង 01:58 PM


ទិដ្ឋភាពមណ្ឌលបោះឆ្នោតសាលារៀនភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១២
លោក ទេព នីថា មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បានឱ្យ​ដឹង​ថា ​នឹង​ប្ដូរ​ទីតាំង​ការិយាល័យ​បោះ​ឆ្នោត​ចំនួន​៧ សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ អាណត្តិ​ទី​៥ ដែល​នឹង​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា។
ការផ្លាស់ប្តូរ ធ្វើឡើង តាមរយៈសេចក្ដី​ជូនដំណឹងរបស់ គ.ជ.ប ចុះថ្ងៃទី៩ ខែឧសភា ដែលគោលបំណង​សំខាន់​នៃ​ការប្ដូរទីតាំងនេះ  គឺដើម្បី​សម្រួល​ដល់​អ្នក​​ទៅ​​បោះឆ្នោត នៅ​ទីតាំង ដែល​​​នៅ​ឆ្ងាយ​ពី​ផ្ទះ​។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប និយាយ​ថា មន្ត្រី គ.ជ.ប នៅ​តាមមូលដ្ឋាន នឹងជូនដំណឹង​ដោយ​ផ្ទាល់​ទៅដល់អ្នកបោះឆ្នោត ស្តីពី ទី​តាំង​​ការិយាល័យ​ដែល​​ត្រូវផ្លាស់​ប្ដូរ។
ទីតាំងដែលត្រូវផ្លាស់ប្ដូរទាំងនោះ រួមមាន ១. នៅរាជធានីភ្នំពេញ ការិយាល័យលេខ១៤៤៧ ក្នុងវិទ្យាល័យព្រែកឯង នឹងត្រូវប្ដូរទៅសាលាបឋមសិក្សាព្រែកឯង វិញ។ ២. ខេត្ត​បាត់ដំបង ការិយាល័យលេខ១៣៩៧ នៅសាលារៀនភូមិសំរោងជ័យ នឹងត្រូវប្ដូរទៅអនុវិទ្យាល័យសាមគ្គី ផ្ទុយមកវិញ ការិយាល័យចាស់នៅអនុវិទ្យាល័យសាមគ្គី និងប្ដូរ​ត្រឡប់​ទៅសាលារៀនភូមិសំរោងជ័យ វិញ។ ៣.ខេត្តព្រះវិហារ ការិយាល័យលេខ០២២៥ នៅក្នុងភូមិរបុញ នឹងត្រូវប្ដូរទៅសាលារៀនសែនរុងរឿង៤ និង៤. នៅខេត្តសៀមរាប ទីតាំងចំនួន៣ នឹងត្រូវផ្លាស់ប្ដូរ គឺការិយាល័យលេខ០៧៧៦ នៅសាលាសំណាក់ក្រៀលពង ត្រូវប្ដូរទៅសាលាបឋមសិក្សាក្រៀលពង, ការិយាល័យលេខ១១៤០ នៅភូមិ​អូររំចេក និងការិយាល័យលេខ១១៤១ នៅសាលារៀនព្រៃខ្នុរ នឹងប្ដូរទៅសាលារៀនអូររំចេក៕

0 comments

Post a Comment

Featured Posts

Video Post