ទី​បំ​ផុតទៅ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​ចុះចាញ់​ក្នុង​សង្គ្រាម​ដណ្តើម​គណបក្ស​ជាមួយ​សហការី​របស់​ព្រះអង្គ​ហើយ។ ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ បានប្រកាស​ពី​ស្រុក​បារាំង​ថា ព្រះអង្គ​លាឈប់​ពី​ឆាកនយោបាយ​ចាប់ពី​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ នេះ​តទៅ​ហើយ។ សម្តេចក្រុមព្រះ​បាន​ឲ្យ​ដឹងថា ទ្រង់​នឹង​វិល​ទៅ​បំពេញ​កិច្ចការ​មនុស្សធម៌​ជាមួយ​ព្រះមហាក្សត្រ​នៅក្នុង​ ព្រះបរមរាជវាំង​វិញ។ ចំណែកឯ​មន្ត្រី​ដែល​មាន​ភក្តីភាព​ជាមួយ​ព្រះអង្គ​ក៏បាន​នាំគ្នា​លា​ឈប់​ពី​ គណបក្ស​នយោបាយ​ដែរ។
ថ្ងៃ សៅរ៍ 11 សីហា 2012
ដោយ ប៉ែន បូណា
RFI
សម្តេច​ក្រុម​ព្រះ​ នរោត្តម រណឫទ្ធិ កាល​ពី​ថ្ងៃ​ទី ១១ ធ្នូ ២០១០ (រូបថតឯកសារ)
សម្តេច​ក្រុម​ព្រះ​ នរោត្តម រណឫទ្ធិ កាល​ពី​ថ្ងៃ​ទី ១១ ធ្នូ ២០១០ (រូបថតឯកសារ)
©សុវណ្ណារ៉ា
សេចក្តី​រាយការណ៍​របស់ ប៉ែន បូណា ពីភ្នំពេញ
(02:28)
ក្នុង​លិខិត​ជូនដំណឹង​មួយច្បាប់​ពី​ប្រទេស​បារាំង ចុះ​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​នរោត្តម រណឫទ្ធិ បានប្រកាសថា ព្រះអង្គ​លាឈប់​​ពី​ឆាកនយោបាយ​ហើយ​ ចាប់ពី​ថ្ងៃនេះ​តទៅ ហើយ​ព្រះអង្គ​ក៏​លែង​ទទួលខុសត្រូវ​រាល់​កិច្ចការ និងសេចក្តីសម្រេចផ្សេងៗ របស់​គណបក្សនេះ​តទៅទៀត​ដែរ។

កាលពី​ប៉ុន្មាន​សប្តាហ៍​កន្លងទៅនេះ សម្តេចក្រុមព្រះ​បាន​បដិសេធ​យ៉ាង​ដាច់​អ​ហ​ង្កា​រថា​ ទ្រង់​នឹងមិន​ឈប់​ពី​ឆាកនយោបាយ​ឡើយ។ ការបដិសេធ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​លោក សៅ រ៉ានី អគ្គលេខាធិការ​គណបក្ស នរោត្តម រណឫទ្ធិ បាន​សរសេរ​លិខិត​ស្នើសុំ​ព្រះអង្គ​ឲ្យ​ឈប់សម្រាក​ពី​ឆាកនយោបាយ​ ដើម្បី​បើកឱកាស​ឲ្យ​លោក​បាន​បង្រួបបង្រួម​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច របស់លោក​ញ៉ឹក ប៊ុនឆៃ។

ប៉ុន្តែ ពេលនេះ​ស្រាប់តែ​ព្រះអង្គ​សម្រេច​ព្រះទ័យ​​លាឈប់​ពី​ឆាកនយោបាយ​ទៅវិញ។ ហេតុផល​ដែល​ព្រះអង្គ​លើក​មក​ពន្យល់​នៅពេលនេះ​ គឺ​ដោយសារតែ​ទ្រង់​យល់ឃើញ​ថា របប​រាជានិយម​នៅ​កម្ពុជា​បច្ចុប្បន្ន កាន់តែ​រឹងមាំ​ក្រោម​ការការពារ​ដោយ​រដ្ឋធម្មនុញ្ញ​ និង​ដោយ​រដ្ឋាភិបាល ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ សម្តេចក្រុមព្រះ​បាន​បញ្ជាក់ថា ព្រះអង្គ​នឹង​វិល​ទៅ​បំពេញ​កិច្ចការ​មនុស្សធម៌ និង​សង្គមកិច្ច ជាមួយ​ព្រះមហាក្សត្រ នៅក្នុង​ព្រះបរមរាជ​វាំង​វិញ។

សម្តេចក្រុមព្រះ​ធ្លាប់បាន​លាឈប់​ពី​នយោបាយ​ម្តង​ហើយ កាលពី​ចុងឆ្នាំ២០០៨ ដើម្បី​ទៅ​ទទួល​តួនាទី​ជា​ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ ព្រះមហាក្សត្រ។ ប៉ុន្តែ មិនយូរប៉ុន្មាន ព្រះអង្គ​ក៏បាន​វិល​ចូល​ឆាកនយោបាយ​ឡើងវិញ។

ការប្រកាស​លាឈប់​ពី​ឆាកនយោបាយ​របស់​សម្តេច​ក្រុមព្រះ​នៅពេលនេះ បាន​ធ្វើឡើង​ខណៈដែល​គ​ណ​បក្ស​របស់​ទ្រង់​កំពុង​បែកបាក់​យ៉ាងខ្លាំង​ ជុំវិញ​ការបង្រួបបង្រួម​អ្នករាជានិយម។ លោក សៅ រ៉ានី ដែលជា​គូទំនាស់​ជាមួយ​សម្តេចក្រុមព្រះ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅថ្ងៃនេះ​ថា លោក​អរគុណ​ចំពោះ​ការសម្រេច​ព្រះទ័យ​របស់​សម្តេចក្រុមព្រះ និង​ចាត់ទុក​ការលាឈប់​នេះ​ថា​បាន​បើកផ្លូវ​ឲ្យ​ការបង្រួបបង្រួម​ អ្នករាជានិយម​កាន់តែ​លឿន​ទៅមុខ។

ប៉ុន្តែ មន្ត្រី​ដែលមាន​ភក្តីភាព​ជាមួយ​សម្តេចក្រុមព្រះ មិនបាន​ទៅ​ចូលរួម​ក្នុងការ​បង្រួបបង្រួម​អ្នករាជានិយម​នេះ​ទេ។ លោក ប៉ែន សង្ហា អ្នកនាំពាក្យ គណបក្ស នរោត្តម រណ​ឫ​ទ្ធិ បាន​ប្រាប់​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា រូបលោក​ផ្ទាល់ ក៏ដូចជា​មន្ត្រី​គណបក្ស​នរោត្តម រណ​ឫ​ទ្ធិ ជាច្រើន​ទៀត​ដែរ​កំពុង​ដាក់ពាក្យ​លាឈប់​ពី​គណបក្ស។ លោក ប៉ែន សង្ហា បញ្ជាក់ថា រូបលោក និង​មន្ត្រី​ដែលមាន​ភក្តីភាព​ជាមួយ​សម្តេចក្រុមព្រះ​នឹងមិន​ចូលរួម​ចលនា​ រាជានិយម​ណា​ដែល​គ្មាន​សម្តេចក្រុមព្រះ​នោះឡើយ៕cam news
—————————————-

0 comments

Post a Comment

Featured Posts

Video Post