លោក ​ហ៊ុន សែន​ និង​លោក​ស្រី​ យីង​ឡាក់ នៅ​ក្នុងខេត្ត​សៀម​រាប​។ រូបថត ហេង ជី​វ័នភ្នំពេញៈ ក្នុង​ពេល​មាន​ភាព​ចម្រូង​ ចម្រាស ជុំវិញ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​បាន​គ្រប​ដណ្តប់ ​ជំនួប​ប្រជុំ​កំពូល​ អាស៊ាន ​កាល​ពី​សប្តាហ៍​មុន ប្រទេស​កម្ពុជា​ បាន​បង្វែរ​ការ​ចាប់​អារម្មណ៍​ អវិជ្ជមាន​យ៉ាង​ហោច​ណាស់ ​បាន​មួយ ចំណែក​ តាម​រយៈ​ការ​ធ្វើ​ការ​ចរចា​ដក​កង​ ទ័ព​ ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ។
ក្នុងដំណើរ​វិវត្ត​ដ៏​ធំ លើ​បញ្ហា​តំបន់​វិវាទ ​នៅ​ប្រាសាទ​ព្រះវិហារ ចាប់​តាំង​ពី​តុលាការ​ជាន់​ខ្ពស់​បំផុត​ នៃ​អង្គការ​សហ​ប្រជាជាតិ​ បាន​បង្គាប់​ឲ្យ​កម្ពុជា និង​ថៃ​ ដក​កងទ័ព​ចេញ​ពី​តំបន់​គ្មាន​យោធា​បណ្តោះ​អាសន្ន កាល​ពី​ឆ្នាំ​ទៅ រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ បាន​ប្រកាស​ពី​ការ​ដក​កងទ័ព​ទៅ​វិញ​ទៅ​មក កាល​ពី​ថ្ងៃ​សុក្រ​។

ប្រទេស​ទាំង ២ គ្រោង​នឹង​ដក​កងទ័ព​នា​ថ្ងៃ​ទី ១៨ ខែ​កក្កដា​ខាន​ស្អែក​នេះ គឺ​រយៈ​ពេល​មួយ​ឆ្នាំ​គត់​ ក្រោយ​តុលាការ​អន្តរជាតិ បង្គាប់​ឲ្យ​ពួក​គេ ធ្វើ​បែប​នេះ​ជា​បន្ទាន់។
លោក ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​ថា ក្រោយ​ជំនួប​ជាមួយ​សម​ភាគី​ថៃ​របស់​លោក ​នា​ថ្ងៃ​នោះ​ គឺ​លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត្រា កិច្ច​ព្រម​ព្រៀង​ជា​គោល​ការណ៍​ ត្រូវ​បាន​សម្រេច​ឡើង​ ក្នុង​ការ​ដក​កងទ័ព​ចេញ​ពី​តំបន់​គ្មាន​យោធា​បណ្តោះ​អាសន្ន ១៧,៣ គីឡូ​ម៉ែត្រ​ការ៉េ។ លោក​មាន​ប្រសាសន៍​ថា៖​«ខ្ញុំ​សូម​ធ្វើ​ការ​សង្កត់​ធ្ងន់​ថា បញ្ហា​នេះ​ ជា​ឆន្ទៈ​នៃ​ភាគី​ទាំង ២ ដែល​ចង់​ធ្វើ​ឲ្យ​បរិយាកាស​ស្ងប់ស្ងាត់ និង​ធ្វើ​ឲ្យ​ប្រជាជន​ទទួល​បាន​ប្រយោជន៍​ពី​នេះ»។
រដ្ឋាភិបាល​កម្ពុជា ​ បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​យល់​ព្រម​ធ្វើ​ការ​ដក​កងទ័ព ៤៨៥ រូប​ ពី​តំបន់​គ្មាន​យោធា​បណ្តោះ​អាសន្ន ១៧,៣ គីឡូម៉ែត្រ​ការ៉េ និង​ដាក់​ជំនួស​ពួក​គេ​នូវ​កម្លាំង​នគរបាល ២៥៥ រូប និង​ឆ្មាំ ១០០ រូប​។ នេះ​បើ​តាម​ សេចក្តី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​សៅរ៍។ សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា៖​«នេះ​ជា​ជំហាន​ដំបូង​នៃ​ការ​ដក​កង​ កម្លាំង​ប្រដាប់​អាវុធ​ចេញ​ពី​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ ដែល​ស្ថិត​នៅ​ផ្សារ​ជណ្តើរ​នាគ ជណ្តើរ​បុរាណ​ខាង​ជើង ជណ្តើរ​បុរាណ​ខាង​កើត និង​វត្ត​កែវ​សិក្ខាគិរីស្វារៈ»។
រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ កម្ពុជា លោក ទៀ បាញ់ បាន​ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​នៅ​ខាង​ក្រៅ​ជំនួប​ប្រជុំ​ក្នុង​ខេត្ត​ សៀមរាប​ថា ការ​ដក​កងទ័ព​នេះ​ អាច​ធ្វើ​ឡើង​ដោយ​ពុំ​ចាំបាច់​មាន​វត្ត​មាន​អ្នក​សង្កេត​ការណ៍​ឥណ្ឌូនេស៊ី ដែល​គ្រោង​នឹង​មក​ធ្វើ​ការ​ត្រួត​ពិនិត្យ​ដំណើរ​ការ​នេះ​ទេ​។
លោក​ ស្រី យីងឡាក់ បាន​ថ្លែង​ថា មិន​ថា​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​រុង​រឿង​យ៉ាង​ណា​ទេ​ នៅ​ក្នុង​តំបន់​អាស៊ាន ប្រជាជន​ត្រូវ​ការ​អាច​ធ្វើ​ដំណើរ​ដោយ​សេរី ដោយ​ពុំ​មាន​ជម្លោះ។ លោក​ស្រី​គូស​បញ្ជាក់​ថា៖​«ដូច្នេះ វា​សំខាន់​ដែល​យើង និង​អាស៊ាន​រីក​ចម្រើន​រួម​គ្នា និង​បន្ត​គាំទ្រ​សន្តិភាព។ ហេតុ​នេះ​អាទិភាព​សម្រាប់​អាស៊ាន​ គឺ​ជំរុញ​ទំនាក់​ទំនង​ក្នុង​តំបន់​[ដោយ]​ដើរ​តួ​ស្មើ​គ្នា លើ​គ្រប់​វិស័យ​»។
អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ថៃ លោកថានី ថុងភក្តី បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ប្រទេស​លោក​ ក៏​នឹង​ធ្វើ​ការ​ដក​កង​ទ័ព​ចេញ​ដែរ តែ​មិន​អាច​បញ្ជាក់​លម្អិត​លើ​ចំនួន​កង​ទ័ព​ដែល​ត្រូវ​ដក​បាន​ទេ។ លោក​បាន​ថ្លែង​ថា៖​«តាម​ការ​យល់​របស់​ខ្ញុំ​គឺ​ថា រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​នឹង​ធ្វើ​ការ​ជួប​ប្រជុំ​គ្នា​ ជាមួយ​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​ដើម​សប្តាហ៍​នេះ​ដើម្បី​រៀបចំ​ផែនការ​ លម្អិត​នៃ​ការ​ដក​កងទ័ព​ចេញ​របស់​ភាគី​ថៃ»។
កិច្ច​ព្រមព្រៀង​ទ្វេ​ ភាគី​ បាន​ធ្វើ​ឡើង​មួយ​សប្តាហ៍​ ពេល​ប្រទេស​កម្ពុជា​ ដែល​ជា​ម្ចាស់​ផ្ទះ​រៀបចំ​វេទិកា​ថ្នាក់​តំបន់​អាស៊ាន​រង​នូវ​ការ​រិះគន់ យ៉ាង​ខ្លាំង​ចំពោះ​បរាជ័យ​នៃ​រដ្ឋ​សមាជិក​ទាំង​១០​មិន​អាច​ឯកភាព​គ្នា​បាន​ លើ ផ្នែក​ដែល​និយាយ​អំពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ក្នុង​សេចក្តី​ប្រកាស រួមនោះ។
កម្ពុជា​ត្រូវ​បាន​ចោទ​ថា​ បាន​ខំ​ប្រឹង​ទប់​យ៉ាង​ខ្លាំង ក្នុង​ការ​ចរចា​សេចក្តី​ប្រកាស​រួម​នោះ និង​ក្រម​ប្រតិបត្តិ​ ជា​កាតព្វកិច្ច សម្រាប់​ដោះស្រាយ​ជម្លោះ​ នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​សម្បូណ៌​ធនធាន​ប្រេង ដោយ​ផ្តល់​ប្រយោជន៍​ទៅ​ដល់​ប្រទេស​ចិន​ដែល​បាន​ទាមទារ​អធិបតេយ្យភាព លើ​ដែន​ទឹក​ភាគ​ច្រើន។
ដោយ​ស្រង់​សម្តី​ពី​មន្ត្រី​ការ​ទូត​អនាមិក​ ម្នាក់ កាសែត​ឌឹញូវយ៉ក​ថែមស៍ បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង បាន​ដើរ​ចេញ​នៅ​ក្នុង​ការ​ចរចា នៅ​នាទី​ចុង​ក្រោយ​ដោយ​មិន​បាន​បញ្ចប់​ច្បាប់​ព្រាង​ចុង​ក្រោយ ​និយាយ​អំពី​ជម្លោះ​ដែន​ទឹក​ នៅ​សេចក្តី​ប្រកាស​នោះ​ឡើយ។ មន្ត្រី​ការ​ទូត​នោះ​ បាន​ថ្លែង​ប្រាប់​កាសែត​ឌឹញូវយ៉ក​ថែមស៍​ថា៖​ «ប្រទេស​ចិន ​បាន​ទិញ​[ទឹក​ចិត្ត]​ប្រធាន និយាយ​សាមញ្ញ​ទៅ​វា​អ៊ីចឹង»។
សង្គ្រាម ​ពាក្យ​សម្តី​បាន​ផ្ទុះ​ឡើង​រវាង​កម្ពុជា និង​ហ្វីលីពីន​ កាល​ពី​ថ្ងៃ​សុក្រ ដោយ​ហ្វីលីពីន​បាន​ចោទ​ប្រធាន​អាស៊ាន​បច្ចុប្បន្ន​ថា​ បាន​រារាំង​កិច្ច​ខិតខំ​ប្រឹងប្រែង ​របស់​ពួក​គេ​ ក្នុង​ការ​បញ្ចូល​បញ្ហា​ប្រជុំ​កោះ​ដែល​ពួក​គេ​មាន​ជម្លោះ​ទឹក​ដី​ ជាមួយ​ចិន​ ដែល​គេ​ស្គាល់​ថា​ ដែន​ទឹក Scarborough ទៅ​ក្នុង​សេចក្តី​ប្រកាស​រួម​នោះ។
ប្រទេស​កម្ពុជា​ បាន​វាយ​បក​ហ្វីលីពីន​វិញ ដោយ​លោក ហោ ណាំហុង បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​សុក្រ​ថា សេចក្តី​ប្រកាស​រួម​នេះ​ មិន​គួរ​ត្រូវ​បាន​គេ​យក​ធ្វើ​ជា​ចំណាប់​ខ្មាំង​ ដោយ​ប្រទេស​មួយ​ចំនួន​ ដែល​ព្យាយាម​បញ្ចូល​បញ្ហា​ដែន​ទឹក ​ជា​ពិសេស​នោះ​ទេ។ លោក​បាន​គូស​បញ្ជាក់​ថា៖​«ប្រទេស​មួយ​ចំនួន​នៅ​តែ​បន្ត​ទទូច​ ក្នុង​ការដាក់​បញ្ចូល​បញ្ហា​ដែន​ទឹក Scarborough ដែល​ជា​វិវាទ​ទ្វេ​ភាគី​ រវាង​ហ្វីលីពីន និង​ចិន»។ លោក​បន្ថែម​ថា ជា​គោលការណ៍ កម្ពុជា​មិន​ជ្រៀត​ជ្រែក​ចូល​ក្នុង​បញ្ហា​ជម្លោះ​ទ្វេ​ភាគី​រវាង​រដ្ឋ​ សមាជិក​ទេ។
ទោះ​បី​ជំនួប​អាស៊ាន​កំពូល​នេះ​ ពុំ​បាន​ចេញ​ជា​សេចក្តី​ប្រកាស​រួម​ជា​លើក​ដំបូង​ ក្នុង​ប្រវត្តិ​សាស្ត្រ​រយៈ​ពេល ៤៥ ឆ្នាំ​របស់​ខ្លួន​ក្តី សមាស​ភាគ​សំខាន់ៗ​នៃ​ក្រម​ប្រតិបត្តិ​ត្រូវ​បាន​ចរចា ជា​ភាព​ជឿន​លឿន​បន្ត​ នៃ​សេចក្តី​ប្រកាស​នៃ​ការ​ប្រតិបត្តិ​ ដែល​មិន​មុត​ស្រួច​ចុះ​ហត្ថលេខា​ ដោយ​អាស៊ាន និង​ចិន​តាំង​ពី​ឆ្នាំ ២០០២។
ចំណុច​សំខាន់ៗ​លម្អិត​ក្រៅ​ ផ្លូវ​ការ​ នៃ​ក្រម​ប្រតិបត្តិ​ បាន​លើក​ឡើង​ថា ប្រទេស​សមាជិក​ទាំង ១០ បាន​ឯកភាព​គ្នា​ថា បើ​ការ​សម្រុះ​សម្រួល​បរាជ័យ ជម្លោះ​នោះ​ អាច​ត្រូវ​លើក​យក​ទៅ​ដោះស្រាយ​ទៅ​តាម​ច្បាប់​អន្តរ​ជាតិ។
វា​រួម​មាន​ ការ​ប្រកាន់​ខ្ជាប់​ទៅ​នឹង​សន្ធិ​សញ្ញា​របស់​អង្គការ​សហប្រជាជាតិ​ ស្តី​ពី​ច្បាប់​សមុទ្រ​ដែល​យ៉ាង​ណា​ក៏​ដោយ​ ពុំ​អាច​ប្រើ​សម្រាប់​ការ​ទាមទារ​អធិបតេយ្យ​លើ​ប្រជុំ​កោះ​នោះ​ឡើយ។
វា ​ក៏​បាន​បង្គាប់​ឲ្យ​ប្រទេស​ហត្ថលេខី​គោរព និង​ប្រកាន់​ខ្ជាប់​តាម​អនុសញ្ញា​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​បាន​បង្កើត​ជា​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ថ្នាក់​រដ្ឋ​មន្ត្រី​អាស៊ាន ឡើង ដើម្បី​សម្រុះ​សម្រួល​ទំនាស់ និង​ត្រូវ​បាន​ធ្វើ​សច្ចាប័ន ដោយ​ប្រទេស​ចិន​ក្នុង​ឆ្នាំ ២០០៣។
ប៉ុន្តែ​ដោយ​មិន​ជ្រើសរើស​យក​ វិធីសាស្ត្រ​ពហុភាគី ចិន​ចង់​ធ្វើ​ការ​ចរចា​ទ្វេ​ភាគី​ ជាមួយ​ប្រទេស​ទាមទារ​អធិបតេយ្យភាព​នីមួយៗ​ដោយ​ផ្ទាល់​ ដែល​ក្នុង​តំបន់​អាស៊ាន​នេះ​រួម​មាន​ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និង​ប្រ៊ុយណេ។
លោក Carlyle Thayer សាស្ត្រាចារ្យ​ចូល​និវត្តន៍​ នៃ​សាកល​វិទ្យាល័យ​ញូវសោត​វេសល៍​ថ្លែង​ថា កិច្ច​ព្រមព្រៀង​លើ​បញ្ហា​ប្រាសាទ​ព្រះវិហារ​នឹង​ប៉ះ​ប៉ូវ​រូប​ភាព អាក្រក់​ដែល​កម្ពុជា​រង​នូវ​ការ​ចោទ​ពី​ទង្វើ​របស់​ខ្លួន​ក្នុង​អំឡុង​ពេល​ ប្រជុំ​នោះ​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ​។ លោក​បន្ត​ថា៖​«អត្ថន័យ​បង្កប់​ នៃ​សារ​នោះ គឺ​យើង​មាន​វិវាទ​យើង​ដោះស្រាយ​វា​ដោយ​ខ្លួន​ឯង និង​យើង​មិន​ត្រូវ​ការ​អ្នក​ខាង​ក្រៅ​ទេ»​។ យ៉ាង​ណា​ក្តី លោក​បាន​កត់​សម្គាល់​ថា កិច្ច​ព្រមព្រៀង​នោះ​អនុវត្ត​ទៅ​តាម​ការ​សម្រេច​របស់​តុលាការ​អន្តរជាតិ​។ ប៉ុន្តែ លោក Thayer ថ្លែង​ថា ហ្វីលីពីន​ប្រហែល​មិន​ទុក​ចិត្ត​កម្ពុជា ដែល​បាន​គំរាម​ដើរ​ចេញ​ពី​ជំនួប​ប្រជុំ​ កាល​ពី​សប្តាហ៍​មុន​ជា​ពិសេស​ជា​រៀង​រាល់​ពេល ​ដែល​ពួក​គេ​ព្យាយាម​បញ្ចូល​ជំហរ​របស់​ពួក​គេ​ លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​៕ ដោយៈ ជាង សុខា និង David Boy​le (ភ្នំពេញប៉ុស្តិ៍)

0 comments

Post a Comment

Featured Posts

Video Post