ភ្នំពេញ: អ្នកនាំពាក្យ​គណបក្ស​នរោត្តមរណឫទ្ធិ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១២​នេះ បាន​ឲ្យ​ដឹងថា លោក ឈឹម សៀកឡេង ប្រធានស្តីទី​គណបក្ស​ន​រោ​ត្ត​ម​រណឫទ្ធិ បានរៀបចំ​ដាក់ពាក្យ​ បណ្តឹង ប្តឹង​ទាស់​នឹង​ដីកា​សម្រេច​រក្សា​ការពារ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១២ តប​តាម​បណ្ដឹង​ស្នើសុំ​រក្សា​ការពារ​តួនាទី​ភារកិច្ច និង​ត្រា​គណបក្ស​ជា​បណ្តោះ អាសន្ន របស់លោក សៅ រ៉ានី អគ្គលេខាធិការ និង​អគ្គលេខាធិការរង និង​សមាជិក​គណៈកម្មាធិការ​ អចិន្ត្រៃយ៍​គណបក្ស​នរោត្តម​រណឫទ្ធិ​។ ប៉ុន្តែ​បណ្ដឹង​ នេះ នៅ​មិនទាន់​រកបាន​មេធាវី​ដែល​ហ៊ាន​ការពារ​ក្ដី​នៅឡើយ​ទេ​។​
អ្នកនាំពាក្យ​គណបក្ស​នរោត្តមរណឫទ្ធិ លោក ប៉ែន សង្ហា បាន​មានប្រសាសន៍ថា ដោយបាន​ឃើញ​ដីកា​រក្សា​ការពារ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ គណបក្ស​នរោត្តមរណឫទ្ធិ ធ្វើការ​ប្តឹង​ទាស់​ទៅ​សាលាដំបូង នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១២ ឲ្យ​លុបចោល​ដីកា​សម្រេច​រក្សា​ការពារ ចុះ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១២​។​

​លោក ប៉ែន សង្ហា បាន​បញ្ជាក់ថា “​ដីកា​រក្សា​ការពារ​នេះ មិន​ផ្តល់​យុត្តិធម៌​ដល់​គណបក្ស​នរោត្តមរ​ណ​ឫទ្ធិ ដែល​ដឹកនាំ​ដោយ​សម្តេចក្រុមព្រះ​”​។ លោក​បន្តថា វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ លក្ខន្តិកៈ​គណបក្ស និង​ប៉ះពាល់​ដល់​សិទ្ធិ​ស្វ័យ​សម្រេច របស់​ព្រះប្រធាន​គណបក្ស​នរោត្តម​រណឫទ្ធិ​។​

​លោក ប៉ែន សង្ហា បាន​បន្ថែមថា ចំពោះ​ពាក្យបណ្តឹង​នេះ គណបក្ស​បានធ្វើ​ហើយ​តាំងពី​ល្ងាច​ថ្ងៃទី​២៦ ខែកក្កដា ប៉ុន្តែ​ដោយសារ​តែមាន​បញ្ហាលំបាក ក្នុងការ​ស្វែងរក​មេធា​វី​ដើម្បី​ការពារ ពីព្រោះថា​មេធាវី​ជាច្រើន​មិន​ហ៊ាន​ការពារ​ក្តី​ឲ្យ​ទេ ដោយសារតែ​គាត់​បារម្ភ និង​ខ្លាច​បាត់បង់​អាជីព​។ នេះ​ជា​បរិបទ​នយោបាយ​មួយ​ដែលជា​ការលំបាក ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ យើង​នឹង​ប្រឹងប្រែង​រក​មេធាវី បើ​រក​មិនបាន យើង​នឹងធ្វើ​ការតស៊ូ​ក្តី​ដោយ​មិនមាន​មេធាវី​។​

​ដោយឡែក លោក សៅ រ៉ានី អគ្គលេខាធិការ​គណបក្ស​នរោត្តមរណឫទ្ធិ បាន​មានប្រសាសន៍ថា ចំពោះ​ការប្តឹងតវ៉ា ឬ​មិន​ប្តឹងតវ៉ា ជា​សិទ្ធិ​របស់​គណបក្ស​។ ចំពោះ​ដីកា​សម្រេច​រក្សា​ការពារ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១២ លោក​បានស្នើ​សុំ​ឲ្យ​អនុវត្ត​ដីកា​សម្រេច​រក្សា​ការពារ​នេះហើយ​។ លិខិតស្នើ​នោះ លោក​បាន​ដាក់ចូល​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១២​។​

​សូមជម្រាបថា បណ្ដឹងសុំ​រក្សា​ការពារ​តួនាទី និង​ភារកិច្ច របស់លោក សៅ រ៉ានី ដែល​បានដាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១២ គឺ​បន្ទាប់​មាន​សេចក្ដីសម្រេច របស់​ប្រធាន​គណបក្ស​នរោត្តមរណឫទ្ធិ កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១២ បញ្ចប់​តួនាទី​ភារកិច្ច ពី​តំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការរង និង​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​។ ដូច្នេះហើយ ទើប​លោក​មាន​វិធានការ​ឆ្លើយតប​តាមផ្លូវ​ច្បាប់ និង​ដាក់​បណ្ដឹង​មក​តុលាការ បង្កក​នយោបាយ​របស់​គណបក្ស​នរោត្តមរណឫទ្ធិ និង​សុំ​ឲ្យ​តុលា​ការចេញ​ដីកា​រក្សា​ការពារ​ទៅតាម​ផ្លូវច្បាប់​៕ ដោយ: លីនណា (CEN.COM.KH)

Add comment

0 comments

Post a Comment

Featured Posts

Video Post