ដោយ ប៉ែន បូណា
RFI
គណបក្សសិទ្ធិមនុស្សដែលដឹកនាំដោយលោក កឹម សុខា បានបើកអង្គសមាជក្រុមប្រឹក្សាជាតិលើកទី២របស់ខ្លួននៅ ព្រឹកថ្ងៃអាទិត្យនេះដើម្បីប្រកាសពីការរួបរួមជាមួយគណបក្ស សម រង្ស៊ី។ នៅចំពោះមុខអ្នកចូលរួមរាប់ពាន់នាក់រួមទាំងតំណាងមកពី គណបក្សសម រង្ស៊ីផងនោះ លោក កឹម សុខា បានប្រកាសថា គណបក្សប្រឆាំងទាំងពីរនឹងរួមគ្នាដើម្បីផ្លាស់ប្តូរអ្នក ដឹកនាំប្រទេសក្នុងការបោះឆ្នោតឆ្នាំ ២០១៣ ខាងមុខនេះ។ ប៉ុន្តែ គណបក្សកាន់អំណាចអះអាងថាមិនព្រួយបារម្ភអំពីបញ្ហានេះទេ។
បើទោះបីជាការរួមបញ្ចូលគ្នានៃគណបក្សប្រឆាំងទាំងពីរកំពុងប្រឈមនឹង ឧបសគ្គជាច្រើនក៏ដោយ ក៏លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស មិនញញើតនឹងប្រកាសប្រាប់សមាជិករបស់ខ្លួននៅថ្ងៃនេះអំពីជោគជ័យ និងការរំពឹងទុកដ៏ធំធេងរបស់ខ្លួននោះដែរ។
ថ្លែងក្នុងអង្គសមាជក្រុមប្រឹក្សាជាតិលើកទី២របស់គណបក្ស សិទ្ធិមនុស្សនៅថ្ងៃអាទិត្យនេះនៅឯទីស្នាក់ការគណបក្សក្រុងភ្នំពេញ លោក កឹម សុខា បានពិពណ៌នាអំពីជោគជ័យដ៏ធំធេងដែលគណបក្សប្រឆាំងទាំងពីរបាន ព្រមព្រៀងគ្នាបង្កើតគណបក្សថ្មីមួយនៅពេលខាងមុខនេះ។
នៅចំពោះមុខអ្នកចូលរួមប្រមាណជា ២០០០ នាក់ លោកកឹមសុខា បានប្រកាសជាឧឡារឹកថាគណបក្សប្រឆាំងទាំងពីរនឹងរួមគ្នាដើម្បី ផ្លាស់ប្តូរនាយករដ្ឋមន្ត្រីតាមរយៈការបោះឆ្នោតនាឆ្នាំក្រោយនេះ។ ប្រធានគណបក្សសិទ្ធិមនុស្សបានថ្លែងទៀតថាការរួបរួមគ្នានេះ គឺជាការឆ្លើយតបទៅនឹងក្តីប្រាថ្នារបស់ពលរដ្ឋកម្ពុជា ដែលចង់ឃើញការចាប់ដៃរវាងគណបក្សប្រឆាំងទាំងពីរ។ បើតាមលោកកឹម សុខា ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលបង្កើតឡើងដោយគណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ី នៅពេលនេះគឺដើម្បីឈានទៅបង្កើតគណបក្សថ្មីដែលមានបញ្ជីឈ្មោះរួម គ្នាសម្រាប់ការបោះឆ្នោតឆ្នាំ២០១៣ ខាងមុខ។
គួរកត់សម្គាល់ថា មន្ត្រីជាន់ខ្ពស់គណបក្សសម រង្ស៊ីជាច្រើនរូបក៏មានវត្តមាននៅក្នុងអង្គសមាជនេះដែរក្នុងនោះ មានដូចជា លោក យឹម សុវណ្ណ និងលោកស្រីមួរ សុខហួរ ជាដើម។ អង្គសមាជនេះក៏ជាឱកាសដែលលោកកឹម សុខាបានប្រកាសពីកំណើននៃការគាំទ្រគណបក្សរបស់លោកដែលកាលពីបង្កើត ដំបូងមានសំឡេងគាំទ្រតែ២សែននាក់ ប៉ុន្តែ បច្ចុប្បន្ន សំឡេងគាំទ្រគណបក្សសិទ្ធិមនុស្សបានកើនដល់ជិត៦សែននាក់។
លោកសម រង្ស៊ី និងលោកកឹម សុខា បានជួបប្រជុំគ្នាកាលពីដើមសប្តាហ៍នេះនៅទីក្រុងម៉ានីលប្រទេស ហ្វីលីពីនដើម្បីចរចាគ្នាអំពីលទ្ធភាពបង្កើតគណបក្សប្រឆាំងថ្មីមួយ។ ក្រោយពីជំនួបរយៈពេលពីរថ្ងៃ គណបក្សទាំងពីរក៏បានប្រកាសពីកិច្ចព្រមព្រៀងគ្នាថានឹងបង្កើត គណបក្សថ្មីមួយក្នុងពេលឆាប់ៗនេះ។ ក៏ប៉ុន្តែ ការរួមគ្នាជាគណបក្សតែមួយរបស់ក្រុមប្រឆាំងមិនបានធ្វើឲ្យគណបក្ស ប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច និងដែលមានសំឡេងភាគច្រើនលើសលប់នៅក្នុងរដ្ឋសភានោះព្រួយបារម្ភ ឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រកាសជាសាធារណៈកាលពីពេលថ្មីៗកន្លងទៅនេះថា ការបូកបញ្ចូលគ្នារវាងគណបក្សប្រឆាំងទាំងពីរមិនបានស្មើនឹងមួយ ចំណែកតូចនៃសំឡេងគាំទ្រគណបក្សកាន់អំណាចនោះផងទេ។ គណបក្សប្រជាជនកម្ពុជាក៏បានរំពឹងទុកជាស្រេចដែរថាខ្លួននឹងទទួល ជោគជ័យកាន់តែច្រើនថែមទៀតក្នុងការបោះឆ្នោតឆ្នាំ២០១៣ខាងមុខនេះបើ ទោះបីជាបក្សប្រឆាំងរួមគ្នាជាគណបក្សតែមួយក៏ដោយ៕cam news
គណបក្សសិទ្ធិមនុស្សបើកសមាជប្រកាសជោគជ័យនៃការរួបរួមបក្សប្រឆាំង
Posted by
Email:knewdaynews@yahoo.com
Sunday, July 22, 2012
0 comments